Thursday, May 2, 2024
Homeព័ត៌មានជាតិឌុបចំប៉ះចោរ វាយនឹងដុំថ្មរបួសធ្ងន់ ប្លន់យកម៉ូតូទៅបាត់

ឌុបចំប៉ះចោរ វាយនឹងដុំថ្មរបួសធ្ងន់ ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ប៉ះចំថ្ងៃស៊យ ឌុបចំជនសង្ស័យ២នាក់ ជិះទៅដល់កន្លែងស្ងាត់ហៅឲ្យឈប់រើសដុំថ្មវាយក្បាលហូរឈាម រងរបួសធ្ងន់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា នៅចំណុចក្រោយវត្តឬស្សីសាញ់ ព្រំប្រទល់២ខណ្ឌជាប់គ្នា ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីពីសាច់ញតិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រិត ចេង អាយុ២៧ឆ្នាំ មុខរបររត់ឌុប ស្នាក់នៅផ្ទះជួលជិតផ្សារត្រពាំងថ្លឹង ស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រីឯម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាក ហុងដាឌ្រីម ស៊េរី២០០៦ឡើងស៊េរី២០១៤ ។

fsdfds

តាមប្រភពពីជនរងគ្រោះបានរៀបរាប់ទាំងរវើរវាយបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យ២នាក់បានហៅគាត់អោយឌុបពីកាណាឌីយ៉ា ទៅវត្តឬស្សីសាញ់ក្នុងតំលៃ មួយម៉ឺនប្រាំពាន់រៀល (១៥០០០រៀល) ខណៈពេលដឹកមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ជនសង្ស័យបានប្រាប់ឲ្យគាត់ឈប់ដល់ផ្ទះរបស់គេហើយ គ្រាន់តែឈប់ម៉ូតូភ្លាម ជនសង្ស័យម្នាក់ធ្វើជារាប់លុយឲ្យ ចំណែកជនសង្ស័យម្នាក់ទៀតបានដើរទៅរើសដុំថ្មបាន ហើយយកមកវាយគាត់៣ទៅ៤ដងធ្វើឲ្យគាត់ងងឹតមុខឈឹង បែកក្បាលហូរឈាមស្រោចខ្លួនហើយជនសង្ស័យទាំង២នាក់ បានយកម៉ូតូរបស់គាត់ជិះចេញទៅបាត់ ។

ជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុ គាត់ខំប្រឹងស្រវេស្រវាដើរទាំងរបួស ទៅរកផ្ទះប្រជាពលរដ្ធ ដើម្បីឲ្យគេជួយរួចបានប្រាប់លេខទូរស័ព្ទអ្នកផ្ទះអោយមកទទួលគាត់យកទៅព្យាបាលរបួសមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកតៅសង្គ្រោះនៅគ្លីនិកឯករាជ្យ២ ។ បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចទាំង២ខណ្ឌបានចុះមកដល់គ្លីនិកដើម្បីសាកសួរនាំ តែដោយជនរងគ្រោះមិនទាន់និយាយបានច្រើននិងនិយាយភ្លេចភ្លាំង ទើបសមត្ថកិច្ចបានប្រាប់ថា ចាំស្អែករង់ចាំជនរងគ្រោះស្រួលខ្លួនសិនចាំនាំជនរងគ្រោះទៅកន្លែង ដើម្បីពិនិត្យសួរនាំអោយដឹងថាទឹកដីរបស់ខណ្ឌមួយណាឲ្យពិតប្រាកដ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES