Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិសហគម​ធនាគារ​ ​បង្កើត​​គោល​ការណ៍​ ហិរញ្ញ​វត្ថុ​ដោយ​ចីរ​ភាព

សហគម​ធនាគារ​ ​បង្កើត​​គោល​ការណ៍​ ហិរញ្ញ​វត្ថុ​ដោយ​ចីរ​ភាព

MC សហគមធនាគារនៅកម្ពុជា បានបោះជំហ៊ានដ៏សំខាន់មួយឆ្ពោះទៅការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈការប្តេជ្ញាបង្កើតឲ្យមានគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព និងឈានទៅដល់ការដាក់បញ្ចូលនូវការការពារបរិស្ថានសង្គម ក៏ដូចជាស្តង់ដាហិរញ្ញប្បទានចូលទៅក្នុងការសម្រេចចិត្តអាជីវកម្មរបស់ពួកគេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ក្នុងការចាប់ផ្តើមបង្កើតឲ្យមានគោលការណ៍ហិរញ្ញវត្ថុដោយចីរភាពនាព្រឹកថ្ងៃទី១៩ កញ្ញានេះថា គោលការណ៍នេះអាចជួយកាត់បន្ថយ ហានិភ័យនៃការវិនិយោគទុនឲ្យនៅកម្រិតទាប ព្រមទាំងអាចជួយការពារ និងថែររក្សាបរិស្ថាន ក៏ដូចជា គាំទ្រសហគមន៍និងវប្បធ៌មនៅមូលដ្ឋានទៀតផង។

សហគមនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាស្ថាប័នផ្លូវការដែលតំណាងឲ្យធនាគារឯកជននៅកម្ពុជា។

ក្នុងពិធីសម្ភោធកម្មវិធីខាងលើនេះ លោកឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ការប្តេជ្ញាចិត្តក្នុងការរៀបចំ និងបង្កើតឲ្យមានស្តង់ដាសង្គម និងបរិស្ថាន ដែលស្តង់ដានេះសមស្របសម្រាប់កម្ពុជា ព្រោះស្តង់ដានេះត្រូវបានរៀបចំដោយធនាគារនៅកម្ពុជា ដោយមានជំនួយពីអ្នកជំនាញអន្តរជាតិ។

លោកបន្តថា “ការប្តេជ្ញាចិត្តរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការបង្កើតឲ្យមានគោលការណ៍ផ្តល់ហិរញ្ញប្បទាន ដែលមានការគិតគូពីបរិស្ថាន និងសង្គមបានក្លាយជាការពិត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា និងការវិនិយោគផ្ទាល់ពីបរទេសកំពុងមានកំនើនយ៉ាងឆាប់រហ័ស ជាពិសេសគំរោងហេដ្ឋារចនាសម្ព័ន្ឋខ្នាតធំ ដូចជាទំនប់វារីអគ្គិសនី និងតំបន់សេដ្ឋកិច្ចពិសេស”។

លោកស្រីគ្រីស្ទី អូវិន(Christy Owen)ប្រធានគំរោងភាពជាដៃគូតំបន់ទន្លេមេគង្គសម្រាប់បរិស្ថានថ្នាក់តំបន់បានថ្លែងថា មិនត្រឹមតែការផ្តល់ហិរញ្ញវត្ថុដោយចីរភាព មានតំលៃដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងសុខភាពបរិស្ថាននោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យពាណិជ្ជកម្មមានភាពល្អប្រសើរថែមទៀត”។លោកស្រីបន្តថា “ការអនុវត្តន៍ទាំងនេះមិនត្រឹមតែជួយដល់សហគមន៍នោះទេ តែវាថែមទាំងជួយដល់ធនាគារផងដែរ តាមរយៈការកាត់បន្ថយហានិភ័យ និងបង្កើតឲ្យមានទីផ្សារថ្មីៗ”។

មន្រ្តីសម្របសម្រួលសាកលនៃបណ្តាញធនាគារដោយចីរភាព និងជាមន្រ្តីគោលនយោបាយជាន់ខ្ពស់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិលោកស្រីរ៉ុង ហ្សាង(Rong Zhang)បានថ្លែងថា បណ្តាញធនាគារដោយចីរភាព ស្វាគមន៍ចំពោះការបើកសម្ភោធគំនិតផ្តួចផ្តើមហិរញ្ញវត្ថុដោយចីរភាពកម្ពុជា ក្រោមការដឹកនាំរបស់សមាគមធនាគារនៅកម្ពុជា។លោកស្រីបន្តថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងបណ្តាញធនាគារដោយចីរភាព នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមធនាគារកម្ពុជា ក្នុងការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងមានទំនួលខុសត្រូវនៅកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព”៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES