Sunday, September 22, 2024
Homeព័ត៌មានជាតិលោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែន

លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែន

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញវន្តកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា លោកអ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្ត សៀមរាប នៃគណបក្សសង្គ្រោះជាតិ ដែលកំពុង ជាប់ពន្ធនាគារ គឺជាវីរជនព្រំដែន និងបាននាំទុក្ខ ដល់ខ្លួន ព្រោះកើតជំងឺស្រលាញ់ជាតិ ។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ថា បញ្ហាព្រំដែនកម្ពុជាវៀតណាម តុលាការកំពុងឆ្លាក់ឯកឧត្តមអ៊ុំ សំអាន ជាវីរជនព្រំដែន ខណៈសំណុំរឿងឯកឧត្តមអ៊ុំ សំអាន ក៏កំពុងឆ្លាក់តុលាការកម្ពុជា វិញ ឱ្យ មានមនសិការជាតិដូចគ្នា។

សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា  មេត្តាពិចារណា ០២ ចំណុច  

បើឯកឧត្តមអ៊ុំ សំអាន ចោទរដ្ឋាភិបាល ខុសមែន បញ្ហាព្រំដែនកម្ពុជាវៀតណាម គ្មាន បញ្ហាទេ

តើកម្ពុជា ចាំបាច់ធ្វើកំណត់ទូតជាមួយ វៀតណាម បញ្ហាព្រំដែនធ្វើអ្វី?

បញ្ជាក់ ៖ សំណុំរឿងឯកឧត្តមអ៊ុំ សំអាន ខុសគ្នាដាច់ស្រឡះពីសំណុំរឿងលោកហុង សុខហួរ។ ឯកឧត្តមអ៊ុំ សំអាន មានរឿងនាំ ទុក្ខដល់ខ្លួន ព្រោះកើតជំងឺស្រឡាញ់ជាតិ ខណៈ លោកហុង សុខហួរ មានរឿងនាំទុក្ខដាក់ខ្លួន ព្រោះកើតជំងឺចង់ល្បីជ្រុល

បន្ថែមលើការលើកឡើងនេះ លោករស់  សារ៉ុម បញ្ជាក់ថា ដោយមើលឃើញពីភាព ក្លាហានរបស់លោកអ៊ុំ សំអាន ទាក់ទងនឹងបញ្ហា ព្រំដែននេះ លោកស្នើឱ្យតុលាការពិនិត្យឡើង វិញ ពីនីតិវិធីច្បាប់ និងសុំឱ្យមានមនសិការចំពោះ ជាតិ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង នគរធំជាមួយលោករស់ សារ៉ុម ជុំវិញូករណីលោកអ៊ុំ សំអាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ 

នគរធំ ៖ ជម្រាបសួរលោករស់ សារ៉ុម! តើ ចំណុចណាខ្លះដែលបញ្ជាក់ថា លោកអ៊ុំ សំអាន ជាវីរជនព្រំដែន?

