Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា​មិន​ភ័យ​រឿង​ខ្វះ​ស្ករ​ត្នោត បំពេញ​តម្រូវ​ការ​បរទេស

កម្ពុជា​មិន​ភ័យ​រឿង​ខ្វះ​ស្ករ​ត្នោត បំពេញ​តម្រូវ​ការ​បរទេស

ជាមួយនឹងការប្រកាសថា នឹងរកចំណូលបានយ៉ាងហោច៥២ម៉ឺនដុល្លារ នៅឆ្នាំ២០១៦នេះដៃគូដែលប្រកាសនាំចូលស្ករត្នោតពីកម្ពុជាទៅកាន់ប្រទេសជាដៃគូនៅក្រៅប្រទេសក៏ប្រកាសដំឡើងស្ថិតិកុម្ម៉ង់ទិញផងដែរ ចាប់ពីពេលនេះរហូតដល់ចប់ឆ្នាំ២០១៦។ មានការបញ្ជាក់ថាកើនឡើងខុសគ្នាដាច់ឆ្ងាយកាន់តែប្រសើរបើធៀបនឹងស្ថិតិកុម្ម៉ង់ទិញរបស់បរទេសកាលពីបណ្ដាឆ្នាំកន្លងទៅ ជាពិសេសគឺ ឆ្នាំ២០១៥។ យ៉ាងណាមិញ ក្រុមអ្នកផលិតនៅតែអះអាងថាបើទោះតម្រូវការកើនឡើង តែផលិតផលស្ករនឹងមិនខ្វះសម្រាប់ការកុម្ម៉ង់នោះទេ សំខាន់គឺបានប្រកាសអោយដឹងមុន។

palm-sugar-angkor-8

លោកសម សារឿន ប្រធានសមាគមស្ករត្នោតកម្ពុជាបានអះអាងថាមកទល់ពេលនេះ តម្រូវការស្ករត្នោតនៅតែមានកម្រិតខ្ពស់នៅតាមបណ្ដាទីផ្សារក្រៅប្រទេស។ លោកថាក្រុមប្រទេសដែលធ្លាប់ទទួលទិញតិច បានងាកមកធ្វើការកុម្ម៉ង់កាន់តែច្រើនជាងមុន ខណៈដែលបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីក៏បានចាប់អារម្មណ៍ធ្វើការកុម្ម៉ង់ដែលជួយតម្រូវការស្ករត្នោតកើតឡើង។

ក្នុងនោះសូម្បីតែតម្លៃក៏ច្បាប់ផ្ដើមល្អជាងមុនផងដែរ ទើបធ្វើអោយផលិតស្ករត្នោតរបស់សមាគមខេត្តកំពង់ស្ពឺលេចធ្លោនាពេលចុងក្រោយ។ លោកថា ការលក់ចេញស្ករនៅក្នុងឆ្នាំ២០១៦នេះ បានឈានដល់៤០០តោនតាមការគ្រោងទុក ហើយក៏ជាឆ្នាំដែលស្កររបស់សមាគមមិនសល់ដូចឆ្នាំ២០១៥នោះដែរ។ ចំនួនដែលបានលើកឡើង គឺសំដៅតែលើផលិតផលស្ករប្រភេទគុណភាពលេខ១ដែលមានតម្លៃខ្ពស់ប៉ុណ្ណោះ  ចំណែកប្រភេទស្ករតម្លៃទាបដែលខាងសមាជិកធ្វើការផលិតសម្រាប់លក់ចេញក្នុងតម្លៃធម្មតានោះ គឺមិនរាប់បញ្ចូលនោះទេ។ មកទល់ពេលនេះលោកថាមានដើមត្នោតច្រើននៅឡើយដែលអាចផ្គត់ផ្គង់ទឹកត្នោតសម្រាប់ផលិតស្ករ ដើម្បីបំពេញតម្រូវការកើនឡើង។ លោកថារាល់ថ្ងៃដើមត្នោតទាំងអស់នៅមានលទ្ធផលផលិតជាស្ករបានច្រើនឆ្ងាយណាស់ ទើបលោកមិនមានការភ័យបារម្ភពីរឿងខ្វះស្ករដើម្បីបំពេញតម្រូវការក្រៅប្រទេស និងផ្សារទំនើបនៅក្នុងស្រុក។

