Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិបុណ្យ​​​​សមុទ្រ​​ឆ្នាំ​​​​នេះ ​អំណោយ​ផល​ដល់​កោះ​​សង្សារ

បុណ្យ​​​​សមុទ្រ​​ឆ្នាំ​​​​នេះ ​អំណោយ​ផល​ដល់​កោះ​​សង្សារ

មកទល់នឹងពាក់កណ្ដាលខែ៩ ក្នុងឆ្នាំ២០១៦នេះ គេកត់សម្គាល់ថារមណីដ្ឋានកោះសង្សារកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។ ជាពិសេសបន្ទាប់ពីទីតាំងនេះ ត្រូវបានស្ថាប័នរបស់ពិភពលោក ប្រកាសឲ្យជាប់ជារមណីដ្ឋានឯកជនល្អផ្ដាច់គេ២ឆ្នាំជាប់គ្នា។ ស្ថានភាពនេះបានធ្វើអោយកោះសង្សារ មានភាពអំណោយផលយ៉ាងខ្លាំងនៅពេលទឹកដីខេត្តព្រះសីហនុសម្រេចរៀបចំបុណ្យសមុទ្រនៅពេលខាងមុខ បន្ទាប់ពីកោះមួយនេះកាន់តែត្រូវបានអភិវឌ្ឍន៍បានល្អជាងមុន។

song_saa_

កាលពីខែមីនាឆ្នាំ២០១៥ គេហទំព័រធំមួយរបស់អន្តរជាតិប្រកាសធ្វើឲ្យមានការភ្ញាក់ផ្អើលរួចមកហើយថា  កោះសង្សារគឺជារមណីដ្ឋានឯកជនតែមួយគត់ ដែលត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ សម្រាប់ការសម្រាកលម្ហែកាយរបស់អ្នកទេសចរណ៍។ បន្ទាប់ពីកោះភ្លោះរបស់ប្រទេសកម្ពុជាមួយនេះ ក៏ត្រូវគេទទួលស្គាល់ថាជាទីសម្រាប់ក្រេបទឹកឃ្មុំរបស់គូសង្សារគ្មានពីរនៅលើពិភពលោកម្ដងទៀត ដែលកាន់តែធ្វើឲ្យកោះសង្សារល្បីល្បាញនៅក្នុងក្រសែភ្នែកអន្តរជាតិ។ ដោយឡែកក្នុងខែមីនា ឆ្នាំ២០១៦នេះ គេហទំព័រ The Telegraph ដែលគេហទំព័រល្បីបំផុតក្នុងការបង្ហាញឲ្យឃើញនូវតំបន់ទេសចរណ៍ប្រណីតៗនៅលើពិភពលោក ក៏បានប្រកាសជាថ្មីថាកោះសង្សារត្រូវបានអ្នកទេសចរណ៍របស់ពិភពលោកបោះឆ្នោតឲ្យជាប់ជាកោះឯកជនល្អបំផុតក្នុងលោក ដែលអ្នកទេសចរណ៍មិនគួរមើលរំលងសម្រាប់ឱកាសទៅសម្រាកកម្សាន្ត។

ស្ថាប័នដដែលបានទាំងធ្វើរៀបរាប់ពីទិដ្ឋភាពល្អគ្មាន២របស់កោះសង្សារ ដែលធ្វើឲ្យពិភពលោកកាន់តែចង់ស្គាល់ប្រទេសកម្ពុជា ដោយមិនមែនសំអាងតែលើប្រាសាទអង្គរតែមួយដូចកាលប៉ុន្មានឆ្នាំមុន។ នៅលើគេហទំព័រ The Telegraph ត្រូវគេឃើញមានការចុចLike ពីតំបន់កោះសង្សារ និងមានការចែកចាយព័ត៌មានដែលកោះមួយនេះ បានទទួលចំណាត់ថ្នាក់ល្អផ្ដាច់គេ ឈ្នះអស់តំបន់ធម្មជាតិដែលស្រស់ស្អាត និងល្បីៗនៅលើពិភពលោកនោះផង។ ឱកាសទទួលបានចំណាត់ថ្នាក់នាំមុខគេ៣លើកបណ្ដាក់គ្នានេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺបានកើតចេញពីការទទួលស្គាល់ដោយភ្ញៀវអន្តរជាតិ និងដោយមានការបោះឆ្នោតរបស់ពលរដ្ឋដែលស្គាល់គេហទំព័រនេះនៅទូទាំងសាកលលោក។ កោះនេះក៏ត្រូវគេឃើញទទួលបានការចាប់អារម្មណ៍ និងមានលំហូរភ្ញៀវទេសចរណ៍ទៅសម្រាកកម្សាន្តកាន់តែច្រើននាពេលចុងក្រោយនោះផង។

