សម្តេចព្រះសង្ឃរាជជួន ណាត បានបន្សល់ទុកស្នាព្រះហស្តច្រើនណាស់ជារួមមានវចនានុក្រមខ្មែរសុភាសិតសៀវភៅធម៌ផ្សេងៗ ជាពិសេសបទភ្លេងទំនុកច្រៀង “នគររាជ” សម្រាប់គោរពទង់ជាតិ។ អ្វីដែលប្រជាពលរដ្ឋខ្មែរចាំមិនភ្លេចគឺព្រះរាជនិពន្ធទំនុកច្រៀង “ដែនដីខ្មែរ” ប្រកបដោយអត្ថន័យអត្ថរសអត្ថរូបជ្រៅណាស់។ បន្ទាប់ពីសមត្ថកិច្ចរកឃើញសំរាមរាប់ពាន់តោនដែលគេដឹកតាមកប៉ាល់មកបោះចោលនៅក្រុងព្រះសីហនុ ធ្វើឱ្យយើងនឹកឃើញដល់ទំនុកច្រៀង“ដែនដីខ្មែរ”ធ្លាប់មានឈ្មោះថា “សុវណ្ណភូមិ” មិនគួរក្លាយជា“ធុងសំរាម”យ៉ាងនោះសោះ ដែល “នគរធំ” សូមលើកពី “សុវណ្ណភូមិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សម្តេចព្រះសង្ឃរាជជួន ណាត បាននិពន្ធទំនុកច្រៀង “ដែនដីខ្មែរ” ដែលមានខ្លឹមសារទាំងស្រុងថា១-ដែនដីខ្មែរប្រែថា“សុវណ្ណភូមិ” ខ្មែរគ្រប់ភូមិរមណីយដ្ឋានជាដរាបតមកតាំងពីបុរាណ ខ្មែរគ្រប់ប្រាណស្វាគមន៍សាមគ្គី។ ២-ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវីសឹកសង្គ្រាមឈាមស្រស់លើប្រឹថពី ឱ!ព្រះភូមីឫទ្ធិវង្សគង្គា។ ៣-កម្ពុជា ឯករាជ្យបានឃ្លាតពីទុក្ខខ្មែរបានសុខទាំងអស់គ្រ់ប់អាត្មាសូមទេវតាឱ្យពរសព្ទសាធុការ មហាក្សត្រយើងគ្រប់គ្រងផែនដី។

ខ្លឹមសារស្នាះព្រះហស្តដ៏ឧត្តុង្គឧត្តមនេះបង្ហាញថាកម្ពុជាជាដែនដី “សុវណ្ណភូមិ”ឬ“ដែនដីមាស” សឹងមានឈ្មោះប្រាកដក្នុងភូមិសាស្ត្រសាកលលោក។ យោងតាម“ប្រវត្តិពុទ្ធសាសនានៅប្រទេសខ្មែរ”ស្រាវជ្រាវរៀបរៀងដោយ “ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់” បានពន្យល់យ៉ាងច្បាស់ពីទីតាំងទឹកដី“សុវណ្ណភូមិ”។ ក្រោយពេលធ្វើ“តតិយសង្គាយនា”ក្រោមព្រះបរមរាជូបត្ថម្ភពី“ព្រះបាទអសោកមហារាជ”រួចមកក៏មានការចាត់តាំងព្រះសង្ឃអង្គអរហន្តសំខាន់ៗជាច្រើនអង្គឱ្យនិមន្តទៅផ្សាយសាសនានៅក្រៅប្រទេស ក្រោមការចាត់ចែងរបស់“ព្រះមោគ្គលិបុត្តតិស្សត្ថេរ”ជាប្រធានគណៈសង្ឃ។ ក្នុងនោះបានចាត់ព្រះអរហន្ត២អង្គគឺ “ព្រះសោណកត្ថេរនិងព្រះឧត្តរត្ថេរ” ឱ្យនិមន្តទៅផ្សាយសាសនានៅ“សុវណ្ណភូមិ” ហើយដែនដីសុវណ្ណភូមិនោះ មានការប្រតោងប្រទាញ ព្រោះភូមានិងសៀម ក៏បានដាក់ឈ្មោះប្រទេសគេថាជាទឹកដីសុវណ្ណភូមិដែរ។ សមណទូតទាំងពីរអង្គនោះបាននិមន្តមកដល់សុវណ្ណភូមិកាលពីពុទ្ធសតវត្សរ៍ទី៣ មានចារទុកក្នុងប្រវត្តិសាស្ត្រប្រទេសសិរីលង្កា ប៉ុន្តែប្រទេសភូមានិងប្រទេសសៀម ទាមទារមិនសមហេតុផលព្រោះថាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ“ទឹកដីចក្រភពកម្ពុជទេស”មានទំហំធំធេងណាស់រីឯប្រទេសសៀម ទើបតែកើតឡើងនៅសតវត្សទី១៣។
ដោយឡែកលោកសាស្ត្រាចារ្យត្រឹង ងា តាមរយៈស្នាដៃ “ប្រវត្តិសាស្ត្រខ្មែរ” បានសរសេរជាអាទិ៍ថា “ដែនដី ឬឧបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា La Chersonèse d’or គឺជា “នគរខម ឬហៅថា ក្រុងខម” មានស្តេចសោយរាជ្យបឋមវង្ស ព្រះនាមថា “កុមេរុរាជ” ដែលប្រែថា មាស ហើយត្រូវនឹងភាសាសៀមថា ព្រះថង ឬព្រះថោង ប្រែថា មាស ដែរ។

ដូច្នេះយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រវត្តិវិទូទាំងខ្មែរទាំងបរទេស បញ្ជាក់ថា “ដែនដីខ្មែរប្រែថាសុវណ្ណភូមិ”ឬ“ដែនដីមាស” ព្រោះតែទឹកដីនេះសម្បូរមាស។ យ៉ាងណាមិញកាលពីបុរាណខ្មែរយើង “ចាយមាស” ដោយព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យយកមាសទៅបោះជា “កាសមាស” មានទម្ងន់ខុសៗគ្នាជាប់ពាក្យថា “មាស១ស្ទក់” “មាសមួយពៃ” “មាសមួយឆ្តោ” សម្រាប់ទិញទំនិញគ្នាទៅវិញទៅមក។ រហូតដល់សម័យស្តេចកន ទើបមានការបោះ “ប្រាក់ស្លឹង” ដោយយកប្រាក់សុទ្ធទៅបោះជាកាស មានរូបភាគសម្រាប់ចរាចរណ៍ចាយវាយក្នុងព្រះនគរ។ ព្រះកោដ្ឋសម្រាប់ដាក់ព្រះបរមសពព្រះមហាក្សត្រសុទ្ធតែធ្វើពីមាស លុះធ្វើបុណ្យថ្វាយព្រះភ្លើងរួចរាល់ ព្រះកោដ្ឋមាសនោះត្រូវរំលាយសិតជាព្រះពុទ្ធប្បដិមា សម្រាប់គោរពបូជាដូចព្រះបាទនរោត្តម ឬហ្លួងសុវណ្ណកោដ្ឋ បានបន្សល់ទុកព្រះពុទ្ធប្បដិមាមាសទម្ងន់ជាង៩០គ.ក្រ (១ហាប ១ចុង) តម្កល់ទុកក្នុងព្រះវិហារព្រះកែវមរកត គឺបានមកពីការរំលាយព្រះបរមកោដ្ឋមាសនេះឯង។
ជាការគួរសង្វេគណាស់ រហូតមកទល់ពេលនេះ “ដែនដីខ្មែរ ប្រែថាសុវណ្ណភូមិ” បានប្រែប្រួលអស់ហើយ រហូតដល់ពួកប្រឆាំងដាក់ឈ្មោះថា “ដែនដីសំរាម” ម្តងវិញ។ ករណីក្រសួងមានសមត្ថកិច្ចរកឃើញសំរាមចំនួន៨៣ទូកុងតឺនឺរ ស្មើនឹង១៦០០តោន ដែលគេដឹកតាមកប៉ាល់សមុទ្រមកទម្លាក់នៅកំពង់ផែក្រុងព្រះសីហនុ នោះ ពិតជា “បំបាក់មុខដែនដីសុវណ្ណភូមិ” តែម្តង។

លោកអេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានសរសេរក្នុងហ្វេសប៊ុកថា “របបលោកហ៊ុន សែន និងបក្ខពួកចាត់ទុកចិន សុទ្ធតែមហាមិត្ត។ ឯចិន ចាត់ទុកប្រទេសកម្ពុជាជាធុងសំរាម”។ រីឯលោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសរសេរថា “ប្រទេសខ្ញុំជាធុងសំរាំមឬអី?” ខណៈដែលលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ “នគរធំ” ថា “សម្រាប់ខ្ញុំសឹងតែស្រក់ទឹកភ្នែកដែលប្រទេសមួយ ជាប្រទេសទេសចរណ៍ វាគួរតែនាំទេសចរ មិនគួរនាំសំរាម វាធ្វើឱ្យបាត់បង់ការជឿទុកចិត្តពីភ្ញៀវទេសចរ”..។

