Friday, April 19, 2024
Homeព័ត៌មានជាតិរាជ​រដ្ឋា​ភិបាល ចាត់​វិធាន​ការ​បញ្ចោញ ថវិកា​២០​លាន​ដុល្លារ ទប់​ស្កាត់​ការ​ទម្លាក់​ថ្លៃ ស្រូវ

រាជ​រដ្ឋា​ភិបាល ចាត់​វិធាន​ការ​បញ្ចោញ ថវិកា​២០​លាន​ដុល្លារ ទប់​ស្កាត់​ការ​ទម្លាក់​ថ្លៃ ស្រូវ

ខេត្តបាត់ដំបង ៖ ឆ្លើយតបទៅនឹងការ ត្អូញត្អែររបស់ប្រជាកសិករ ពីរឿងការខំប្រឹង បង្កបង្កើនផលកសិកម្មទទួលបានទិន្នផលល្អ បែរ ជាត្រូវក្រុមឈ្មួញ និងក្រុមហ៊ុនមួយចំនួនព្យាយាម ទម្លាក់បន្ទាបតម្លៃផលិតផលកសិកម្មរបស់ខ្លួន ធ្វើឱ្យប្រជាកសិករត្រូវប្រឈមនឹងបញ្ហាផ្សេងៗ នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ រៀបចំប្រជុំរកដំណោះស្រាយ និងបានរកឃើញ វិធានការចាំបាច់មួយចំនួន ដើម្បីអន្តរាគមន៍ លើកតម្លៃស្រូវ ព្រមទាំងបញ្ចោញថវិកា២០លានដុល្លារ ដើម្បីទប់ស្កាត់ការទម្លាក់តម្លៃស្រូវ។

ជាមួយគ្នានេះ ធនាគារស្រូវកម្ពុជា ភីអិលស៊ី បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពី ការកំណត់តម្លៃស្រូវ និងប្រកាសទិញស្រូវពី ប្រជាពលរដ្ឋចៀសវាងក្រុមឈ្មួញឆ្លៀតឱកាស កេងចំណេញ តាមរយៈការបន្ទាបតម្លៃស្រូវ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេចនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ថាដោយសារមួយរយៈពេលកន្លង ទៅនេះ តម្លៃស្រូវ និងកសិកផលរបស់ប្រជាពលរដ្ឋមិនថាតែនៅកម្ពុជា ទេ គឺនៅប្រទេសដទៃ ក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេសមួយ រយៈពេលចុងក្រោយនេះ គឺតម្លៃស្រូវនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង។

ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះ កង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុន នេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំ រកដំណោះស្រាយលើបញ្ហានេះ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានរកឃើញនូវវិធានការ ចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំង ការបញ្ចោញថវិកាយ៉ាងតិច២០លានដុល្លារ ដើម្បី រួមជាមួយទុននៃផ្នែកផ្សេងទៀត ដើម្បីគាំទ្រ លើតម្លៃស្រូវ។

នៅពេលបន្តិចទៀតនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើ ដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូន បងប្អូនប្រជាកសិករនៅទូទាំងប្រទេស។

ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមាន វិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។

សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា

ដោយឡែក យោងតាមសេចក្តីជូនដំណឹង របស់ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ បានឱ្យដឹងថាធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី សូមប្រកាសជម្រាប ជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ ក្នុង ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ មេត្តាជ្រាបថា ៖ ដោយមានកិច្ចសហការគាំទ្រ ហិរញ្ញប្បទាន ពីធនាគារអភវិឌ្ឍន៍ជនបទ នៃ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ និង ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុបន្ននេះ ក្រុមហ៊ុនសូមប្រកាសជូនដំណឹងដូចខាងក្រោម 

.សូមបងប្អូនប្រជាកសិករឈប់លក់ស្រូវ សែនក្រអូបសើម នៅក្នុងតម្លៃក្រោម៨៤០រៀល= ៧បាត ក្នុងមួយគីឡូក្រាម។

.ធនាគារស្រូវ សូមប្រកាសទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃចាប់ពី ៨៤០រៀល=៧បាត ក្នុងមួយគីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ។

.ធនាគារស្រូវ សូមប្រកាសទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃចាប់ពី៨០០រៀល=,៥០ បាត ក្នុងមួយគីឡូក្រាម ពីកសិករនៅទីតាំង ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ដែល មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

.សូមប្រកាសជម្រាបជូនដល់បងប្អូន ប្រជាកសិករទាំងអស់ ដែលមិនទាន់ចង់លក់ស្រូវ បងប្អូនអាចដឹកស្រូវមកសម្ងួត និងទុកផ្ញើនៅ ធនាគារស្រូវបាន។

.ធនាគារស្រូវ បាននិងកំពុងធ្វើកិច្ចសហការគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការដឹក ស្រូវមកបញ្ចាំស្តុកទុកនៅធនាគារស្រូវ និងទិញ កាត់ស្រូវពីធនាគារស្រូវ បញ្ចាំស្តុកទុក ដោយ ទទួលបានប្រាក់កម្ចី៧០ភាគរយ ពីធនាគារស្រូវ។ ជាមួយគ្នានេះ ធនាគារស្រូវនឹងជួយទិញអង្ករ ពីរោងម៉ាស៊ីនកិនស្រូវ ស្តុកទុកលក់បញ្ចាំសម្រាប់ អ្នកនាំចេញ។ សម្រាប់លក្ខខណ្ឌរោងម៉ាស៊ីន កិនស្រូវ ដែលធនាគារស្រូវជួយគាំទ្រក្នុងការ បញ្ចាំ ស្តុក និងជួយទិញអង្ករ គឺក្នុងករណីដែល រោងម៉ាស៊ីនកិនស្រូវនោះ ឱ្យឈ្មួញរបស់ខ្លួន ទទួលទិញស្រូវសែនក្រអូបសើម ពីប្រជាកសិករ ក្នុងតម្លៃចាប់ពី ៨៤០រៀល=៧បាត ក្នុងមួយ គីឡូក្រាម។

.ធនាគារស្រូវនឹងអនុវត្តគោលការណ៍ ខាងលើនេះ សម្រាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ តទៅ។ ករណីមានការផ្លាស់ប្តូរ ឬ កែប្រែណាមួយនោះ ធនាគារស្រូវ នឹងជម្រាប់ ជូនដំណឹងជាថ្មីនៅពេលបន្ទាប់

បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងរបស់ ធនាគារស្រូវរួចមក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកច័ន្ទ សុផល អភិបាលខេត្ត និងលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធ បានចុះជួបដោយផ្ទាល់ជាមួយនឹង  ប្រជាកសិករដែលកំពុងប្រមូលផលស្រូវ នៅ ភូមិរស្មីសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ដើម្បី ប្រកាសឱ្យប្រជាកសិករបានដឹងអំពីការកំណត់តម្លៃ ស្រូវជូនប្រជាពលរដ្ឋ ទប់ស្កាត់ការទម្លាក់ ថ្លៃពីក្រុមឈ្មួញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើលិខិត មួយជូនទៅប្រធានមន្ទីរកសិកម្មរាជធានីខេត្ត ដើម្បីឱ្យចាត់វិធានការទប់ស្កាត់ការប្រមូលទិញ កសិផល ដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និង ក្រុមហ៊ុនធ្វើអាជីវកម្មលើផលិតផលកសិកម្ម ដែលវិធានការទាំងនោះរួមមាន 

ទប់ស្កាត់នូវការប្រមូលទិញផ្តាច់មុខពី សំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ថ្លៃឱ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការជូនរដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមដោះស្រាយ។

ពង្រឹងសមត្ថភាពសមាគមកសិកម្ម មូលដ្ឋាន លើការប្រមូលទិញកសិផល ពិសេស សន្និធិស្រូវ ដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។

ធ្វើការចរចាជាមួយសមាគមម៉ាស៊ីនកិន ស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវ ពីប្រជាកសិករ ឱ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES