របបប៉ុល ពត បានបង្កើតពាក្យស្លោកមួយថា “មានស្រូវ គឺមានអ្វីៗទាំងអស់” ដោយបង្ខិតបង្ខំប្រជាទាសករឱ្យធ្វើស្រែ ទាំងយប់ទាំងថ្ងៃ ស៊ីអត់ស៊ីឃ្លានដើម្បីបង្គ្រប់ផែនការ “១ហិកតារ ៣តោន”។ លុះមកទល់ពេលនេះ ប្រជាកសិករនៅខេត្ត ជង្រុកស្រូវ ពោធិ៍សាត់-បាត់ដំបង ក៏នៅតែរក្សាទុកពាក្យស្លោក “មានស្រូវ គឺមានអ្វីៗទាំងអស់” ផ្ទុយពីអ្នកក្រុង ដែល “មាន ដុល្លារ គឺមានអ្វីៗទាំងអស់” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ បន្ទាប់ពីប្រជាកសិករនៅខេត្តបាត់ដំបង បិទផ្លូវតវ៉ារឿងស្រូវថោក…។
កាលពីពេលថ្មីៗនេះ ប្រជាកសិករ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង រាប់រយនាក់ បានដឹកស្រូវមកចាក់ រាយលើផ្លូវជាតិលេខ៥ ដើម្បីតវ៉ានឹងក្រុមឈ្មួញទម្លាក់តម្លៃស្រូវ និងចោទប្រកាន់អាជ្ញាធរមិនជួយធ្វើអន្តរាគមន៍។ សកម្មភាព នេះអ្នកវិភាគមួយចំនួនមិនចាត់ទុកជា “បាតុកម្ម” នោះទេ ប៉ុន្តែ ជា “ការរើបម្រះ” ដោយហេតុថា ប្រជាកសិករទាំងនោះ មានគ្រប់និន្នាការនយោបាយ និងមានបុរសៗខ្លះពាក់អាវយឺតគណបក្សប្រជាជនកម្ពុជា និមិត្តសញ្ញាទេវតា។ នៅពេលមាន ការតវ៉ាភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានព្រមានថា នឹងស្រាវជ្រាវរកមុខអ្នកញុះញង់បំផុសបំផុល យកមកផ្តន្ទាទោស តាមច្បាប់ ព្រោះការបិទផ្លូវសាធារណៈបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ទោះយ៉ាងណា ការតវ៉ានេះបាន បញ្ចប់ទៅហើយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា “វិបត្តិសេដ្ឋកិច្ចសាកល មិនត្រឹមតែផលិតផលស្រូវទេ ដែលចុះថោក សូម្បីកៅស៊ូ ប្រេង ក៏ធ្លាក់ថ្លៃដែរ” រាជរដ្ឋាភិបាលត្រៀមថវិកា២០លានដុល្លារ និងថវិកាធនាគារអភិវឌ្ឍន៍- ជនបទ៧លានដុល្លារទៀត ដើម្បីទ្រទ្រង់តម្លៃស្រូវឡើងវិញ។ ទន្ទឹមនោះ សម្តេចហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់ឈ្មួញខិលខូចកុំឱ្យទម្លាក់តម្លៃស្រូវកសិករ និងអំពាវនាវឱ្យឯកជនចូលរួមដោះស្រាយបញ្ហា…។
សូមរំព្ញកថា តាំងពីដូនតាមក ប្រជាកសិករនៅខេត្តបាត់ដំបង ដែលមានដីស្រែកម្មសិទ្ធិច្រើនជាងកសិករនៅខេត្តឯទៀត បានពឹងផ្អែកទាំងស្រុងទៅលើផលស្រូវ ដែលពួកគាត់ផលិតបាន។ ស្រូវអង្ករចេញពីខេត្តបាត់ដំបង មានឈ្មោះល្បីពេញពិភព- លោក ដោយឈានពីកសិកម្មអន់ថយ ប្រើគោ ក្របី អូសនង្គ័ល រនាស់ រទេះ ទៅជាការប្រើប្រាស់គោយន្ត ត្រាក់ទ័រ ម៉ាស៊ីន បូមទឹក ស្ទើរតែគ្រប់គ្រួសារ។ ពួកគាត់ប្រកាន់ពាក្យស្លោកថា “មានស្រូវ គឺមានអ្វីៗទាំងអស់” គឺសង់ផ្ទះធំទ្រនំខ្ពស់ ក៏ព្រោះ ស្រូវ បញ្ជូនកូនទៅបន្តការសិក្សាបានខ្ពង់ខ្ពស់ក៏ព្រោះស្រូវ ទិញយានយន្តបានក៏ព្រោះស្រូវ។ ដីស្រែនៅខេត្តបាត់ដំបង មាន ជីជាតិល្អណាស់ អាចធ្វើស្រូវស្រាលបាន៣ដង ក្នុង១ឆ្នាំ ជាពិសេសស្រូវដើមឆ្នាំ បើមានភ្លៀងធ្លាក់បរិបូណ៌ ហុចទិន្នផល ខ្ពស់ ណាស់។ ពេលច្រូតកាត់បោកបែន ដោយប្រើគ្រឿងចក្រ ម្ចាស់ស្រែបានទាក់ទងឈ្មួញមកចាំថ្លឹងស្រូវដល់ស្រែតែម្តង ដោយ ទូទាត់តម្លៃនៅនឹងកន្លែង ពោលគឺពួកគាត់ធ្វើស្រែយកស្រូវលក់ស្ទើរទាំងអស់ ដោយទុកមួយភាគតូច សម្រាប់ហូបក្នុងគ្រួសារ។ កាលបើឈ្មួញទម្លាក់តម្លៃស្រូវ គាត់មិនអាចលក់បានឡើយ ព្រោះត្រូវយកទៅទូទាត់ថ្លៃជីគីមី ថ្នាំសម្លាប់សត្វល្អិត ថ្លៃប្រេង- ម៉ាស៊ីនបូមទឹក ជាដើម។
ដូច្នេះយើងឃើញថា កាលបើតម្លៃស្រូវចុះដល់កម្រិត ពួកគាត់មិនអាចទ្រាំទ្របានទេ ចាំបាច់ត្រូវតែរើបម្រះ ស្របតាម ទ្រឹស្តីនយោបាយកាលពីសម័យរដ្ឋកម្ពុជា ថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ”? ទ្រឹស្តីនេះ ប្រជាពលរដ្ឋតែងឮ មន្ត្រីរដ្ឋាភិបាលសម័យនោះ សូត្រដាក់មីក្រូ ដើម្បីថ្កោលទោសរបបមុនៗ ដែលជិះជាន់រាស្ត្រ។ មន្ត្រីខ្លះបានទាំងសរសើរការ បះបោររបស់ប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង ទៀតផង។ កាលនោះអំឡុងឆ្នាំ១៩៦៧ មន្ត្រីរដ្ឋាភិបាលសង្គម- រាស្ត្រនិយមមួយចំនួន រកស៊ីរត់ពន្ធអង្ករ យកទៅលក់ឱ្យកងទ័ពវៀតកុង-វៀតណាមខាងជើង ដែលកំពុងធ្វើសង្គ្រាមប្រឆាំង របបក្រុងព្រៃនគរ ស្និទ្ធអាមេរិក។ កាលនោះនាយករដ្ឋមន្ត្រីលន់ នល់ បានបញ្ជាឱ្យកងទ័ព ចុះប្រមូលទិញស្រូវពីប្រជាកសិករ នៅស្រុកសំឡូត ដោយទម្លាក់ថ្លៃ១/៣ នៃតម្លៃទីផ្សារ លុះប្រជាកសិករមិនព្រមលក់ រដ្ឋាភិបាលបានប្រើវិធីក្តៅ រហូតដល់ កសិករស្រុកសំឡូត បះបោរជាទ្រង់ទ្រាយធំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៧។ ពេលនោះ ក៏មានការបង្ក្រាបបង្ហូរឈាម មានទាំងយន្តហោះទម្លាក់គ្រាប់បែកទៀតផង ប៉ុន្តែ រដ្ឋាភិបាលឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់កំហុសនេះទៅលើពួក ខ្មែរក្រហម ថាជាអ្នកញុះញង់កសិករឱ្យបះបោរ ដោយបិទបាំងកំហុសរដ្ឋាភិបាល ដែលបង្ខំរាស្ត្រឱ្យលក់ស្រូវថោក ងាយស្រួល ពួកខ្លួនប្រមូលកិនអង្ករយកទៅលក់ឱ្យពួកវៀតកុង-វៀតណាមខាងជើង យកចំណេញកប់ក្តោង។
ការលើកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ គឺចង់បង្ហាញថា “ប្រជាកសិករពឹងផ្អែកលើទិន្នផលស្រូវ បើស្រូវមានអ្នកជិះជាន់ ទម្លាក់ថ្លៃ ច្បាស់ជារើបម្រះមិនខានឡើយ”។ យ៉ាងណាមិញ ហេតុការណ៍នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាពេលថ្មីៗនេះ ប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍នៅស្រុកសំឡូត ខុសត្រង់សម័យនេះឈ្មួញជាអ្នកទម្លាក់ថ្លៃ ឯព្រឹត្តិការណ៍ នៅសំឡូត រដ្ឋាភិបាលជាអ្នកបន្ថោក។ នៅស្រុកសំឡូត គឺជាការបះបោរ ព្រោះមានការបង្ក្រាបខ្លាំង រហូតដល់រាស្ត្រពកូន ជញ្ជូនចៅរត់ចូលព្រៃ ប៉ុន្តែ ហេតុការណ៍ថ្មីៗនេះ ពុំមែនជាការបះបោរនោះទេ ហើយក៏គ្មានកសិករណារត់ចូលព្រៃនោះដែរ។ បើរាជរដ្ឋាភិបាលបញ្ចោញថវិកា២៧លានដុល្លារ ជួយទប់ទល់តម្លៃស្រូវ ឬថាជួយចេញខាត ដូចការទប់តម្លៃប្រេងសាំងនោះ អាចធ្វើឱ្យប្រជាកសិករមានទំនុកចិត្តឡើងវិញ។
