Tuesday, January 27, 2026
Homeព័ត៌មានជាតិអ្នកជំនាញពូជធុរ៉េនល្បីល្បាញនៅម៉ាឡេស៊ី មកជួយផ្នែកកសិកម្មនៅកម្ពុជា

អ្នកជំនាញពូជធុរ៉េនល្បីល្បាញនៅម៉ាឡេស៊ី មកជួយផ្នែកកសិកម្មនៅកម្ពុជា

កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបណ្ដុះបង្កាត់ពូជ និងបច្ចេកទេសដាំដុះធុរ៉េនម៉ូសាងឃីង ដែលជាពូជធុរ៉េនដ៏ល្បីល្បាញប្រចាំនៅប្រទេសម៉ាឡេសុី លោក Way Sew Chiang ហៅលី បានអញ្ជើញមកដល់កម្ពុជា។

វត្តមានលើកដំបូងរបស់លោក គឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុនហង្សម្ចាស់ដីដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ដើម្បីឲ្យលោកមកជួយលើផ្នែកបច្ចេកសទេស និងដើម្បីឲ្យកម្ពុជាមានលទ្ធភាពដាំពូជធុរ៉េន ដែលជាពូជមានទីផ្សារខ្លាំងនៅក្នុងពិភពលោក។

លោកលី បានថ្លែងប្រាប់ពេលមកដល់កម្ពុជាថា លោកគឺជាអ្នកឯកទេសផ្នែកដាំដុះនិងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទេសម៉ាឡេសុី ដោយបានធ្វើការលើមុខជំនាញនេះប្រមាណជាង៣០ឆ្នាំមកហើយ លោកក៏មានស្នាដៃជួយឲ្យប្រទេសម៉ាឡេសុី មានលទ្ធភាពផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីងនៅក្នុងប្រទេស និងនាំចេញនាពេលចុងក្រោយនោះផង។

លោកលី បន្តថា ក្រៅពីទទួលខុសត្រូវលើការងារក្នុងកសិដ្ឋានរបស់ខ្លួន លោកក៏ជាបណ្ដុះបណ្ដាលនិងជាអ្នកផ្ដល់បច្ចេកទេសជួយដល់ម្ចាស់ចម្ការធុរ៉េនម៉ូសាងឃីងធំៗនៅក្នុងប្រទេសប្រចាំនៅក្នុងប្រទេសម៉ាឡេសុីផងដែរ។ នាពេលកន្លងមកលោកបានចុះទៅបណ្ដុះបណ្ដាលជំនាញដាំពូជធុរ៉េននេះនៅក្នុងប្រទេសឥណ្ឌូនេសុី និងប្រទេសផ្សេងទៀត ជាច្រើនកន្លែង ដើម្បីឲ្យប្រទេសទាំងនោះមានលទ្ធភាពដាំដុះពូជធុរ៉េនមួយនេះ។

លោកលី បន្តទៀតថា ដោយឡែកសម្រាប់ដំណើរមកកាន់កម្ពុជារបស់លោកនៅក្នុងពេលនេះ ក៏មិនខុសពីដំណើរកន្លងមកទៅកាន់ប្រទេសឥណ្ឌូណេសុីនោះដែរ ដោយលោកមកដើម្បីសិក្សាទឹកដីមួយចំនួនរបស់កម្ពុជា ជាពិសេស គឺបរិយាកាសនិងសណ្ឋានដីក្នុងខេត្តកំពត ដើម្បីកំណត់ដឹងថា តើត្រូវរៀបចំបច្ចេកទេសដូចម្ដេច ដើម្បីអាចអោយពូជធុរ៉េនម៉ូសាងឃីង អាចលូតលាស់បានល្អ។

លោកបន្ថែមថា ខ្លួននឹងចំណាយពេល៥ថ្ងៃ ជាមួយនឹងក្រុមហ៊ុនហង្សម្ចាស់ដីដើម្បីបណ្ដុះជំនាញអ្នកឯកទេសកម្ពុជាលើពូជដំណាំមួយនេះ ដោយក្រោយបញ្ចប់បេសកកម្មលើកដំបូង លោកបន្តចុះមកកម្ពុជាឲ្យញឹកញាប់បន្ថែមទៀត ដើម្បីជួយកម្ពុជា មានចម្ការធុរ៉េនម៉ូសាងឃីង ដែលមានស្ដង់ដារដូចគ្នានឹងនៅម៉ាឡេសុី។

លោកលី ក៏ប្រកាសនឹងជួយរកទីផ្សារដល់កម្ពុជាផងដែរថា ប្រសិនបើកម្ពុជាមានលទ្ធផលផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីងនៅអំឡុងប៉ុន្មានឆ្នាំក្រោយ ហើយរកទីផ្សារនាំចេញមិនបាន។ ផ្អែកតាមការសិក្សា នឹងវាយតម្លៃជាបឋមលោកថា កម្ពុជាក៏អាចដាំធុរ៉េនម៉ូសាងឃីងបានល្អមិនចាញ់ម៉ាឡេសុីនោះដែរ ដោយគ្រាន់តែត្រូវរៀបចំបច្ចេកទេសខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ចំណែកលោកហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី ធ្លាប់បានថ្លែងថា សម្រាប់ចម្ការធុរ៉េនរបស់គម្រោង “ឋានព្រះឥន្ទ” ក្រុមហ៊ុនបានទំនាក់ទំនងជាមួយអ្នកជំនាញប្រទេសម៉ាឡេសុីក្នុងការនាំពូជសុទ្ធ “ម៉ូសាងឃីង” ផ្ទាល់ពីម៉ាឡេសុីតែម្ដង ដោយមិនទិញពូជពីប្រទេសជិតខាងទេ ដើម្បីអោយបានពូជសុទ្ធ។

ក្នុងនោះក្រុមហ៊ុនក៏ត្រៀមចំណាយទុនខ្ពស់ក្នុងការអញ្ជើញអ្នកឯកទេស គឺលោកលី ឲ្យឡើងចុះមកសិក្សានិងជួយលើផ្នែកបច្ចេកទេសតាំងពីដំណាក់កាលបណ្ដុះពូជដាំដុះ រហូតដល់បានផលផងដែរ។

លោកបន្តថា ពូជធុរ៉េនម៉ាសាងឃីង ត្រូវបានដាំបណ្ដើរៗហើយនៅខេត្តកំពត ដោយនឹងបន្ដដាំនៅខេត្តផ្សេងៗទៀត៕

RELATED ARTICLES