លោករស់ សារ៉ុម ៖ ពាក់ព័ន្ធនឹងចំណុច នេះ ខ្ញុំសូមលើកយកទឡ្ហីករណ៍២ ពាក់ព័ន្ធ ជាមួយរឿងបញ្ហាព្រំដែននេះ យើងដឹងហើយ ថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ទាំងអ្នកនយោបាយទាំងអស់គ្នា មិនថាគណបក្សណាទេ សុទ្ធតែគិតគូរទាំងអស់គ្នា ពីព្រោះជារឿងជាតិរបស់ យើង ហើយរឿងចំណុចទី១ ខ្ញុំផ្តោតសំខាន់ ទៅលើរឿងព្រំដែននេះ រវាងលោកអ៊ុំ សំអាន ហើយនិងលោកហុង សុខហួរ គឺមានលក្ខណៈ ព្រំដែនដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថា ទី១ លោក អ៊ុំ សំអាន ផែនទីដែលកាត់មាន គាត់មិនមែន ធ្វើខ្លួនឯងទេ គឺគាត់យកពីគេមកដែរទេ ជាពិសេស យើងថាឱ្យអស់ គឺទិញផែនទីនៅផ្សារ ហើយលោកហុង សុខហួរ គឺក្លែងកិច្ចព្រមព្រៀង តែម្តង។ អ៊ីចឹងដូចយើងនិយាយនេះ ជាទូទៅ ក្នុងនាមបុគ្គលមួយ ជាតំណាងរាស្ត្រក្តី ឬក៏ជា អ្នកស្រាវជ្រាវក្តី យើងមិនអាចមានឯកសារ ពិតប្រាកដដូចរាជរដ្ឋាភិបាលបានទេ គ្រាន់តែ មើលឃើញចំណុចណាដែលយើងរកឃើញ យើង មានការសង្ស័យ រួចយើងមានការព្រួយបារម្ភ អាហ្នឹងយើងលើកជាកង្វល់ឡើង។ អ៊ីចឹងនេះ ជាចំណុចរបស់លោកអ៊ុំ សំអាន។ ហើយមួយ ទៀត ចំណុចទឡ្ហីករណ៍ទី២ ដែលយើងរក ឃើញហ្នឹង គឺនៅពេលដែលធ្វើការបោះបង្គោល ព្រំដែនរវាងកម្ពុជា និងវៀតណាម យើងឃើញ ថា វៀតណាម ប៉ុន្មានកន្លែងហើយ ដូចជា៥ កន្លែងហើយ ដែលធ្វើប៉ុស្តិ៍ ឬក៏ជីកស្រះក្តី ស្អីៗ ហ្នឺង គឺមានបញ្ហាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផងដែរ  ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើ កំណត់ទូតមួយចំនួន ទៅកាន់រដ្ឋាភិបាលវៀតណាម ផងដែរ ក៏ប៉ុន្តែកំណត់ទូតទាំងនោះ មិន ទាន់មានការឆ្លើយតបច្បាស់លាស់នៅឡើយ ហើយយើងឃើញថា កិច្ចប្រជុំបញ្ហាព្រំដែនរវាង កម្ពុជាវៀតណាម កន្លងទៅហ្នឹង យើងឃើញ ថា បញ្ហាបន្តកើតមាន គឺភាគីទាំង២ហ្នឹង រក ចំណុចគន្លឹះ ដើម្បីឱ្យត្រូវគ្នា ដើម្បីបោះបង្គោល ព្រំដែនហ្នឹង ដោះស្រាយគ្នាហ្នឹង គឺអត់ត្រូវគ្នា។ អ៊ីចឹងមានន័យថា ព្រំដែនហ្នឹងវាមានបញ្ហា។ ដូច្នេះបានជាខ្ញុំលើកឡើងថា ចំណូចហ្នឹង តុលាការ គួរតែគិតគូរឡើងវិញ ធ្វើទៅតាមច្បាប់ ដែល យើងមាន សិក្សាមើលតើអ្វីដែលគាត់និយាយ ហ្នឹងពិតឬអត់? វាបានកម្រិតប៉ុនណា? ព្រោះ អាហ្នឹងវាពាក់ព័ន្ធរឿងជាតិ។ អ៊ីចឹងយើងយល់ ថា ចំពោះបញ្ហាលោកអ៊ុំ សំអាន នេះគឺបើ គាត់មិនទាញចំណាប់អារម្មណ៍កន្លែងព្រំដែន  គាត់មិនទៅផ្ទាល់រឿងហ្នឹង សួរថា យើងចាប់អារម្មណ៍រឿងព្រំដែនទេ? យើងបានតែបារម្ភ ទេ តែយើងអត់បានធ្វើ ប៉ុន្តែលោកអ៊ុំ សំអាន គាត់ធ្វើ។ អ៊ីចឹងយើងគួរតែលើកទឹកចិត្តដល់ គាត់ទៅវិញល្អជាង ។

នគរធំ ៖ អ៊ីចឹងបានន័យថា អ្វីដែលលោក អ៊ុំ សំអាន លើកឡើងទាក់ទងនឹងបញ្ហាព្រំដែន កន្លងមក សម្រាប់លោកយល់ថា ជាការត្រឹមត្រូវ មែនទេ?

លោករស់ សារ៉ុម ៖ វាមិនអាចថាទាំងស្រុង ទេ ក៏ប៉ុន្តែវាជាលក្ខណៈមួយដែលបង្ហាញឱ្យជាតិ ខ្មែររបស់យើងទាំងអស់គ្នាហ្នឹងចាប់អារម្មណ៍ ឡើងវិញពីបញ្ហាហ្នឹង ពីព្រោះបញ្ហាព្រំដែនហ្នឹង វាជាបញ្ហាមន្ទិលសង្ស័យមួយដ៏ធំរវាងខ្មែរ និង វៀតណាម។

នគរធំ ៖ ចំពោះពាក្យថាវីរជនព្រំដែននេះ ពិតជាសមប្រើសម្រាប់លោកអ៊ុំ សំអាន នេះឬយ៉ាងណា?

