ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានប្រើអំពើហិង្សាវាយដំគូទំនាស់ម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ព្យាយាមរត់គេចខ្លួនចេញពីស្រុកកំណើតអស់រយៈពេលជាង២ឆ្នាំ ទីបំផុតលបវិលចូលស្រុកវិញក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ឃាត់ខ្លួនតាមដីកាតុលាការ។
ប្រតិបត្តិការចាប់ខ្លួនជនជាប់ចោទពាក់ព័ន្ធអំពើហិង្សាដោយចេតនាខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខសាលាបឋមសិក្សានំក្រៀប ស្ថិតនៅក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ជនត្រូវចោទដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអំណត់ ចិត្រា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះធ្វើឡើងដោយកម្លាំងផ្នែកអនុវត្តនៃដីកាសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកព្រះស្តេច និងអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនលេខ៣៤១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ របស់ចៅក្រមជំនុំជម្រះ ឡូយ ចាន់ត្រា នៃសាលាដំបូងខេត្តបាត់ដំបង។ អនុវត្តលើឈ្មោះអំណត់ ចិត្រា ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិព្រែកមហាទេព សង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រោយអនុវត្តរួច កម្លាំងនគរបាលជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