ខេត្តក្រចេះ ៖ ដោយសារពិនិត្យឃើញពីភាពទ្រុឌទ្រោមរបស់ស្ពានសោប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តធុនធំទាំងអស់សូមឈប់ឆ្លងកាត់ស្ពាននេះ រង់ចាំការជួសជុលរួចរាល់។
ទំព័រហ្វេសប៊ុកផ្លូវការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបង្ហោះសារជូនដំណឹងថា “មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់រថយន្តធុនធំទាំងអស់មេត្តាជ្រាបថា ស្ពានសោប ជាប្រភេទស្ពានដែកបេឡេត៍ ប្រវែង៧៥មទទឹង៤ម ស្ថិតក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្រុតជើងទម្រទី១ ផុតពីកម្រាលដែក”។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបន្តថា “ដូចនេះ ដើម្បីការពារសុវត្ថិភាពជូនបងប្អូន មន្ទីរបានដាក់របាដែកកាត់ទទឹងស្ពាន មិនអនុញ្ញាតឲ្យរថយន្តធុនធំឆ្លងកាត់ទេ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។ ចំពោះសេចក្តីជូនដំណឹងជាលិខិតផ្លូវការ នឹងរៀបចំនៅពេលក្រោយ”។
ជាចុងក្រោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបញ្ជាក់ថា ”សូមបងប្អូនមេត្តាយោគយល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ កំពុងត្រៀមលក្ខណៈជួសជុលឡើងវិញ នឹងបើកឲ្យប្រើប្រាស់ឡើងវិញនាពេលខាងមុខ”៕