vreadweb1

លោកថាផលិតផលស្ករកម្ពុជា មាននៅទីផ្សារទ្វីបអ៊ឺរ៉ុប អាមេរិក និងប្រទេសជាដៃគូផ្សេងទៀត ដូចជានៅតំបន់អាស៊ាន និងទ្វីបអាស៊ីតែម្ដង។ ក្នុងនោះសូម្បីជប៉ុន និងចិនក៏មានតម្រូវការស្ករត្នោតកាន់តែច្រើនជាងមុនផងដែរ ក្នុងរយៈពេលចុងក្រោយ។ មកទល់នឹងពាក់កណ្ដាលខែកញ្ញានេះ តួលេខកុងត្រាកុម្ម៉ង់ទិញស្ករត្នោតរបស់សមាគមបានឈានគួរឲ្យកត់សម្គាល់ ដោយក្នុងចំណោមចំនួនស្ករប្រមាណ៤០០តោនដែលបានគ្រោងផលិតគឺមានការកុម្ម៉ង់ក្នុងចំនួននោះអស់ហើយ។ កាលពីឆ្នាំ២០១៥ លោកថាស្ករត្នោតកម្ពុជានាំចេញបានតែ១៥០តោនប៉ុណ្ណោះ ដោយក្រៅពីនោះគឺស្ថិតិដាក់លក់ក្នុងស្រុក និងសល់ក្នុងស្ដុក ប៉ុន្តែសម្រាប់ឆ្នាំ២០១៦គឺរបាយការណ៍បង្ហាញថាអត់សល់។ លោកមានប្រសាសន៍«ឥឡូវហ្នឹងខ្ញុំយល់ឃើញថាស្ករត្នោតមានតម្រូវការនាំចេញច្រើនជាងមុន ប៉ុន្តែយើងអត់ភ័យរឿងខ្វះស្ករល្អអោយគេទេ អោយតែគេកុម្ម៉ង់មុនគឺប៉ុន្មានក៏ធ្វើបានដែរ ដោយសារតែយើងនៅរក្សាដើមត្នោតដែលចុះបញ្ជីច្រើននៅឡើយសម្រាប់ការផ្គត់ផ្គត់លើតម្រូវការនេះ!»។

dsc02928

លោកថាសមាគមស្ករត្នោតសព្វថ្ងៃមានក្រុមហ៊ុនធំ៣ គឺក្រុមហ៊ុនConfirel  ក្រុមហ៊ុនតិចហ្គោល និងក្រុមហ៊ុនសាយណេតធ័រ ជាដៃគូនាំចេញទៅកាន់ក្រៅប្រទេស ខណៈដែលទីផ្សារនៅទ្វីបអ៊ឺរ៉ុប អាមេរិក កាណាដា និងជប៉ុនគឺជាទីផ្សារធំ។ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនទាំងបីនេះ កុម្ម៉ង់ទិញតែរង្វង់ជាង១០០តោនចូក្រោមប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០១៦នេះ គឺមានកំណើតនជាង៣ដង។ លោកថានេះជាស្ថិតិល្អប្រសើរ ដោយសារតែខាងសមាគមគឺមានតម្រូវការចង់ឲ្យអ្នកទិញចេញច្រើនបំផុត នៅក្នុងកាលៈទេសៈដែលស្កររាល់ថ្ងៃបានហក់ឡើងថ្លៃហើយនឹងបានយូរ ក្នុងរយៈពេលចុងក្រោយ។

