កណ្តាលៈ រថយន្តបែកដឹកដីបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកគូថរថយន្តក្រឡុកបេតុងពេញមួយទំហឹង បណ្តាលឲ្យរថយន្តបែនដឹកដីជ្រុលចង្កូតទៅបុកស្ត្រីម្នាក់កំពុងឈរក្បែរចិញ្ចើមផ្លូវស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិ អញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។
រថយន្តបង្កម៉ាកបុកស័រ ពណ៌ខៀវ ជាប្រភេទបែនដឹកដី ពាក់ស្លាកលេខភ្នំពេញ3A-4482 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលត្រូវបាន សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្រោយពីបើកបរបង្កហេតុបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត ។ រីឯរថយន្តក្រឡុកបេតុងម៉ាកFUSO ពណ៌ស ស្លាកលេខភ្នំពេញ5A-1075 ។ចំណែកឯស្ត្រីរងគ្រោះឈ្មោះ មួង ថន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអញ្ចែងលើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្តល ។
សាក្សីនិយាយថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេបានឃើញរថយន្តបែនដឹកដីមានផ្ទុកអាចម៍ដីពេញរថយន្ត បើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើង ទៅ ត្បូង ។ លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តក្រឡុកបេតុងដែលកំពុងបើកបរនៅខាងមុខ បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកស្ត្រីរងគ្រោះកំពុងឈរក្បែរចិញ្ចើមផ្លូវស្លាប់យ៉ាងអណោចអធ័មតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដី ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សិលា