លោករស់ សារ៉ុម ៖ ខ្ញុំសូមបញ្ជាក់ ពាក្យ ថាវីរជនវាខុសពិវីរបុរស។ វីរបុរស ដូចព្រះកូណាយើងអ៊ីចឹង ហ្នឹងហើយវីរបុរសរបស់យើង  ជានិមិត្តរួបមួយ ប៉ុន្តែវីរជន គឺសំដៅទៅលើជនដែលក្លាហាន ហ៊ានធ្វើអ្វីមួយដើម្បីជាតិ ដូចជា យុទ្ធជនយើងផ្សេងៗដែលពលីនៅតាមសមរភូមិ ព្រំដែនក្តី នៅឯណាក្តី ដើម្បីជាតិហ្នឹង គឺ សុទ្ធតែវីរជនហើយ។ នេះពាក្យថាវីរជន វាអត់ ទាន់ដល់វីរបុរសទេ ប៉ុន្តែយើងលើកទឹកចិត្ត ត្រង់ថា អ្វីដែលលោកអ៊ុំ សំអាន បានធ្វើ គឺដាស់អារម្មណ៍ប្រជាជនខ្មែរឡើងវិញ មិនមែនគ្រាន់តែថាទេ តែចុះទៅមើលផ្ទាល់ ក្នុងនាមគាត់ តំណាងរាស្ត្រ។ ហើយយើងមើលឃើញពីភាព ក្លាហានរបស់គាត់ មិនមែនគាត់ថា ធ្វើទៅមិន ដឹងខុសឬត្រូវទេ ដឹង ក៏ប៉ុន្តែធ្វើសិន ដើម្បីខ្មែរ ទាំងអស់គ្នាចាប់អារម្មណ៍ឡើងវិញ ព្រោះបញ្ហា ប្រទេសជិតខាងយើងហ្នឹងយ៉ាប់ជាងគេ គឺខាង កើតហ្នឹង គឺវាមិនច្បាស់លាស់។ អ៊ីចឹងគួរតែ លើកទឹកចិត្តឱ្យតុលាការ ចាត់ការតាមនីតិវិធី ច្បាប់។

នគរធំ ៖ ក្នុងន័យនេះ តើមានការស្នើទៅ រាជរដ្ឋាភិបាលយ៉ាងណាដែរ?

លោករស់ សារ៉ុម ៖ ខ្ញុំអត់ស្នើទៅរដ្ឋាភិបាល ទេ ប៉ុន្តែខ្ញុំសុំស្នើទៅតុលាការ សូមចាត់ការទៅ តាមនីតិវិធីរបស់ច្បាប់ ហើយឱ្យមានមនសិការ ជាតិខ្លះផង បើមិនមានមនសិការជាតិទេ ធ្វើ តាមតែចរន្តនយោបាយរបស់អ្នកនយោបាយទេ តុលាការខ្មែរយើងមានផ្លូវឯករាជ្យទេ? យើង សង្ឃឹមថា បើសិនជាតុលាការចាត់ទៅតាមនីតិវិធីច្បាប់ ខ្ញុំគិតថា លោកអ៊ុំ សំអាន អាចមាន លទ្ធភាពច្រើនជាងលោកហុង សុខហួរ។

នគរធំ ៖ ចុងក្រោយ លោកមានអ្វីបញ្ជាក់ បន្ថែមទាក់ទងនឹងករណីព្រំដែននេះ?

លោករស់ សារ៉ុម ៖ ជាការបញ្ជាក់ ខ្ញុំសូម អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមខិតខំ ប្រឹងប្រែងថែមទៀត ពាក់ព័ន្ធជាមួយនឹងបញ្ហា ព្រំដែនកម្ពុជាវៀតណាមហ្នឹង គឺជម្រះមន្ទិល សង្ស័យសព្វបែបយ៉ាងទាំងអស់របស់ប្រជាជន ខ្មែរយើង ពាក់ព័ន្ធនឹងបញ្ហាព្រំដែន សូមឱ្យ បង្ហាញកាន់តែច្បាស់ កាន់តែលឿន កាន់តែល្អ ដើម្បីឱ្យប្រជាជនបានដឹងទាំងអស់គ្នា ពេលនោះ បញ្ហាព្រំដែននឹងត្រូវបានបញ្ចប់៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES