Tuesday, January 27, 2026
Homeព័ត៌មានជាតិក្រុមហ៊ុន Forte ប្រកាសចាប់ដៃជាមួយក្រុមហ៊ុនដឹកជញ្ជូន "ជូនអ្នក"

ក្រុមហ៊ុន Forte ប្រកាសចាប់ដៃជាមួយក្រុមហ៊ុនដឹកជញ្ជូន “ជូនអ្នក”

កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន២ គឺក្រុមហ៊ុនធានារ៉ាប់រង Forte និងក្រុមហ៊ុនដឹកជញ្ជូន “ជូនអ្នក” បានប្រកាសចាប់ដៃគ្នា ដោយអះអាងថា ហេតុផលនៃការសហការនេះ នឹងជំរុញឲ្យមានការឈានឡើងកាន់តែខ្លាំងដើម្បីជាប្រយោជន៍ដល់សាធារណជន។ កិច្ចព្រមព្រៀងនេះមានរយៈពេល១ឆ្នាំ ដោយគ្រោងនឹងបន្តកិច្ចសន្យាជាមួយគ្នាច្រើនទៀត ក្នុងពេលបន្តបន្ទាប់។

លោក គង់ សុលីយ៉ា នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន “ជូនអ្នក” បានថ្លែងបញ្ជាក់ថា ដោយសារតែកំណើននៃការទិញទំនិញតាមប្រព័ន្ធអនឡាញមានកាន់តែច្រើន ទើបក្រុមហ៊ុនជូនអ្នក (Joonaak) សម្រេចរ៉ាប់រងសេវាកម្មទទួលខុសត្រូវលើការដឹកជញ្ជូន ដោយបានបង្កើតក្រុមការងារសម្រាប់ទទួលការកុម្ម៉ង់ និងក្រុមដឹកជញ្ជូនដល់ផ្ទះនៅទូទាំងរាជធានី ដើម្បីឲ្យមុខទំនិញរបស់អ្នកលក់អនឡាញមិនភ័យរឿងសេវាកម្មដឹកជញ្ជូន និង ភាពយឺតយ៉ាវក្នុងការដឹកជញ្ជូន។

ជាមួយនឹងការទទួលបានអតិថិជនជាដៃគូកាន់តែច្រើន ក្រុមហ៊ុនក៏បានសម្រេចចាប់ដៃជាមួយក្រុមហ៊ុន Forte ដើម្បីធានារ៉ាប់រងនូវរាល់អតិថិជនដែលបានកុម្ម៉ង់ទំនិញតាមរយៈក្រុមការងារជូនអ្នក ដែលនេះគឺការបង្កើនទំនុកចិត្តយ៉ាងខ្លាំង។

នេះគឺជាកិច្ចសហការដែលអតិថិជននឹងទទួលបានសំណងយ៉ាងទាន់ចិត្ត ប្រសិនបើទំនិញដែលជូនអ្នកដឹកជញ្ជូនត្រូវខូច ឬបាត់បង់។

លោកឳ សៅវណ្ណា អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនធានារ៉ាប់រង Forte បានអះអាងថា កិច្ចសហការដែលបានឯកភាពនេះ នឹងជំរុញឲ្យក្រុមហ៊ុនកាន់តែមានទំនុកចិត្តខ្ពស់ពីអតិថិជន ប៉ុន្តែក៏ជួយអោយក្រុមហ៊ុន Forte ទទួលបានកំណើនអតិថិជនផងដែរ៕

RELATED ARTICLES