Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិភ្នំពេញ​-​​​បាវិត នឹង​​​​​លេច​​គម្រោង​​​ផ្លូវ​​ដែក

ភ្នំពេញ​-​​​បាវិត នឹង​​​​​លេច​​គម្រោង​​​ផ្លូវ​​ដែក

មកដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៦នេះ គេចាប់អារម្មណ៍ថាចំនួនភ្ញៀវទេសចរណ៍ទៅកម្សាន្តក្នុងតំបន់កាស៊ីណូនៅច្រកបាវិត និងឆ្លងកាត់មាត់ច្រកអន្តរជាតិបាវិតកាន់តែមានសន្ទុះច្រើនឡើងជារៀងរាល់ថ្ងៃ។ ជាមួយនឹងការកើនឡើងនៃចំនួនទេសចរណ៍នេះ គេមើលឃើញថាតំបន់បាវិត នឹងកាន់តែខ្លាំងថែមទៀត បន្ទាប់ពីមុននេះបន្ដិចមន្ត្រីថ្នាក់ដឹកនាំបានដាក់សំណើសុំអោយចិនជួយស្ថាបនាផ្លូវរថភ្លើងមួយខ្សែពីភ្នំពេញទៅបាវិតក្នុងពេលខាងមុខ។

trian2

ក្នុងជំនួបជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Jiangxi International (Cambodia) Ltd, លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអោយក្រុមហ៊ុនមួយនេះធ្វើការសិក្សាលើគម្រោងសាងសង់ផ្លូវដែកមួយខ្សែថ្មី ទៅកាន់បាវិតពីភ្នំពេញ។ លោកថាប្រទេសកម្ពុជាមានតម្រូវការកាន់តែច្រើនក្នុងការជំរុញលើវិស័យដឹកជញ្ជូន និងទាក់ទាញទេសចរណ៍ នៅតំបន់ព្រំដែននោះ។ លោកជំរុញអោយក្រុមហ៊ុនមួយនេះសិក្សាអោយបានកាន់តែច្បាស់ និងសុំអោយជួយសាងសង់ផ្លូវដែកមួយខ្សែពីភ្នំពេញទៅបាវិត បន្ថែមពីលើល្បឿនលឿនដែលទើបនឹងដាក់គម្រោងអោយស្ថាបនាក្នុងពេលដ៏ខ្លី។ លោកថាក្រុងបាវិតកាន់តែមានការរីកចំរើន និងកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចលេចធ្លោសម្រាប់ជំរុញសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាមិនខុសគ្នានឹងតំបន់ប៉ោយប៉ែតនោះទេ ទើបត្រូវតែមានផ្លូវដែកមួយទៀត ដើម្បីពន្លឿនការអភិវឌ្ឍន៍នៅក្នុងតំបន់ព្រំដែនបាវិតអោយកាន់តែខ្លាំង។ ក្រៅពីស្នើអោយធ្វើការសិក្សាគម្រោងអោយបានកាន់តែឆាប់ លោកក៏ទទូចអោយភាគីចិនធ្វើការសាងសង់ជាលក្ខណៈBOT  ដែលមានន័យចិនចាយលុយសាងសង់ និងធ្វើសេវាកម្មក្នុងរយៈពេលមួយកំណត់ ហើយដល់កំណត់ផុតកុងត្រា នឹងបង្វែរមកធ្វើជារបស់រដ្ឋវិញ។ លោកថាមានតែវិធីនេះប៉ុណ្ណោះ ដែលអាចទាក់ទាញអោយក្រុមវិនិយោគចិនចាយលុយសង់ផ្លូវរថភ្លើងជាប្រយោជន៍ដល់កម្ពុជា និងធ្វើអោយតំបន់បាវិតមានផ្លូវរថភ្លើងទៅភ្ជាប់ជាមួយប្រទេសវៀតណាម ដែលលោកយល់ថាបាវិតនៅក្នុងពេលនេះគឺកាន់តែជាតំបន់ដែលគួរតែមានផ្លូវដែកមួយទៀតដើម្បីជំរុញសេដ្ឋកិច្ច និងការដឹកជញ្ជូនអោយកាន់តែឆាប់។ លោកថាក្នុងគម្រោងស្នើអោយចិនជួយសង់ផ្លូវរថភ្លើងទៅបាវិតនោះ លោកក៏បានស្នើអោយក្រុមហ៊ុនចិនដ៏ធំមួយនេះ ជួយសង់បន្ថែម និងថែទាំផ្លូវរថភ្លើងពីភ្នំពេញទៅស្រុកសេរីសោភ័ណ្ឌភ្ជាប់ជាមួយប្រទេសថៃនោះដែរ។ បើទោះជាគ្មានលទ្ធផល ប៉ុន្តែលោកថាភាគីចិនបានទទួលពិចារណាលើសំណើនេះហើយ។ លោកមើលឃើញថាបើច្រកបាវិតមានការសិក្សាលើគម្រោងសង់ផ្លូវដែក និងឈានដល់ការសាងសង់ផ្លូវដែកបានកាន់តែឆាប់ នោះមានន័យថាមិនយូរទៀតទេតំបន់ព្រំដែនមួយនេះ នឹងប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំ និងទទួលបានភាពទាក់ទាញច្រើនឡើងពីសំណាក់អ្នកទេសចរណ៍។ ក្នុងនោះក្រុមវិនិយោគិនក៏នឹងបោះជំហានទៅកាន់ទីតាំងនេះកាន់តែច្រើនផងដែរក្នុងពេលខាងមុខ។