លោកនិយាយថា«ឆ្នាំហ្នឹងស្ករតម្លៃល្អតាំងពីដើមទីតែម្ដង ការពិតដោយសារបញ្ហាកុម្ម៉ង់ទិញច្រើនក៏ជារឿងម្យ៉ាងដែរ ប៉ុន្តែតម្លៃហ្នឹងបានតាមខ្ញុំគិតគឺដោយសារតែទីផ្សារជាក់ស្ដែងវាត្រូវឡើងថ្លៃផងទេ ព្រោះខាងសមាជិករបស់យើងគាត់ទារថ្លៃផង!»។ លោកថាស្ករម្សៅ១តោនមានតម្លៃ១៤០០ដុល្លារ និងស្ករសាច់មួយតោនលក់បានតម្លៃ១៣០០ដុល្លារ ដែលតម្លៃប្រកាសនេះ គឺអ្នកទិញមិនសូវមានអ្នកសាញដូចអំឡុងឆ្នាំមុននោះទេ គឺមានទាំងធ្វើកុងត្រាតម្រូវឲ្យលក់តម្លៃហ្នឹងដល់ចុងឆ្នាំ២០១៦ ដើម្បីកុំឲ្យសមាគមចេះតែឡើងថ្ងៃទៀតតាមស្ថានភាពប្រែប្រួលនៅលើទីផ្សារនោះផង។

លោកសម សារឿន បញ្ជាក់ថាវិធានការទប់ស្កាត់មិនឲ្យមានស្ករក្លែងម៉ាក និងស្ករលាយជាតិគីមីកាលពីមួយរយៈពេលមុន គឺជាបញ្ហាតែមួយគត់ដែលនឹងជួយឲ្យតម្រូវស្ករត្នោតលក់ចេញកើនឡើងទាំងចំនួនតួលេខ និងតម្លៃនៅលើទីផ្សារ។ ក្នុងនោះសូម្បីតែភ្ញៀវក្នុងស្រុក ក៏ហ៊ានទទួលទិញយកទៅលក់បន្តដោយមិនសូវតឹងមាត់មាត់កដូចគ្នា។ រាប់បញ្ចូលទាំងការលក់ចេញប្រភេទស្ករតម្លៃធម្មតានៅលើទីផ្សារក្នុងស្រុកនោះផង នៅក្នុងឆ្នាំ២០១៦គឺតម្រូវស្ករកើនឡើង ដោយមិនមែនកើនឡើងការកុម្ម៉ង់ទិញតែនៅប្រទេសក្រៅនោះឡើយ ដែលចំណូលប្រចាំឆ្នាំអាចដឹងដល់ខ្ទង់លានដុល្លារផងក៏មិនដឹង។

លោកទទួលស្គាល់ថាស្ករត្នោតកំពង់ស្ពឺប្រភេទលេខ១ មានតម្លៃខ្ពស់ខ្លាំង ធ្វើឲ្យអ្នកមានជីវភាធម្មតាពិបាកក្លាយជាអតិថិជនជាប់លាប់ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ ក៏មិនមានលាយលំដោយសារជាតិគីមីនាំឲ្យប៉ះពាល់សុខភាពដូចស្ករនាំចូល ឬស្ករដែលលាយថ្នាំខ្លះនោះឡើយ។ លោកបង្ហាញការសារទរយ៉ាងខ្លាំងដែលតម្លៃស្ករកើនឡើង ហើយតម្រូវការកុម្ម៉ង់ទិញរបស់បរទេសក៏ឈានដល់ជិត៣០០តោន ឬអាចនឹងលើសនោះផង ទម្រាំដល់ដំណាច់ឆ្នាំ២០១៦។

លោកនិយាយថា ជាធម្មតារៀងរាល់ដើមឆ្នាំក្រុមហ៊ុនដែលមានតម្រូវការនាំចេញស្ករត្នោតនឹងធ្វើកុងត្រាកុម្ម៉ង់ទិញក្នុងចំនួនណាមួយ ហើយនៅពាក់កណ្ដាលឆ្នាំនឹងធ្វើការកុម្ម៉ង់ម្ដងទៀត ទើបស្ថិតិដែលកុម្ម៉ង់ទិញដល់២៥០តោនត្រឹមដំណាច់ខែមីនានេះ គឺនឹងកើនឡើងទៀតទម្រាំដល់ដល់ដាច់ឆ្នាំ២០១៦។ លោករំពឹងស្ករត្នោតកំពង់ស្ពឺ នឹងរកបានចំណូលរហូតដល់៦០ម៉ឺនដុល្លារដោយមិនពិបាកនោះទេ ប្រសិនបើតម្រូវការកុម្ម៉ង់ទិញមានសន្ទុះបែបនេះ៕

ដោយ ៖ ប៉េង លី

RELATED ARTICLES