យោងតាមការកត់សម្គាល់ ដូចអ្វីដែលយើងលើកពីទ្រឹស្តីមន្ត្រីរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា ថា “ទីណាមានការជិះជាន់ ទីនោះត្រូវតែមានការរើបម្រះ” ដែលមន្ត្រីខ្លះនៅកាន់តំណែងរហូតដល់សព្វថ្ងៃ។ ដូច្នេះបើឈ្មួញជិះជាន់ខ្លាំង ឬមានការសមគំនិត ជាមួយអាជ្ញាធរនោះ ការរើបម្រះនឹងកើតឡើងចៀសមិនរួចទេ ព្រោះតែកសិករកាន់ទ្រឹស្តី “មានស្រូវ គឺមានអ្វីៗទាំងអស់”។ ការតវ៉ារើបម្រះ វាផ្ទុយពីបាតុកម្ម ព្រោះថា បាតុកម្ម ច្រើនតែពាក់ព័ន្ធនឹងនយោបាយ ឯការតវ៉ារឿងឈ្មួញបន្ថោកតម្លៃស្រូវ នោះ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចគ្រួសារ ដែលប្រជាកសិករមាននិន្នាការខាងណាក៏តវ៉ាដែរ ព្រោះស្រូវគាត់ថោកពេក លក់យ៉ាងម៉េច កើត?
ជាទូទៅ ការប្រមូលផលស្រូវពេលភ្លៀងធ្លាក់ជោកជាំ តែងតែមានទទឹកសើមគ្រាប់ស្រូវខ្លះៗមិនខានឡើយ បើយកទៅ ថ្លឹង នឹងកើនទម្ងន់ ជាហេតុឱ្យឈ្មួញរួញរាក្នុងការប្រមូលទិញ។ ប៉ុន្តែ បើកសិករសុខចិត្តលក់ថោកឱ្យគេនោះ ច្បាស់ជាគេប្រមូល ទិញគ្មានសល់ ដោយយកទៅស្តុកទុកក្នុងឃ្លាំង បន្ទាប់ពីបញ្ចូលក្នុងឡសម្ងួតរួចរាល់។ ឈ្មួញនឹងលក់បន្តទៅប្រទេសជិតខាង ឬផលិតអង្ករលក់ បានចំណេញកប់ក្តោង ខណៈដែលប្រជាកសិករជំពាក់លុយធនាគារ ឬអង្គការ ព្រោះតែស្រូវថោក។ ការ នាំចូលអង្ករពីប្រទេសវៀតណាម យ៉ាងគគុកគគាក់ដូចទឹកបាក់ទំនប់នោះ ក៏ជាហេតុនាំឱ្យស្រូវខ្មែរ ធ្លាក់ថ្លៃដែរ។ អង្ករវៀត- ណាម ដែលប្រើជីគីមីហួសកម្រិតនោះ ដាំបាយមិនឆ្ងាញ់ដូចអង្ករខ្មែរទេ ប៉ុន្តែ អង្ករគេថោកជាង ធ្វើឱ្យសេដ្ឋកិច្ចខ្មែរច្របូក- ច្របល់។
សរុបទៅ “មានស្រូវ គឺមានអ្វីៗទាំងអស់” ជាពាក្យស្លោកក្នុងរបបប៉ុល ពត ប៉ុន្តែ ប្រជាកសិករនៅខេត្តជង្រុកស្រូវ ក៏ យកពាក្យស្លោកនេះមកអនុវត្តដែរ។ អ្នកស្រែអាងស្រូវ មិនអាងដុល្លារនោះទេ បើអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ ឬ បណ្តែតបណ្តោយឱ្យឈ្មួញទម្លាក់ថ្លៃស្រូវតាមចិត្តនោះ ធ្វើឱ្យកសិករទ្រាំមិនបាន។ លុះមានការតវ៉ា បើមានការសម្របសម្រួល លួងលោម សន្យាជួយទិញស្រូវដោយតម្លៃសមរម្យដោយមានអន្តរាគមន៍ភ្លាមៗពីរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធនានា បាន សមស្របនឹងធ្វើឱ្យប្រជាកសិករស្ងប់ចិត្ត និងមានកម្លាំងកាយចិត្តក្នុងការប្រកបរបរកសិកម្ម ពិសេសដំណាំស្រូវនេះបន្តទៀត៕
ដោយ ៖ អាចារ្យថាំ