មួយរយៈចុងក្រោយនេះ នាងទឹម រដ្ឋា មានទឹកមុខហាក់ស្រស់ថ្លាឡើងវិញហើយ បន្ទាប់ពីរងការឈឺផ្សាជាង២ឆ្នាំ ដោយសារតែសង្សារប៉ាគីស្ថាន នោះ។ ប៉ុន្តែ មិនថ្វីឡើយគេថា ស្រីស្អាតមិនខ្វះប្រុសស្រលាញ់ ពិតជាមិនខុសមែន ហើយពេលនេះ រដ្ឋា បានលេងមួយក្បាច់បញ្ឈឺសង្សារចាស់វិញនោះ គឺការជ្រើសប្រុសស្នេហ៍ថ្មីជាប្រុសបរទេសទៀត ទើបធ្វើឱ្យលោក Zak Ky ស្តាយក្រោយជាខ្លាំង។
តាមប្រភពបានឱ្យដឹងថា ទឹម រដ្ឋា ចង់រៀបការជាមួយសង្សារថ្មី ជនជាតិអូស្ត្រាលីនេះ ដើម្បីកុំឱ្យចំណងស្នេហ៍ប្រេះឆាជាថ្មីម្តងទៀត នាំតែខ្មាសគេ ទើបធ្វើឱ្យរដ្ឋា ចង់សុំលាភាពក្រមុំត្រឹមចុងឆ្នាំ២០១៦នេះ។
ក្នុងជំនួបជាមួយទឹម រដ្ឋា កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ តារាខ្ពស់ស្រឡះ រូបនេះ បានឱ្យដឹងថា ឥឡូវនេះមិនដឹងជាម៉េចទេ ឃើញគេស្លៀកឈុតកូនក្រមុំ ចេះតែមានអារម្មណ៍ថា ដូចចង់រៀបការ ច្រណែនគេ ហើយចង់ដូចគេដែរ។
ទឹម រដ្ឋា និយាយថា “បើនិយាយពីរឿងចង់រៀបការវិញ គឺសុំសារភាពថា ពេលនេះមិនដឹងជាម៉េចទេ ព្រោះឃើញគេរៀបការ ចេះតែច្រណែនគេ ហើយចិត្តខ្លួនឯងចង់ដូចគេដែរតើ! តែខ្ញុំមិន ច្បាស់ថារៀបការហ្នឹងពេលណាទេ ចាំមើលសិន ព្រោះយើងត្រូវការពិនិត្យឱ្យបានច្បាស់លាស់សិន។ ម៉្យាងទៀត ឥឡូវកំពុងមានការងារសិល្បៈច្រើន អីចឹងរឹតតែមិនទាន់អាចទេ”។
ការសម្រេចចិត្តជ្រើសរើសសង្សារថ្មីជាប្រុសអូស្ត្រាលី របស់ទឹម រដ្ឋា នៅពេលនេះ គឺខុសពីមុន ព្រោះរដ្ឋា លែងហ៊ានបណ្តើរសង្សារជាចំហឡើយ ព្រោះខ្លាចដើរជាន់ដានចាស់ទៀតនាំតែខ្មាសគេ ទើបជ្រើសផ្លូវលាក់មុខប្រុសស្នេហ៍។ ប៉ុន្តែ អំឡុងពេលមានសង្សារថ្មីនេះ រដ្ឋា ក៏មានរាសីឡើងដែរ បានថតភាពយន្តថ្មីៗ ជាបន្តបន្ទាប់តែម្តង ទើបតារាមួយចំនួនធ្លោយមាត់ថា រដ្ឋា មានសង្សារថ្មីរាសីឡើង៕