Wednesday, January 28, 2026
Homeព័ត៌មានជាតិគាត់បន្ធូរអារម្មណ៍ទាំងកណ្តាលរាត្រី ផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវ

គាត់បន្ធូរអារម្មណ៍ទាំងកណ្តាលរាត្រី ផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់មិនដឹងជាមួម៉ៅក្តៅចិត្តរឿងអ្វីកំពុងបើកឡានសុខៗ ក៏ឈប់ឡាននៅកណ្តាលស្ពានអាកាសស្ទឹងមានជ័យ រួចក៏ចុចកញ្ចក់ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់ រួចក៏បើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ករណីបាញ់មេឃកណ្តាលរាត្រីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកលុចស៊ីស ពណ៌ស១គ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង រួចឡើងលើស្ពានអាកាសស្ទឹងមានជ័យ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានឈប់រួចអ្នកបើកបរបានចុចកញ្ចក់ចុះ ហើយដកកាំភ្លើងខ្លីបាញ់ទៅលើមេឃ៣ទៅ៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរឆ្លងកាត់ទីនោះយ៉ាងខ្លាំង។ បន្ទាប់មកជនសង្ស័យជាខ្មាន់កាំភ្លើងក៏បានបើករថយន្តគេចខ្លួនបាត់ បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានរកឃើញសំបកផ្ទុះចំនួន១គ្រាប់ យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES