តារាចម្រៀងរោមដៃជើងច្រើន ឆន សុវណ្ណារាជ ដែលផ្ញើខ្លួននៅប្រទេសកាណាដា រយៈពេល១ខែកន្លះនោះ បានវិលមកស្រុកវិញហើយកាលពីថ្ងៃទី១ ខែសីហា ខណៈដែលដៃគូចម្រៀងរបស់ខ្លួន មាស សុខសោភា មិនបានរួមដំណើរវិញទេ គឺជូនតែឡើងយន្ដហោះប៉ុណ្ណោះ។

គ្រាន់តែមកដល់ស្រុកភ្លាម ឆន សុវណ្ណារាជ មិនបង្អែរបង្អង់ឡើយ គឺបានឡើងច្រៀងសម្ដែងនៅទូរទស្សន៍ PNN ក្នុងកម្មវិធី “Bosstrong Music On Fire” កាលពីរាត្រីថ្ងៃទី៣ ខែសីហា តែម្ដង។

ដោយឡែកការចេញទៅច្រៀងសម្ដែងរកលុយនៅក្រៅស្រុករបស់សុវណ្ណារាជ លើកនេះ ត្រូវបានអាណិកជននៅកាណាដា មានការគាំទ្រច្រើន ពិសេសគឺនៅពេលដែលតារាចម្រៀងហង្សមាស រូបនេះ បានចាប់ដៃជាមួយតារាចម្រៀងមា ស សុខសោភា តែម្ដង។

តាមព័ត៌មានថា សុវណ្ណារាជ ក៏មិនខុសពីសោភា ដែរ គឺត្រូវបានអាណិកជនខ្មែរ នៅកាណាដា ព្យាយាមឃាត់ឲ្យបន្ដវីសាដើម្បីច្រៀងរាំនៅទីនោះទៀត ប៉ុន្តែអតីតអ្នកមច្រៀងផលិតកម្ម U2 រូបនេះ មិនអាចបន្ដបានដោយសារជាបើកិច្ចការក្នុងស្រុក ទើបសម្រេចចិត្តហោះមកវិញចោល សោភា តែម្ដង។

ការវិលវិញរបស់ឆន សុវណ្ណារាជ នៅពេលនេះ គឺចំពេលដែលហង្សមាសបា នឲ្យតំណែងថ្មីម្ចាស់បទ ”អារម្មណ៍ពេលខូចចិត្ត” រូបនេះ ដោយធ្វើជាគណៈកម្មការកម្មវិធី “Cambodian Idol Junior” រដូវកាលទី១ ដោយចាប់ដៃជាមួយព្រាប សុវត្ថិ និងសុខ ស្រីនាង បន្ថែមពីលើតំណែងដែលសុវណ្ណារាជ កំពុងមានស្រាប់ គឺធ្វើជាគណៈកម្មាការនិងគ្រូបង្វឹកកម្មវិធី “The Voice Cambodia” និង “Cambodian Idol”។

តាមរយៈការវិលមកស្ដារមុខឡើងវិញ ក្រោយបាត់ខ្លួនជាង១ខែ ក្នុងស្រុកនេះ ឆន សុវណ្ណារាជ ក៏ត្រៀមចេញមុខនូវភាពយន្ដ២ផ្សេងគ្នាផងដែរ នៅឆ្នាំ២០១៩នេះ គឺរឿង ”សិសិររដូវក្នុងបេះដូង” និងរឿង ”ខ្ញុំមានញាណលើស”។

យ៉ាងណា រឿងស្នេហារបស់សុវណ្ណារាជ ជាមួយនិស្សិតនៅអាមេរិក នាង ”អរិយ៉ា” វិញ ពេលនេះបែរស្ងប់ស្ងាត់ទៅវិញ ខណៈដែលកន្លងមកធ្លាប់លេចឮរឿងរសើបថា តារារូបនេះត្រូវប្រុសតាមស្នេហ៍ច្រើនជាងស្រីទៀតផង៕

