Tuesday, April 30, 2024
Homeតារាខ្មែរលី ម៉ារីណា សម្រស់កាន់តែស្អាតឡើងៗ ប្តីនៅអាមេរិក មិនស្រណុក

លី ម៉ារីណា សម្រស់កាន់តែស្អាតឡើងៗ ប្តីនៅអាមេរិក មិនស្រណុក

លី ម៉ារីណា នៅតែរក្សាសម្រស់បានផូរផង់ក្មេងជាងវ័យ បើទោះជាពេលនេះ អ្នកនាងឈានចូលវ័យ៣៩ឆ្នាំទៅហើយក្តី ប៉ុន្តែសាច់កាន់តែសខ្ចីទៅៗ រហូតធ្វើឱ្យមន្ត្រីធំៗទាំងឡាយជ្រួលជ្រើមចង់តាមឆក់ស្នេហាពីតារាកូន១នេះទៀតផង ទើបធ្វើឱ្យប្តីរបស់នាងនៅអាមេរិក អន្ទះសាចុះឡើងស្រុកខ្មែរ កាន់តែញឹកញាប់ជាងមុន…។

លី ម៉ារីណា បានទម្លាយអាថ៌កំបាំងថា មូលហេតុដែលនាងរក្សាស្បែកឱ្យនៅតែសម៉ដ្ឋខៃ មើលទៅក្មេងជាងវ័យនោះ ដោយសារតែអ្នកនាងបានញ៉ាំទឹកឃ្មុំ រយៈពេល២៣ឆ្នាំមកហើយ ដែលជាលទ្ធផលគឺបានដូចការរំពឹងទុកមែន។

លី ម៉ារីណា ប្រាប់ថា “ខ្ញុំញ៉ាំទឹកឃ្មុំរៀងរាល់ពេលព្រឹក ហើយមិនមែនតែទើបអនុវត្តទេ គឺខ្ញុំញ៉ាំតាំងតែពីខ្ញុំមានអាយុ១៦ឆ្នាំម៉្លេះ ឥឡូវខ្ញុំ៣៩អ៊ីចឹង២៣ឆ្នាំហើយ។ ខ្ញុំគិតថា របស់ពីធម្មជាតិនេះ អាចជួយយើងបានខ្លះ បើសិនជាយើងអនុវត្តឱ្យបានទៀងទាត់”។

ដោយសារតែសម្រស់លី ម៉ារីណា នៅតែជាទីគយគន់ មិនធ្លាក់ចុះទៅតាមវ័យ បើទោះជាពេលនេះ អ្នកនាងមានប្តីនិងកូនមួយនេះហើយ បានជាមានមន្ត្រីធំៗជាច្រើននៅតែព្យាយាមតាមឆ្វែលស្នេហ៍តារាសាច់ដូចបណ្តូលចេកនេះ ពិសេស គឺនៅពេលដែលប្តីនាងមិននៅស្រុកខ្មែរ។

ប្រភពបានឱ្យដឹងថា ស្វាមីលី ម៉ារីណា លោកសាត ចាន់ថន ដែលនៅអាមេរិក និងចុះទៅឡើងស្រុកខ្មែរ យូរៗម្តងនោះ ស្រាប់តែពេលនេះឆ្លេឆ្លាអន្ទះសាគិតតែពីភ័យបុកពោះ ខ្លាចប្រពន្ធសាច់សខ្ចីត្រូវមន្ត្រីធំឆក់ទៅបាត់ ទើបពេលនេះលោកទៅអាមេរិក មិនបានយូរដូចមុនទេ គឺទៅដល់ គិតតែពីចង់ប្រញាប់ចុះមកស្រុកខ្មែរវិញ ដើម្បីបានការពារប្រពន្ធពីការតាមស្នេហ៍របស់មន្ត្រីធំៗ។

លី ម៉ារីណា បន្ថែមថា “ប្តីខ្ញុំទើបទៅអាមេរិកវិញ កាលពីពេលថ្មីៗនេះ ហើយជាទម្លាប់ គាត់ទៅកន្លះខែ ទៅមួយខែ ឡើងខ្មែរវិញម្តង។ គាត់នឹកប្រពន្ធកូន ហើយគាត់ថា ស្រុកខ្មែរ ស្រួលរស់នៅ អ៊ីចឹងគាត់ចង់នៅនេះជាងនៅអាមេរិក។ ប៉ុន្តែគាត់ចុះឡើងៗដើម្បីយកអីវ៉ាន់ ព្រោះយើងរកស៊ីខាងផ្ញើអីវ៉ាន់ អ៊ីចឹងទៅមកៗហ្នឹង។ ចំពោះខ្ញុំវិញ ចង់នៅខ្មែរជាងអាមេរិក ប៉ុន្តែពេលកូនខ្ញុំអាយុ៥ទៅ៧ឆ្នាំ ខ្ញុំនឹងបញ្ជួនកូនខ្ញុំឱ្យទៅរៀននៅអាមេរិកហើយ តែឥឡូវគេទើបមានអាយុជាង៤ឆ្នាំទេ”។

លី ម៉ារីណា ហាក់ស្រពេចស្រពិលរឿងគម្រោងយកកូនទី២ ដោយនាងសំអាងថា ទាំងរូបនាងនិងប្តីកំពុងជាប់រវល់រៀងៗខ្លួន ហើយពេលនេះនាងក៏ជាប់ថតរឿងភាគមួយដែរ អ៊ីចឹងការពពោះកូនទី២ នៅពេលនេះមិនអំណោយផលឡើយ។ ទោះជាយ៉ាងណា កន្លងមក ម៉ារីណា ថា ស្វាមីនាងពិតជាចង់បានកូនម្នាក់ទៀតក្នុងពេលឆាប់ៗនេះមែន ហើយនាងអាចនឹងកាត់បន្ថយការងារសិល្បៈ ដើម្បីយកកូនថែមមួយទៀត។

លី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣ អំឡុងពេលដែលរឿងស្នេហារបស់នាងផ្ទុះផ្អើលពេញផ្ទៃប្រទេសថា នាងត្រូវបានភរិយាមន្ត្រីធំផ្កាយ៣ម្នាក់ តាមព្រមាន។

ម៉ារីណា បានចាកចេញភ្លាមៗទៅរស់នៅតាមប្តីឯសហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ ទើបនាងចូលមករស់នៅស្រុកវិញ ដោយគ្មានការបារម្ភពីសុវត្ថិភាពឡើយ ព្រោះនាងបង្ហាញខ្លួនជាសារធារណៈនិងសម្តែងភាពយន្តដូចមុនវិញ តាមរយៈរឿង “កូនពស់កេងកង”, “រាជិនីភូមិគ្រឹះ”, “ភរិយាឆ្នាំ២០១៩” និងពេលនេះកំពុងថតរឿង “ទារុណកម្មស្នេហា” ជាដើម។

ម៉ារីណា ដែលរស់នៅបែកប្តីជាងជួបគ្នានោះមិនត្រឹមតែលែងខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែពេលនេះនាងក៏បង្ហាញភាពហ៊ឺហាមិនចាញ់ជំទាវឡើយ តាមរយៈការទិញរថយន្តទំនើប Lexus LX 570 តម្លៃជិត២០ម៉ឺនដុល្លារ ហើយពេលខ្លះនាងពាក់គ្រឿងពេជ្រទាំងឈុតៗដែលមានតម្លៃរាប់ម៉ឺនដុល្លារទៀតផង ដែលធ្វើឱ្យអ្នកខ្លះនៅតែដាក់ការសង្ស័យលើជីវិតឯកជនរបស់នាងថា ហាក់នៅមានអាថ៌កំបាំងច្រើន បើទោះជាពេលនេះ នាងមានស្វាមីនិងកូនមួយទៅហើយក្តី។

ការខ្សឹបខ្សៀវរឿងលី ម៉ារីណា ហាក់ហ៊ឺហាប្លែកពេលប្តីមិននៅក្បែរខ្លួន ហើយមានមន្ត្រីធំៗកាន់តែតាមចោមស្នេហ៍នោះ ធ្វើឱ្យម៉ារីណា ពិបាកប្រឈម ហើយនាងក៏មិនចង់លាតត្រដាងរឿងទ្រព្យនោះជាសារធារណៈដែរ។

ដោយឡែក ស្វាមីរបស់ម៉ារីណា លោកចាន់ថន វិញ មិនសប្បាយចិត្តឡើយ ចំពោះដំណឹងទាំងឡាយណាដែលសង្ស័យថា ភរិយាលោកមានអ្នកផ្គត់ផ្គងក្រោយខ្នងនោះ ខណៈដែលលោកចាន់ថន ធ្លាប់ខកចិត្តម្តងរួចទៅហើយ នៅពេលដែលខំរៀបការជាមួយម៉ារីណា ពេញច្បាប់ ប៉ុន្តែបែរជាមានមនុស្សមួយចំនួនសង្ស័យថា លោកនិងប្រពន្ធរៀបការក្លែងក្លាយទៅវិញ។

ទោះជាយ៉ាងណា លី ម៉ារីណា ហាក់មិនខ្វល់ច្រើនរឿងអ្នកខ្លះបានហៅនាង ដោយប្រៀបធៀបទៅជាជំទាវលាក់មុខនោះឡើយ ព្រោះថា ពេលនេះនាងក៏គ្មានអង្គរក្សតាមហែហមដូចគេគិតដែរ គឺមានតែប្តីម្នាក់ប៉ុណ្ណោះ គឺលោកចាន់ថន ប៉ុណ្ណាះ៕

RELATED ARTICLES