ស្របពេលដែលមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានលើកគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក២០៣៤ (World Cup) ដែលបានដាក់ក្នុងរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន ធ្វើឱ្យមានកង្វល់ជាច្រើនពាក់ព័ន្ធនឹងការរៀបចំពហុកីឡដ្ឋានសម្រាប់ទទួលការប្រកួត។

ទោះជាយ៉ាងណាក្តី បើយោងតាមប្រភពព័ត៌មាន Fox Sports ចេញផ្សាយកាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសអាស៊ានទាំង១០ អាចមានពហុកីឡដ្ឋានគ្រប់គ្រាន់សម្រាប់ការប្រកួត។

ដោយឡែក ប្រទេសកម្ពុជា ដែលសមាជិកអាស៊ានដែរនោះ មានពហុកីឡដ្ឋានជាតិ២ធំៗ សម្រាប់ទទួលការប្រកួតព្រឹត្តិការណ៍បាល់ទាត់២០៣៤ ប្រសិនបើប្រទេសក្នុងតំបន់នេះ ឈ្នះការដេញថ្លៃ។

ទី១-ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៤ អាចផ្ទុកទស្សនិកជនបានចំនួន៥០.០០០នាក់។
ទី២-ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងបើកដំណើរការសាងសង់ ហើយគ្រោងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ដើម្បីត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ អាចផ្ទុកទស្សនិកជនបានចំនួន៥៥០០០នាក់។

ចំណែកប្រទេសអាស៊ានដទៃទៀត ក៏មានពហុកីឡដ្ឋានជាតិធំៗសម្រាប់ទទួលការប្រកួតនេះដែរ។ ប្រទេសមីយ៉ាន់ម៉ា មានពហុកីឡដ្ឋានជាតិ ចំនួន១ ផ្ទុកទស្សនិកជន៣២០០០នាក់, ប្រទេសវៀតណាម មានពហុកីឡដ្ឋានជាតិ ចំនួន១ ដែលបើកសម្ពោធកាលពីឆ្នាំ២០០៣ ផ្ទុកទស្សនិកជនបាន៥៥០០០នាក់, ប្រទេសសិង្ហបុរី មានពហុកីឡដ្ឋានជាតិ ទើបសាងសង់ថ្មីកាលពីឆ្នាំ២០១៤ ផ្ទុកទស្សនិកជនបាន៥៥០០០នាក់។

ចំណែកប្រទេសថៃ មានពហុកីឡដ្ឋានជាតិ ចំនួន២, ម៉ាឡេស៊ី ចំនួន៣ និងឥណ្ឌូណេស៊ី ចំនួន៤ដែរ ប៉ុន្តែ ប្រទេសឡាវ ព្រុយណេ និងហ៊្វីលីពីន នឹងបាត់បង់ទទួលធ្វើម្ចាស់ផ្ទះ ប្រសិនបើពួកគេមិនអាចសាងសង់ហេដ្ឋានរចនសម្ព័ន្ធឱ្យបានល្អប្រសើរ មុនពេលព្រឹត្តិការណ៍នេះកើតឡើង៕