Friday, January 30, 2026
Homeព័ត៌មានជាតិអស់សង្ឃឹមហើយ... ចុងក្រោយបានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ

អស់សង្ឃឹមហើយ… ចុងក្រោយបានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ

ខេត្តកណ្តាល ៖ បុរសជាជាងដែកម្នាក់កំពុងប្រើម៉ូទ័រកាត់ដែកសុខៗ ក៏ស្រាប់តែផ្លែម៉ូទ័របានបាក់ខ្ទាតមកមុតចំបំពង់ក បណ្តាលឱ្យហូរឈាមស្រោចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ។

បុរសរងគ្រោះមានឈ្មោះធុល ធឿន អាយុ៣៣ឆ្នាំ មុខរបរជាងដែក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកមាស បញ្ញា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានឈ្មោះម៉ៅ វ៉ាន់ណេ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ បានហៅឱ្យមកជួយធ្វើទ្វារដែកផ្ទះរបស់ឈ្មោះយាន វុធ ភេទប្រុស អាយុ៤៩ឆ្នាំ នៅចំណុចភូមិឃុំខាងលើ (ទីតាំងកើតហេតុ)។

លោកនាយប៉ុស្តិ៍ បានបន្តថា លុះពេលមកជនរងគ្រោះបានយកម៉ូទ័រទៅកាត់ទ្វារដែកនោះ ស្រាប់តែមិនបានប៉ុន្មានផង ផ្លែម៉ូទ័របានបាក់រួចក៏ខ្ទាតមកបុកចំបំពង់ករបស់ជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះហូរឈាមជោកខ្លួន និងដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ ដោយសារអ្នករួមការងារ និងសាច់ញាតិ នៅមិនទាន់អស់ចិត្ត ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកកៀនស្វាយ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែអកុសល ក្រោយពីបញ្ជូនទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារបានដឹកយកសពចេញពីមន្ទីរពេទ្យបង្អែកស្រុក យកទៅផ្ទះ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ចុះពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមមុតបំពង់កចំនួន១កន្លែង ប្រវែង៦សង់ទីម៉ែត្រ ជំរៅ៦សង់ទីម៉ែត្រ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារផ្លែម៉ូទ័របាក់ខ្ទាតមុតចូលបំពង់កបណ្តាលឱ្យស្លាប់ប្រាកដ មែន។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES