តារាចម្រៀងវ័យក្មេងយឿន សូត្រអនុស្សារីយ៍ ដែលគេស្គាល់តាមរយៈបទ “ទីងមោង” នោះ បានឱ្យដឹងថា ខ្លួនធ្លាប់ច្រៀងបទរបស់លោកឆាយ វីរៈយុទ្ធ ដូចជាបទ “ដឹងទេថាខ្ញុំឈឺចាប់” និងបទ “ទឹកលុយសម្លាប់ទឹកចិត្ត” ជាដើម ហេតុនេះហើយរូបគេគ្មានបំណងប៉ះពាល់ទីផ្សាររៀមច្បងនៅសាន់ដេនោះទេ គឺមានតែការប្រឹងប្រែងរៀងៗខ្លួនប៉ុណ្ណោះ។

ការលើកឡើងរបស់លោកអនុស្សាវរីយ៍ បែបនេះ ក្រោយពេលដែលមានការលើកឡើងពីមហាជនមួយចំនួនថា តាំងពីអនុស្សាវរីយ៍ ចូលសាន់ដេ មក ឆាយ វីរៈយុទ្ធ ហាក់នៅទ្រឹងតែម្តង ព្រោះទាំងលោកអនុស្សាវរីយ៍ និងនាយចឺម សុទ្ធតែអាចច្រៀងបទដូច វីរៈយុទ្ធ បានដូចគ្នា។

ម្ចាស់បទ “ទីងមោង” បានថ្លែងថា “ខ្ញុំគ្មានចេតនាប្រជែងទីផ្សារឬប៉ះពាល់ទីផ្សារចម្រៀងលោកឆាយ វីរៈយុទ្ធ ទេ ព្រោះគាត់ជារៀមច្បងខ្ញុំធ្លាប់ច្រៀងបទគាត់ច្រើនដែរហ្នឹង។ មិនថាលោកវីរៈយុទ្ធ ទេ ទោះជាបងចឺម ក៏ខ្ញុំមិនប្រជែងគាត់អីដែរ ទោះជាគេថាខ្ញុំនិងគាត់ច្រៀងស្ទីលស្រដៀងគ្នាក្តី តែមិនមែនប្រជែងគ្នាទេ”។

យឿន សូត្រអនុស្សាវរីយ៍ បានថតបទចម្រៀងឱ្យសាន់ដេ ជាង២០បទហើយ នឹងត្រៀមចេញបទ “បងជិះក្របី” និង “មនុស្សចិត្តព្រាន” ក្នុងពេលឆាប់ៗនេះផងដែរ។

តារាចម្រៀងរូបនេះមានបងប្រុសជាអ្នកនិពន្ធផ្ទាល់ខ្លួន គឺលោកសុន រដ្ឋា គឺដូចខេមរៈ សិរីមន្ត មានបងប្រុសសរសេរឱ្យច្រៀង គឺលោកខេមរៈ ភារុណ និងលោកឆាយ វីរៈយុទ្ធ មានបងប្រុសឆាយ ម៉ៅ និពន្ធឱ្យច្រៀងដែរ។

ការដែលសាន់ដេ ទទួលយកអនុស្សាវរីយ៍ បន្ទាប់ពីតារាសំខាន់របស់ខ្លួន ខេមរៈ សិរីមន្ត ស្ពាយបង្វេចចូលហង្សមាស តែគេមិនដឹងថា អនុស្សាវរីយ៍ នឹងអាចស្នងតំណែងសិរីមន្ត បានប យ៉ាងណាទេ? ខណៈដែលមុននេះ នាយចឺម ប្រកាសថា រូបគេទេគឺជាអ្នកស្នងសិរីមន្ត នៅសាន់ដេ ហើយប្រើពេលតែមួយឆ្នាំប៉ុណ្ណោះ នឹងតាមឱ្យទាន់លោកប៊ុនថៃ ហើយ៕