c7

យ៉ាងណាក៏ដោយអ្នកទេសចរណ៍ដែលបានសម្រេចចិត្តទៅកម្សាន្តនៅទីនោះ ច្រើនតែជាជនបរទេស។ ចំណែកជនជាតិខ្មែរ ច្រើនតែក្រុមអ្នកមានដែលត្រូវការចេញទៅក្រេបទឹកឃ្មុំបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រូចតែប៉ុណ្ណោះ។ កោះនេះត្រូវគេប្រដូចថាជាកោះឋានសួគ៍នៅក្នុងប្រទេសកម្ពុជាដែលអាចប្រៀបផ្ទឹមនឹងកោះសិប្បនិមិត្តល្បីៗនៅលើពិភពលោក បន្ទាប់ពីត្រូវបានសាងសង់ជាសណ្ឋាគារ ជាទីសម្រាកកម្សាន្ត និងជារមណីដ្ឋានដ៏ល្អបំផុតគ្មានគូប្រៀប។ទេសភាពធម្មជាតិរបស់កោះនេះមានលក្ខណៈស្រស់បំព្រងដ៏កម្រ ដោយសូម្បីតែវាលខ្សាច់ក៏មានលក្ខណៈពិសេស និងមានព្រៃឈើខៀវស្រងាត់ ដែលធ្វើឲ្យកោះល្បីៗនៅលើពិភពលោកពិបាកប្រជែងផងដែរ ទើបធ្វើឲ្យកោះសង្សារទទួលបានចំណាត់ថ្នាក់ជាកោះឯកជនល្អផ្ដាច់គេ សម្រាប់អ្នកទេសចរណ៍នៅលើពិភពលោក២ឆ្នាំជាប់ និងក្លាយជាកោះសម្រាប់គូសង្សារដ៏ល្អបំផុតដែលក្រៅពីផ្ដល់នូវអនុស្សាវរីយ៍ផ្អែមល្ហែម ក៏ត្រូវគេជឿថាជាកោះដែលនាំមកនូវសុភមង្គលដល់គូស្វាមីភរិយាដោយសារតែឈ្មោះរបស់កោះទាំងពីរផងដែរ។

