ភ្នំពេញ៖ អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាងពេជ្រ ច័ន្ទបូរមី និងស្វាមីរបស់អ្នកនាងបានប្រតិកម្មទៅនឹងព័ត៌មានដែលចុះផ្សាយថា អ្នកនាងទាមទារលែងលះស្វាមីដោយអ្នកនាងបានបដិសេធយ៉ាងដាច់អហង្ការថា ជាព័ត៌មានមិនពិត និងមានចរិតមួលបង្កាច់បរិហារកេរ្តិ៍បំផ្លាញសុភមង្គលគ្រួសារអ្នកនាង និងស្វាមី។ គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាងពេជ្រ ច័ន្ទបូរមី និងស្វាមី បន្ទាប់ពីគេហទំព័រសារព័ត៌មាន “នគរធំ” និងបណ្តាញព័ត៌មានបានចុះផ្សាយមួយចំនួនព័ត៌មាន តាមប្រភពមិនច្បាស់ការមួយចំនួន កាលពីពេលកន្លងមកថ្មីៗនេះ អ្នកនាងពេជ្រ ច័ន្ទបូរមី ទាមទារលែងលះស្វាមី បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមមួយចំនួនមក ហើយដោយសារអ្នកយកព័ត៌មានមិនអាចទាក់ទងសុំយោបល់ឆ្លើយតប និងការបញ្ជាក់បំភ្លឺពីអ្នកនាងពេជ្រ ច័ន្ទបូរមី និងលោកកែវ វ៉ាន់ថន ជាស្វាមី របស់អ្នកនាងបាន នៅពេលនោះ ទើបមិនមានការអះអាងណាមួយថា ព័ត៌មានលេចឮទាំងនោះ ជាការពិតនោះទេ ទើបណៅពេលនេះ អ្នកនាងពេជ្រ ច័ន្ទបូរមី និងស្វាមី របស់អ្នកនាងបានផ្ញើលិខិតប្រតិកម្មឆ្លើយតប ដោយបានបដិសេធយ៉ាងដាច់អហង្ការថា ព័ត៌មានដែលបានចុះផ្សាយទាំងនោះពុំមែនជាការពិតទេ។ ដូច្នេះសារព័ត៌មាន “នគរធំ” មានការសាកស្តាយ និងអភ័យទោសចំពោះការចុះផ្សាយព័ត៌មានតាមប្រភពលេចឮមិនច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសុភមង្គលគ្រួសាររបស់អ្នកនាងពេជ្រ ច័ន្ទបូរមី និងស្វាមី ហើយសូមធ្វើការចុះផ្សាយទាំងស្រុង នូវលិខិតបំភ្លឺរបស់អ្នកនាងពេជ្រ ច័ន្ទបូរមី និងស្វាមី ដូចខាងក្រោម ៖
ជម្រាបជូន លោកនាយកនិពន្ធ សារព័ត៌មាននគរធំ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះសារព័ត៌មាននគរធំ ដែលជ្រើសយកការចុះផ្សាយជាបន្តបន្ទាប់ អំពីជីវិតឯកជននៃក្រុមគ្រួសាររបស់យើងខ្ញុំ ។ ក៏ប៉ុន្តែ ជាការកត់សម្គាល់ ខ្លឹមសារដែលបានចុះផ្សាយកន្លងមក នេះគឺគ្មានប្រភព និងមិនបានសាកសួរយើងខ្ញុំឡើយ។ ទង្វើនេះ ពិតជាប្រាស់ចាកសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង ។ នេះគឺជាចេតនា ក្នុងបទបរិហារបង្ខូចកេរ្តិ៍ជាសាធារណៈ និងការប្រមាថយ៉ាងអសីលធម៌ ។ យើងខ្ញុំមានការសោកស្តាយផង និងអាសូរផង ដែលលោកជ្រើសយករបរចិញ្ចឹមជីវិតមួយតាមរបៀបប្រមាថសុភមង្គលគ្រួសារអ្នកដទៃ ដោយអសីលធម៌បែបនេះ។ ទោះបីជាយ៉ាងណា ក្នុងភាពមនុស្សធម៌ និងភាពថ្លៃថ្នូរ ខ្ញុំនិងភរិយា មិនទាន់ជ្រើសយកវិធីងាយដោយប្តឹងទៅតុលាការចំពោះការចុះផ្សាយដោយអសីលធម៌នេះនៅឡើយទេ ទោះបីជាយើងខ្ញុំយល់ឃើញថា មានតែផ្លូវច្បាប់តាមរយៈតុលាការនេះ ដែលអាចជួយការពារភាពថ្លៃថ្នូរ ការពារកិត្តិយស និងការពារតម្លៃមនុស្សជាតិគ្រប់គ្នាក៏ដោយ ។ យើងខ្ញុំដឹងច្បាស់ថា វិធីប្តឹងទៅតុលាការ គឺគ្រួសារលោក និងកូនៗលោកទៅវិញទេ ដែលនឹងត្រូវលំបាក ឬគ្មានសុភមង្គលដោយសារតែលោកត្រូវប្រឈមនឹងផ្លូវច្បាប់ ដែលកើតចេញពីការចុះផ្សាយបរិហារកេរ្តិ៍គ្រួសារយើងខ្ញុំដោយអសីលធម៌នេះ។ ខ្ញុំសូមក្រើនរំលឹកថា សារព័ត៌មានរបស់មហាជនគួរជ្រើសរើសវិធីផ្សាយព័ត៌មានពិត ដែលមានតម្លៃ និងសេចក្តីថ្លៃថ្នូរ ជាជាងចុះផ្សាយខ្លឹមសារមួលបង្កាច់ អុជអាល បំភ្លៃបង្ខូចកិត្តិយស និងសុភមង្គលគ្រួសាររបស់អ្នកដទៃ ដែលសូម្បីលោក ប្រពន្ធលោក និងកូនរបស់លោកក៏ត្រូវការវាដែរនោះ។ ការបន្តចុះផ្សាយរបៀបនេះ ក៏ធ្វើឱ្យខូចដល់តម្លៃអ្នកសារព័ត៌មានដែលត្រឹមត្រូវផងដែរ។ យើងខ្ញុំសូមបញ្ជាក់ថា ចំពោះការចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើគេហទំព័រសារព័ត៌មាននគរធំ ដែលបានដាក់ចំណងជើងថា “ពេជ្រ ច័ន្ទបូរមី ទាមទារលែងប្តី” និងមានខ្លឹមសារអត្ថបទថា “បូរមី បានសុំចែកផ្លូវពីស្វាមីជាច្រើនលើកច្រើនសារ” នេះជាការមិនពិតទេ ហើយជាការអុជអាលជាការប្រមាថ និងជាការបរិហាកេរ្តិ៍ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសយើងខ្ញុំ ។ យើងខ្ញុំសូមបញ្ជាក់ថា ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ កំពុងរស់នៅយ៉ាងសុខដុមរមនាដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយសុភមង្គលក្នុងគ្រួសារពុំដូចការចុះផ្សាយបំភ្លៃនេះឡើយ ។ ជាការពិតណាស់ប្រទេសកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ គោរពសិទ្ធិបញ្ចោញមតិនឹងសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ។ អាស្រ័យហេតុនេះ ការទាមទាររបស់ខ្ញុំនិងភរិយាចំពោះសារព័ត៌មាននគរធំ ដែលបានផ្សាយបរិហារបង្ខូចកេរ្តិ៍ជាសាធារណៈនេះ គឺមាន២ចំណុច ដូចខាងក្រោម ៖ ១.ធ្វើលិខិតសុំទោសជាសាធារណៈ ២.ចុះផ្សារលិខិតនេះទាំងស្រុង ដើម្បីជាការកែតម្រូវ ។ សូមលោកនាយកនិពន្ធសារព័ត៌មាននគរធំ ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា ៕
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ហត្ថលេខា កែវ វណ្ណថន ពេជ្រ ច័ន្ទបូរមី