maxresdefault

យោងតាមការបញ្ជាក់ថា តំបន់បាវិតត្រូវគេកត់សម្គាល់ថា មានការប្រែប្រួលដាច់ឆ្ងាយជាងមុន ខណៈដែលគម្រោងសាងសង់ផ្លូវដែកដែលទើបទម្លាយឡើង ក៏ពិតជាធ្វើអោយតំបន់ដីធ្លីកាន់តែមានហាងឆេង និងទាក់ទាញអ្នកទេសចរណ៍អោយសម្រុកទៅកាន់តែច្រើន។ ព័ត៌មានពីច្រកបាវិតបានអះអាងថា តាំងពីស្ពានអ្នកលឿងត្រូវបានស្ថាបនា និងបន្ទាប់ពីតំបន់បាវិតបានពង្រីកទីតាំងកាស៊ីណូកាន់តែមានបរិមាណច្រើន និងមានការបង្កើតផ្សារចរាចរណ៍ទំនិញនៅលើព្រំដែនវៀតណាមក្បែរខាងព្រំដែនខ្មែរ និងមានការបង្កើតផ្សារនៅលើព្រំដែនខ្មែរដូចគ្នា ក្រុម អ្នកទេសចរណ៍ជាតិ និងអន្តរជាតិត្រូវបានកើនឡើងនារយៈពេលចុងក្រោយ។ ស្ទើគ្រប់ជាតិសាសន៍ដែលបានទៅដល់ប្រទេសវៀតណាម បានចាប់អារម្មណ៍មកកាន់ប្រទេសកម្ពុជាតាមច្រកបាវិតកើនឡើងជាងមុន ក្នុងពេលដែលដឹកទំនិញក៏មានកម្រិតច្រើនទើបវត្តមានផ្លូវដែកបន្ថែមពីលើផ្លូវល្បឿនលឿន គឺ ពិតជាកែប្រែមុខមាត់តំបន់បាវិតក៏ខុសដាច់ឆ្ងាយ។ ជនជាតិវៀតណាម ចិន កូរ៉េ  និងសិង្ហបុរី និងជនបរទេសរហូតដល់ជាង១០០សញ្ជាតិបានចេញចូលនៅតាមច្រកនេះ។  ក្រុងបាវិតទាំងមូលក៏ត្រូវគេឃើញផុសឡើងនូវសំណង់ធំៗខ្ពស់ៗដើម្បីទាក់ទាញអ្នកទេសចរណ៍ និងបង្ហាញពីការរីកលូតលាស់ផ្នែក អាជីវកម្មច្រើនរាប់មិនអស់ក្រៅពីធ្វើអោយមាត់ច្រកបាវិតទទួលបានកំណើនប្រាក់ចំណូលពីអ្នកទេសចរណ៍ឆ្លងកាត់ ក៏ធ្វើឲ្យពលរដ្ឋជិតឆ្ងាយនៅជុំវិញបាវិតទទួលឱកាសការងារជៀសផុតការចំណាកស្រុកផងដែរ។

លោក លឹម សៀកហេង  ប្រធានស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានអះអាងថា គិតត្រឹមពាក់កណ្ដាលខែកញ្ញាមុននេះ តំបន់មាត់ច្រកបាវិតបានទទួលភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិកាន់តែច្រើនហួសពីស្មាន បានទៅកម្សាន្ដ និងឆ្លងកាត់នៅក្នុងមាត់ច្រកមួយនេះ។ ក្នុងចំណោមភ្ញៀវប្រមាណជាង៣៣ម៉ឺននាក់ ជនបរទេសមានប្រមាណ១១៣ជាតិសាសន៍ ដោយជនជាតិទាំងនោះភាគច្រើនជាងគេវៀតណាម ចិន កូរ៉េ សិង្ហបុរី និងជនជាតិអឺរ៉ុបដែលបានឡើងចុះមកលេងកម្ពុជា និងវៀតណាម ខណៈដែលការដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃក៏មានទំហ៊ំកាន់តែច្រើន។ លោកថាបើភ្នំពេញបាវិតមានផ្លូវរថភ្លើង នៅស្ថានភាពគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមផ្លូវ នឹងត្រូវកាត់បន្ថយ ហើយការដឹកជញ្ជូនទំនិញរវាងកម្ពុជា និងវៀតណាម ក៏នឹងជួយអោយកម្ពុជាចំណេញខាងផ្នែកសេដ្ឋកិច្ច។ បណ្ដាអ្នកវិភាគបានមើលឃើញថា បើប្រទេសកម្ពុជាមានផ្លូវរថភ្លើង នោះតំបន់បាវិតនឹងចំណេញទាំងទេសចរណ៍ និងការវិនិយោគនៅក្នុងតំបន់នោះ៕

ដោយ ៖ ប៉េង លី

RELATED ARTICLES