Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិមន្រ្តី​រំពឹង​ទិន្ន​ផល​ស្រូវ​នឹង​កើន​ឡើង​ខ្ពស់​នៅ​ឆ្នាំ​នេះ ខណៈ​ភ្លៀង​ចាប់​ផ្តើម​ស្រោច​​ស្រ​ព

មន្រ្តី​រំពឹង​ទិន្ន​ផល​ស្រូវ​នឹង​កើន​ឡើង​ខ្ពស់​នៅ​ឆ្នាំ​នេះ ខណៈ​ភ្លៀង​ចាប់​ផ្តើម​ស្រោច​​ស្រ​ព

ភ្នំពេញ ៖ ថ្នាក់ដឹកនាំខេត្ត និងពាណិជ្ជករនៅភូមិភាគពាយ័ព្យកម្ពុជា ដែលជាកន្លែងផលិតស្រូវធំជាងគេរបស់ប្រទេសបានសម្តែងសុទិដ្ឋិនិយមថា ទិន្នផលស្រូវនឹងកើនឡើងក្នុងឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកងួង រតនៈអភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ កញ្ញានេះថា ការធ្លាក់ភ្លៀងយ៉ាងជោគជាំក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានជួយសង្រ្គោះស្រូវដែលប្រឈមមុខនឹងការខូចខាតជាច្រើនកន្លងមក ដែលធ្វើឲ្យប្រជាកសិករ និងអាជ្ញាធរខេត្តមានក្តីរីករាយ និងសប្បាយចិត្តមែនទែន។លោកបន្តថា លោករំពឹងថាទិន្នផលស្រូវឆ្នាំនេះនឹងកើនឡើងច្រើនធៀបនឹងឆ្នាំមុន ប្រសិនជាមិនមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុណាមួយទេនោះ។

rice1

លោកបន្តថា “ថ្នាក់ដឹកនាំខេត្តបានធ្វើការបូមទឹកអស់ប្រេងរាប់ម៉ឺនលីត្រកន្លងមក បានជួយសង្រ្គោះស្រូវជាច្រើន ប៉ុន្តែវាមិនស្មើនឹងការធ្លាក់ទឹកភ្លៀងយ៉ាងជោគជាំប៉ុន្មានថ្ងៃកន្លងមកនេះទេ”។

ខេត្តបាត់ដំបងមានផ្ទៃដីកសិកម្មប្រមាណ៥០ម៉ឺនហិកតា ដោយបែងចែកផ្ទៃដីចម្ការ និងដីធ្វើស្រែ។

លោកម៉ៅ ធនិនអភិបាលខេត្តពោធិសាត់បានថ្លែងឲ្យដឹងផងដែរថា ខេត្តពោធិសាត់មិនសូវប្រឈមមុខនឹងបញ្ហាទឹកនោះទេ ដោយសារសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានផ្តល់នូវទំបន់ទី៣ និងទី៥ ដែលអាចផ្ទុកទឹកបានជាង៥០លានម៉ែត្រគីប នៅក្នុងស្រុកភ្នំក្រវ៉ាញ ដែលទំបន់ទឹកទាំងពីរនេះ អាចស្រោចស្រពផ្ទៃដីកសិកម្មបាន៣ស្រុក និងក្រុង១ធ្វើឲ្យផ្ទៃដីកសិកម្មចំនួន១២ម៉ឺនហិកតាក្នុងខេត្ត មិនប្រឈមមុខនឹងកង្វះខាតទឹកធ្ងន់ធ្ងរនោះទេ ព្រោះពេលខ្វះខាតទឹកខេត្តនឹងបង្ហូរទឹកចេញពីទំនប់ទាំងពីរ ដើម្បីជួយសង្រ្គោះស្រូវប្រជាពលរដ្ឋ។

លោកបន្តថា “ទិន្នផលស្រូវ និងដំណាំកសិកម្មក្នុងខេត្តឆ្នាំនេះនឹងកើនឡើង ធៀបនឹងឆ្នាំមុន ដោយសារការធ្លាក់ភ្ញៀងជោគជាំ ក៏ដូចជា សក្តានុពលរបស់ខេត្តដែលមានទំនប់ទឹកជាអំណោយសម្តេចតេជោ”។

លោកឧកញ៉ាភួ ពុយប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបៃតងបានថ្លែងថា ការធ្លាក់ភ្លៀងយ៉ាងជោគជាំនេះ នឹងធ្វើឲ្យទិន្នផលស្រូវឆ្នាំនេះកើនឡើងច្រើន ដោយលោករំពឹងថា ទិន្នផលឆ្នាំនេះនឹងកើនឡើងប្រមាណ២៥ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា រហូតមកទល់ពេលនេះមានទឹកគ្រប់កន្លែងហើយ លែងមានអ្វីជាការបារម្ភទៀតហើយ ដូច្នេះបរិមាណស្រូវនៅឆ្នាំនេះនឹងមានលទ្ឋផលល្អ។

លោកបន្តថា “ពីដើមឆ្នាំទាំងអស់គ្នា មានការព្រួយបារម្ភពីគ្រោះរាំងស្ងួត ប៉ុន្តែពេលនេះអ្វីៗបានល្អប្រសើរហើយ មិនមានអ្វីគួរឲ្យព្រួយបារម្ភទៀតនោះទេ”។

គង់ លាងហួរ

RELATED ARTICLES