កណ្តាល៖ ប្តីប្រពន្ធ១គូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចុះឆែកឆេររកឃើញសារធាតុញៀននៅជាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។

ប្តីប្រពន្ធដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ បុរសជាប្តីមានឈ្មោះអេង អៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងភរិយាមានឈ្មោះភុន កំសត់ ហៅម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន និងទូរសព្ទ័ដៃចំនួន២គ្រឿង (ម៉ាកណូគាអិនចុចពិល និងម៉ាកអាយហ្វូនហ្វាយស)។

ប្រភពពីសមត្ថកិច្ច្បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ និងដោយមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯករស់ ចន្ថា អធិការស្រុកស្អាង ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ សហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ អនុភូមិ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យ បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនឹងវត្ថុតាង មកកានឮអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានសារភាពថា រូបគេបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច តម្លៃ២០,០០០៛ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ ប៉ុន្ដែស្គាល់មុខជាកូនចៅឈ្មោះម៉ៅ នៅចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ជាមួយប្រពន្ធ។ ចំណែកនារីជាប្រពន្ធ ក៏បានសារភាពថា រូបនាងធ្លាប់បានលក់គ្រឿងញៀន (ម៉ាទឹកកក) រយៈពេល៣ឆ្នាំឲ្យឈ្មោះលុច នៅផ្សារស្អាងខាងជើង និងបានប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ១គូនេះ សមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