Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​ចែក​រំលែក​ភាព​ជោគ​ជ័យ​របស់​ខ្លួន​ដល់​សមា​ជិក

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​ចែក​រំលែក​ភាព​ជោគ​ជ័យ​របស់​ខ្លួន​ដល់​សមា​ជិក

ភ្នំពេញ ៖ ក្រុមអ្នកជំនាញ និងជាអ្នកជោគជ័យក្នុងវិស័យអចលនវត្ថុកម្ពុជាបានបង្ហាញពីយុទ្ឋសាស្រ្ត និងគន្លឹះល្អៗជាច្រើន ដើម្បីទទួលបានជោគជ័យក្នុងការធ្វើជាភ្នាក់ងារ និងវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងមានភាពរីកចំរើននៅកម្ពុជា។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនHutton CPLបានថ្លែងក្នុងកិច្ចប្រជុំជុំសមាជិកសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលម៉ិញថា ការជ្រើសរើសធ្វើជំនួញក្នុងវិស័យនេះ ជាការជ្រើសរើសត្រឹមត្រូវ ព្រោះវិស័យនេះមានលុយច្រើនណាស់ ដូច្នេះបើយើងស្រលាញ់ និងមានឆន្ទៈធ្វើការងារនេះយើងនឹងទទួលបានជោគជ័យ។លោកបន្តថា ដើម្បីជោគជ័យក្នុងវិស័យនេះ យើងត្រូវប្រកាន់គោលការណ៍បួនចំណុច ទី១ ត្រូវឧស្សាហ៍ព្យាយាម ដោយធ្វើការមិនត្រូវគិតថ្ងៃសៅរ៍ឬថ្ងៃអាទិត្យឡើយ។ លោកបញ្ជាក់ថាពេលយើងធ្វើការបែបនេះអតិថិជនរបស់យើងនឹងមានទំនុកចិត្ត និងអាណិតយើង ហើយផ្តល់ការងារឲ្យយើងធ្វើ។ ទី២ ត្រូវមានភាពស្មោះត្រង់ ព្រោះយើងធ្វើការជាមួយអ្នកមានប្រាក់ច្រើន ដូច្នេះយើងត្រូវតែមានភាពស្មោះត្រង់ កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ទី៣ ត្រូវមានវិន័យ យកច្បាប់ជាធំ កុំធ្វើអ្វីៗដើម្បីលុយពេក ព្រោះបើយើងធ្វើបែបនេះយើងនឹងបាត់បង់តំលៃខ្លួនឯង។ ចំណុចទី៤ លោកថាយើងត្រូវតែមានគំនិតច្នៃប្រឌិត ហើយការដែលលោកយកប្រាក់បានច្រើនពីវិស័យនេះ ដោយសារលោកស្រលាញ់វិស័យនេះ មិនថាយប់ឬថ្ងៃទេ លោកធ្វើការរហូតបានសម្រេច។ ការសិក្សាបន្ត ការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនជាប្រចាំ ក៏ជាចំណែកមួយនៃភាពជោគជ័យផងដែរ។

eco1

លោកAlexander Evengroenអគ្គនាយកក្រុមហ៊ុនអចលនវត្ថុKey Real Estateបានថ្លែងថា ការសិក្សាខ្លួនឯង និងធ្វើការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនជាប្រចាំ នឹងធ្វើឲ្យយើងឆ្ពោះទៅមុខ ប៉ុន្តែបើក្រុមហ៊ុនមិនធ្វើការសិក្សាខ្លួនឯង និងបណ្តុះបណ្តាលបុគ្គលិកបន្តនឹងធ្វើឲ្យក្រុមហ៊ុននោះដើរថយក្រោយមិនខាន។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា ដើម្បីទទួលបានជោគជ័យ ក្រុមហ៊ុននិមួយៗត្រូវតែធ្វើអ្វីដែលខុសគេ ហើយយើងត្រូវស្គាល់ខ្លួនឯងច្បាស់ថា ជាអ្នកណា និងមានជំនាញនៅក្នុងវិស័យណា ព្រោះវិស័យអចលនវត្ថុមានច្រើនផ្នែក ដូច្នេះសូមធ្វើតាមជំនាញរបស់ខ្លួន ទើបអាចទទួលបានជោគជ័យ។

អ្នកនាងហ្រ្គេស រចនីហ្វុងនាយិកាផ្នែកបណ្តុះបណ្តាលនៃសាកលវិទ្យាល័យCentury21 Cambodiaបានថ្លែងថា ការលក់លំនៅដ្ឋាន គឺម្ចាស់លំនៅដ្ឋានត្រូវសំអាត និងធ្វើឲ្យផ្ទះរបស់ខ្លួនថ្មី ព្រោះការសំអាត និងធ្វើឲ្យមានសោភ័ណភាព នឹងធ្វើឲ្យតំលៃអចលនវត្ថុនោះឡើងថ្លៃ។អ្នកនាងបានជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យថ្មីៗ ធ្វើការប្រកបដោយវិជ្ជាជីវៈ ជាជាងការប្រកួតប្រជែងមិនស្មើភាព ព្រោះការប្រកួតប្រជែងមិនស្មើភាពនឹងធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនមិនទទួលបានទំនុកចិត្តនិងជោគជ័យនោះទេ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការទំលាក់តំលៃសេវាកម្មក្នុងវិស័យអចលនវត្ថុ របស់ក្រុមហ៊ុនមួយចំនួន មិនជួយក្រុមហ៊ុននោះឲ្យទទួលបានជោគជ័យទេ ប៉ុន្តែវាជាការផ្កាប់ឆ្នាំងបាយរបស់ខ្លួនទៅវិញទេ នៅពេលយើងធ្វើការប្រកួតប្រជែងមិនស្មើភាព ហេតុនេះទើបសមាគមចង់រៀបចំកិច្ចប្រជុំឲ្យបានញឹកញាប់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ បង្កើតបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីភាពរីកចំរើននៅក្នុងវិស័យនេះ។

គង់ លាងហួរ

RELATED ARTICLES