ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាមិនចោលចរិតខិលខូចទៅលួចលាក់មានប្រពន្ធចុងម្នាក់ទៀត លុះក្រោយពីផឹកស៊ីជុំគ្នាស្រវឹង ត្រូវប្រពន្ធចុងចោទថា ប្តីស្រលាញ់ប្រពន្ធដើមច្រើនជាងខ្លួន (ប្រពន្ធចុង) ក៏ធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សាត្រូវបុរសជាប្តីវ៉ៃស្ត្រីជាប្រពន្ធចុងរហូតដល់សន្លប់ស្តូកស្តឹង។
ករណីអំពើហិង្សាខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ១៩៦២ ស្ថិតក្នុងភូមិ ត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យជាប្តីមានឈ្មោះគង់ វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធចុង មានឈ្មោះហុង ស្រីនាង អាយុ៣២ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសជាំដើមដៃខាងឆ្វេង និងរបួសកខាងឆ្វេង)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តី រួមនឹងស្ត្រីជាប្រពន្ធចុងបាននាំគ្នាទិញស្រាបៀរមកផឹកក្នុងបន្ទប់ជួលតែ២នាក់ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្ត្រីជាប្រពន្ធចុងក៏រអ៊ូរទាំដាក់ប្តីពីរឿងច្រណែនថាប្តីស្រលាញ់ប្រពន្ធដើមជាងខ្លួនជាប្រពន្ធចុង (ស្រលាញ់មិនស្មើគ្នា) ទើបធ្វើឱ្យបុរសជាប្តីខឹង ក៏កើតជាជម្លោះតឹងសរសៃកដាក់គ្នា១ប្រាវ រួចក៏ស្ងាត់វិញ។
ប្រភពដដែលបន្តថា ក្រោយមក បុរសជាប្តីក៏បានក្រោកដើរចេញទៅក្រៅបន្ទប់ លុះដល់ផ្លូវបេតុង ជិតវត្តក្រាំងធ្នង់ ស្ត្រីរងគ្រោះជាប្រពន្ធចុងបានជិះម៉ូតូទៅតាមដល់ចំណុចកើតហេតុ ក៏កើតមានជម្លោះនឹងគ្នាសាជាថ្មី រហូតឈានដល់ការប្រតាយប្រតប់គ្នា ជាហេតុធ្វើឱ្យជនសង្ស័យទ្រាំមិនបានក៏វាយទៅលើស្ត្រីរងគ្រោះជាប្រពន្ធចុង បណ្តាលឱ្យសន្លប់ស្តូកដេកដួលលើដីតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងចេញល្បាតបានប្រទះឃើញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