រឿងនាំសំរាមចូលរាប់ពាន់តោននេះ ពួកប្រឆាំងបានចោទប្រកាន់ថា “ចិន ជាអ្នកដឹកមកចាក់ចោល” ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា “សំរាមទាំងនេះ នាំចូលពីសហរដ្ឋអាមេរិក និងកាណាដា”។ ទោះជាដឹកមកពីណាក៏ដោយចុះ គួរសមត្ថកិច្ចស៊ើបអង្កេតរកមុខមន្ត្រីណាដែលបានចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុននាំសំរាមចូល ក្រោមហេតុផល “ផលិតផលសម្រាប់កែច្នៃឡើងវិញ” ដោយមិនបានបញ្ជាក់ថា ជា “សំណល់ប្លាស្ទិក” នោះឡើយ។ ចំពោះប្រទេសអ្នកមានទាំងឡាយដែលគប់គិតគ្នានាំសំរាមចូលទឹកដីកម្ពុជា មិនថា អាមេរិក ចិន កាណាដា ស្អីទេ គឺមកពីគេ “មើលងាយខ្មែរ” តែម្តង បានជាហ៊ានដឹកសំរាម ជាពិសេស “កន្ទបកូនក្មេង” យកមកចាក់ចោល។

ជារឿងគួរឱ្យសង្វេគស្ទើរស្រក់ទឹកភ្នែក ដូចបណ្ឌិតសុខ ទូច ថាមិនខុសទេ មិនគួរណាឡើយ “ដែនដីខ្មែរ ប្រែថា សុវណ្ណ ភូមិ” ក្លាយជាកន្លែងគេយកកាកសំណល់សំរាម ខោទឹកនោមក្មេងមកបោះចោល។ ចុះប្រទេសគេខ្វះដីចាក់សំរាម ឬយ៉ាងណា បានជាគេគឃ្លើនបែបនេះ? ចម្លើយប្រាកដនិយម គឺថាស្រុកគេដីទូលាយណាស់ ក្នុងនោះកាណាដា មានផ្ទៃដីធំល្វឹងល្វើយ អាមេរិក ក៏នៅសល់ដីរាប់ម៉ឺនគីឡូម៉ែត្រក្រឡា ទំនេរអត់មនុស្សទៅតាំងលំនៅ ខណៈដែលចិន ក៏មានផ្ទៃដីធំជាប់ចំណាត់ថ្នាក់ក្នុងពិភពលោក។ គេអាចយកសំរាមទាំងនោះ ទៅកប់ចោល ឬដុតចោលក៏បានដែរ តែមកពីគេ “មើលងាយខ្មែរ” ដោយឃើញខ្មែរ ពូកែតែខាងឈ្លោះគ្នាដណ្តើមអំណាច ទើបគេធ្វើ “ឱ្យភ្លឺភ្នែក” យ៉ាងនេះទៅ។ រឿងនេះមិនតូចទេ ត្រូវតែរាជរដ្ឋាភិបាល “ស្រោចស្រង់កិត្តិយសដែនដីសុវណ្ណភូមិ” ឱ្យបានមកវិញ ឬធ្វើដូចហ៊្វីលីពីន ដែលមិនចង់ឱ្យប្រទេសគេក្លាយជាធុងសំរាម ក៏ដឹកសំរាមទៅដាក់ប្រទេសដើមវិញ។

សរុបទៅ “ដែនដីខ្មែរ ប្រែថាសុវណ្ណភូមិ” កំពុងថយតម្លៃបន្តិចម្តងៗ រហូតដល់បរទេសមើលងាយយកសំរាមមកចាក់ចោល។ យើងមិនបាច់ឆ្ងល់ទេ ផ្ទះអ្នកភូមិម្នាក់គ្រាន់តែអ្នកជិតខាងចោលដុំថ្មទៅលើដំបូល តើម្ចាស់ផ្ទះខឹងដល់កម្រិតណា? រីឯស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា បញ្ឈរតាមផ្លូវ ត្រូវស្ត្រីម្នាក់ដោះស្បែកជើងគប់ដោយប្រមាថនោះ តើយ៉ាងណា? ដូច្នេះបញ្ហាសំរាម១៦០០តោននោះ ជាកិត្តិយសជាតិមាតុភូមិធំជាងស្លាកសញ្ញាគណបក្សទៅទៀត លុះត្រាតែបង្ខំឱ្យក្រុមហ៊ុននិងប្រទេសប្រភពសំរាមនោះសុំអភ័យទោស ក៏ដូចរកមុខមន្ត្រីពាក់ព័ន្ធអំពើពុករលួយឱ្យឃើញទើបរាស្ត្រខ្មែរបានស្ងប់ចិត្ត…>