ភ្នំពេញ ៖ ករណីរឹតកសម្លាប់ស្ត្រីមានផ្ទៃពោះរួចច្រកក្នុងវ៉ាលីសដឹកយកទៅដុតចោលបំបាត់ដាននៅក្នុងដីឡូត៍១កន្លែងតាមផ្លូវលំ ខាងជើងមហាវិថីឈ្នះៗប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបំបែកសំណុំរឿងរហូតឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករបានហើយ ដែលតាមពិតឃាតករនិងនារីរងគ្រោះសុទ្ធតែជាជនជាតិចិនដូចគ្នានិងត្រូវជាគូស្នេហ៍នឹងគ្នា។ ចំណែកមូលហេតុដោយសារតែជនជាឃាតករខឹងនឹងនារីរងគ្រោះជាសង្សារមិនព្រមរំលូតកូនចោលតាមសំណើរបស់ខ្លួន។

ប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនជាតិចិនជាឃាតករសម្លាប់សង្សារខ្លួនឯងនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីជនសង្ស័យជាឃាតករទើបនឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ខណៈដែលបានរត់គេចខ្លួនទៅប្រទេសចិន អស់មួយរយៈក្រោយពេលធ្វើសកម្មភាពរួច។
ប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះក៏មានការសហការពីនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

ជនដៃដល់ជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ យ៉ាង យ៉ាង (Yang Yang) អាយុ២៨ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380។ ចំណែកនារីរងគ្រោះមានឈ្មោះ មាវ ស៊ាវលីន (Miao Xi-aolin) ថ្ងៃខែឆ្នាំកំណើត២២ ខែមិថុនា ឆ្នាំ១៩៩២។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករឈ្មោះ Yang Yang បានឆ្លើយសារភាពថាខ្លួនបានចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានមកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់នារីរងគ្រោះឈ្មោះ Miao Xiaolin ហើយក៏ស្រលាញ់គ្នាជាសង្សារដោយជួលផ្ទះសំណាក់យីហោហ្វីប៉ារីស បន្ទប់លេខ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្នាក់នៅនិងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ។

ជនសង្ស័យបានសារភាពបន្តថា រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីដឹងថាសង្សាររបស់ខ្លួនកំពុងមានផ្ទៃពោះ រូបគេក៏បានប្រាប់ឱ្យនារីរងគ្រោះយកកូនចេញ ព្រោះរូបគេមានប្រពន្ធរួចហើយតែនារីរងគ្រោះមិនព្រម ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះឱ្យដួលទៅលើឥដ្ឋបណ្តាលឱ្យសន្លប់ ហើយបានយកកន្សែងពោះគោរឹតកសម្លាប់។ បន្ទាប់មករូបគេក៏បានទៅទិញវ៉ាលិស១នៅផ្សារថ្មីតម្លៃ៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលិសរហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលិសដែលមានសាកសពដឹកតាមរថយន្ត១គ្រឿងម៉ាក Lexus RX-330 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដបរួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូត៍ លី យ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យបានសារភាពទៀតថា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រូបគេក៏បានវិលត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញដោយគិតថា ពុំមានអ្នកណាដឹងរឿងនេះទេ ស្រាប់តែពេលមកដល់ក្រុមហ៊ុនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បន្ទាប់ពីបញ្ចប់ការសាកសួរ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចដីឡូត៍មួយកន្លែងតាមផ្លូវលំខាងជើងមហាវិថីឈ្នះឈ្នះ ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយសាកសពស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានឃាតករធ្វើសកម្មភាពរឹតកសម្លាប់រួចច្រកសពចូលវ៉ាលិស បន្ទាប់មកក៏ដឹកយកមកចាក់សាំងដុតចោលបំណងបំបាត់ដាន ប៉ុន្តែត្រូវបានក្រុមកម្មករបូមខ្សាច់ក្បែរកន្លែងកើតហេតុប្រទះឃើញភ្លើងឆេះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ពន្លត់ភ្លើងទាន់ពេល ប៉ុន្តែសាកសពមានសភាពរួញក្រញង់អស់ទៅហើយ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យសាកសពរួចរាល់ហើយ ក៏បានរកឃើញថាសាកសពស្ត្រីរងគ្រោះកំពុងមានផ្ទៃពោះ (សង្ស័យជនជាតិចិន) ត្រូវឃាតករដៃឆៅរឹតកសម្លាប់នៅកន្លែងផ្សេងរួចច្រកនៅក្នុងវ៉ាលិសដឹកតាមរថយន្តយកទៅដុតចោលក្នុងដីឡូត៍កន្លែងកើតហេតុដើម្បីបំបាត់ភ័ស្តុតាង។

ប្រភពដដែលបន្តថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើសាកសពស្ត្រីរងគ្រោះ ឃើញថានៅត្រង់ករបស់សពស្ត្រីរងគ្រោះគឺមានកន្សែងពោះគោជាប់នឹងកហើយសពមានសក់វែងដែលធ្វើឱ្យសមត្ថកិច្ចអះអាងថាជាមនុស្សស្រីជាមួយនេះក៏មានរូបពណ៌ទឹកមាសគឺរូបដូចកង្កែបរបស់ជនជាតិចិនដែលគេនិយមប្រើទុកនៅកន្លែងកើតហេតុផងដែរ។ ចំណែកនៅជុំវិញកន្លែងកើតហេតុគំនរផេះផង់ក្រោយពីការដុតសពស្ត្រីរងគ្រោះគឺមានឃើញមានស្នាមជើងកង់វ៉ាលិស អាវទ្រនាប់ពណ៌ខ្មៅ១រួមទាំងឧបករណ៍មួយចំនួនទៀតដែលជនសង្ស័យជាឃាតករសម្លាប់ជនរងគ្រោះរួចដាក់ក្នុងវ៉ាលិសនោះយកទៅដុតចោលតែម្តង៕