ភ្នំពេញ ៖ បុរសម្នាក់បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ជាមួយនឹងក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ រហូតឈានដល់ការផ្ទុះអាវុធ១គ្រាប់ ដោយបុរសរូបនោះបានដកកាំភ្លើងបាញ់ឡើងលើ បំណងគំរាមក្រុមក្មេងស្ទាវ តែបែរជាផ្លាតគ្រាប់ទៅចំបុរសម្នាក់ដែលកំពុងលើកទំនិញដាក់រថយន្តនៅក្បែរនោះ ធ្លាយគូទរងរបួសធ្ងន់ ហើយភ្លាមនោះ ទាំងខ្មាន់កាំភ្លើង និងភាគីទំនាស់ បាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់។

ហេតុការណ៍ផ្ទុះអាវុធ បណ្តាលឱ្យបុរសម្នាក់ធ្លាយគូទរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា នៅចំណុចផ្លូវបេតុង (ផ្លូវលូ៥) ក្នុងបុរីសូនី ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើងផ្លាតត្រូវចំកំប៉េះគូទរងរបួសធ្ងន់ មានឈ្មោះសាយ នឿន អាយុ៤៨ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានភិនភាគពាក់អាវធំខ្មៅដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស៊េរី ពាក់ស្លាកលេខ៧២៥៤ (មិនចាំអក្សរខាងមុខ) ក្រោយកើតហេតុបានជិះម៉ូតូគេចខ្លួនបាត់។

តាមប្រភពពីបុរសម្នាក់ដែលត្រូវជាថៅកែរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងជនរងគ្រោះកំពុងលើកអីវ៉ាន់ (ថ្នាំលាប) ចេញពីក្នុងរថយន្ត បំណងលើកដាក់ឱ្យភ្ញៀវដែលមានទីតាំងក្បែរចំណុចកើតហេតុខាងលើ។ ស្រាប់តែរំពេចនោះ ក៏លេចមុខបុរសម្នាក់ (ខ្មាន់កាំភ្លើង) ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម បានកាន់កាំភ្លើងខ្លី១ដើម (មិនស្គាល់ម៉ាក) ជាប់នឹងដៃ ជិះដេញតាមភ្ជង់គំរាមក្រុមក្មេងស្ទាវចំនួន៤នាក់ (ជិះម៉ូតូ២ គ្រឿង)។ លុះជិះដល់ចំណុចខាងលើ ស្រាប់តែខ្មាន់កាំភ្លើង បានបាញ់១គ្រាប់ភ្ជុចដី បំណងគំរាមក្រុមក្មេងស្ទាវនោះ ស្រាប់តែមិនដឹងជាយ៉ាងម៉េចគ្រាប់កាំភ្លើងបែរជាផ្លាតមកត្រូវចំជនរងគ្រោះ ដែលកំពុងឈរលើកអីវ៉ាន់ ចម្ងាយប្រហែល៣០ម៉ែត្រពីខ្មាន់កាំភ្លើង បណ្តាលឱ្យចំកំប៉េះគូទធ្លាយទៅពោះ រងរបួសយ៉ាងធ្ងន់តែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច បុរសជាខ្មាន់កាំភ្លើងរូបនោះនៅបានស្រែកកំហ៊កខ្លាំងៗទៅកាន់ក្មេងស្ទាវទាំងនោះបន្ថែមទៀត រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកក្រុមក្មេងស្ទាវដែលរងការគំរាមទាំងអស់នោះ ក៏ជិះចេញពីកន្លែងកើតហេតុភ្លាមៗដែរ។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើត្រូវបានថៅកែរបស់ខ្លួនដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ីភ្លាមៗ។
ជុំវិញករណីផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់របួសខាងលើនេះ សមត្ថកិច្ចជំនាញបានចុះសាកសួរដល់ទីតាំងកើតហេតុភ្លាមៗ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកមុខជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់។

យ៉ាងណាក្តី ហេតុការណ៍ខាងលើគ្មានប្រភពណាមួយអាចបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុថា តើផ្តើមចេញពីករណីគំនុំឬទំនាស់អ្វីឡើយ ទើបឈានដល់ការផ្ទុះអាវុធបែបនេះ។
ដោយឡែក សាក្សីដែលឃើញហេតុការណ៍មួយចំនួន បានសន្និដ្ឋានក្រៅផ្លូវការថា ករណីនេះអាចបណ្តាលមកពីការជិះឌឺដងគ្នា មាដងផ្លូវ ហើយកើតជម្លោះពាក្យសម្តី ទើបឈានដល់ការផ្ទុះអាវុធបែបនេះ៕