ប្រភពពីកោះសង្សារបានអះអាងថា សណ្ឋាគារនៅលើកោះនេះត្រូវបានភ្ញៀវកក់ទុកតាំងពីមានដំណឹងថាខេត្តព្រះសីហនុ នឹងត្រូវរៀបចំបុណ្យសមុទ្រនៅចុងឆ្នាំ២០១៦នេះ។ ផ្អែកតាមបរិបទកោះនេះនឹងទាក់ទាញទីផ្សារបានច្រើនណាស់ក្នុងឱកាសបុណ្យសមុទ្រ ដោយសារនៅលើកោះក៏ទើបតែបានស្ថាបនាលើគម្រោងជាច្រើនបន្ថែមទៀតដើម្បីតម្រូវដល់អ្នកទេសចរណ៍។ កោះសង្សារគឺកោះ២ជិតគ្នាដែលកាលពីមុនត្រូវគេហៅថា កោះបង(កោះធំ) កោះប្អូន(កោះតូច)។ កោះនេះក្រោយមកក៏ត្រូវគេប្រសិទ្ធនាមថាកោះសង្សារ ដោយសារតែលក្ខណៈពិសេស និងដើម្បីឲ្យមានភាពទាក់ទាញសម្រាប់អ្នកទេសចរណ៍។ កោះនេះត្រូវបានវិនិយោគដោយលោកស្រី MelitaKoulmandas Hunter ជនជាតិអូស្រ្តាលី កាលពីឆ្នាំ២០០៥ បន្ទាប់ពីលោកស្រីបានចុះមកកម្ពុជាតាមស្វាមី ហើយបានឃើញពីសក្កានុពលរបស់កោះបងកោះប្អូន ដែលអាចកែច្នៃឲ្យក្លាយជាកោះល្បីឈ្មោះក្នុងក្រសែភ្នែកទេសចរណ៍បាន។ នៅលើកោះនេះត្រូវគេកែច្នៃជាតំបន់លំហែកាយយ៉ាងសំបូរបែប ដោយគ្រាន់តែវីឡាប្រណីតគឺមានចំនួន ២៧វីឡា និងមានការបែងចែកជាច្រើនបន្ទប់សម្រាប់តម្រូវការភ្ញៀវ។ កញ្ចប់កម្សាន្ត និងការស្នាក់នៅលើកោះសង្សារត្រូវគេដាក់ក្នុងតម្លៃពីជាង១០០០ដុល្លារ ទៅ៣០០០ដុល្លារសម្រាប់គូស្នេហ៍ ទើបកោះនេះភាគច្រើនមិនសូវមានអ្នកហ៊ាននៅសម្រាកទេ គឺច្រើនតែលេងពេលថ្ងៃ ហើយក៏បកត្រលប់វិញមកសម្រាកនៅខេត្តព្រះសីហនុ។ យ៉ាងណាមិញបន្ទប់ស្នាក់នៅមិនសូវនៅទំនេរនោះទេ គឺត្រូវបានកក់ទុកមុននោះផង។ អ៊ីចឹងហើយទើបតម្លៃបន្ទប់ស្នាក់នៅមានតម្លៃខ្ពស់ និងទោះជាបានបង្កើនបន្ទប់ស្នាក់នៅក៏មិនសល់សម្រាប់អ្នកទៅលេងកោះដោយមិនកក់ទុកមុន។

bora

 ក្រុមអ្នកទេសចរណ៍បានអះអាងថា កោះសង្សារតាំងពីមានការទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ គឺ សន្ទុះក្នុងការពេញនិយមមានកាន់តែច្រើន ហើយបើគ្មានការកក់ទុកជាមុន គឺមិនមានកន្លែងស្នាក់នោះឡើយ បើទោះជាតម្លៃក្នុងការស្នាក់នៅនៅលើកោះនេះ មានតម្លៃកប់ពពកខ្ពស់ជាងកម្រិតជីវភាពរបស់ពលរដ្ឋភាគច្រើនក្នុងប្រទេស។ ភ្ញៀវទេសចរក្នុងស្រុកបានរិះគន់ថា កោះនេះត្រូវបានវិនិយោគសម្រាប់ជនបរទេស និងក្រុមអ្នកមាន ប៉ុន្តែសម្រាប់ពលរដ្ឋសាមញ្ញា គឺមិនមានលទ្ធភាពទៅកម្សាន្តអោយបានសប្បាយឡើយ។ កោះនេះស្ថិតនៅប្រជុំកោះរ៉ុង មានចម្ងាយ២៩គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដោយអ្នកទេសចរណ៍អាចធ្វើដំណើរតាមនាវាដោយប្រើរយៈពេល៤០នាទី ឬតាមឧទ្ធម្ភាគចក្របានយ៉ាងងាយ ដើម្បីទៅកម្សាន្ត។ អ្នកបានទៅដល់កោះនេះ រមែងកោតសរសើរមិនដាច់ពីមាត់ពីការរៀបចំ និងសេវាលម្ហែកាយ ប៉ុន្តែអ្វីដែលអ្នកទេសចរណ៍ខកចិត្តគឺតម្លៃខ្ពស់លើគ្រប់សេវាកម្មលើកោះសង្សារតែម្ដង៕

ដោយ ៖ ប៉េង លី

RELATED ARTICLES