Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន សម្ពោធ​មន្ទីរ​ពេទ្យ ឯក​ជន​ជប៉ុន​ដំបូង​នៅ​កម្ពុជា

សម្តេច​ហ៊ុន សែន សម្ពោធ​មន្ទីរ​ពេទ្យ ឯក​ជន​ជប៉ុន​ដំបូង​នៅ​កម្ពុជា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញចូល រួមក្នុងពិធីបើកសម្ពោធមន្ទីរពេទ្យឯកជនជប៉ុន សាន់រ៉ាយស៍ Sunrise Japan Hospital ជាលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែល មានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ ថា “នៅព្រឹកមិញ ថ្ងៃទី២០ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ “មន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ Sunrise Japan Hospital នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់មន្ទីរពេទ្យឯកជនរបស់ជប៉ុនលើកទី១ ដែល បានវិនិយោគលើវិស័យសុខាភិបាល ដែលមាន លក្ខណៈស្តង់ដារខ្ពស់នៅកម្ពុជា។ គួរកត់សម្គាល់ ផងដែរថា មុននឹងមន្ទីរពេទ្យឯកជននេះ ត្រូវ បានកើតឡើង គឺរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជប៉ុន បានជួយស្តារនិងកសាងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានស្ពានថ្នល់ និងមន្ទីរពេទ្យ ជាច្រើន។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ផង ដែរ អំពីទំនាក់ទំនងល្អរវាងលោកនាយករដ្ឋ- មន្ត្រីជប៉ុន  Shinzó Abe និងសម្តេចតេជោ ផ្ទាល់ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ។ អ្នកវិនិយោគជប៉ុន កាន់តែមានភាពកក់ក្តៅ និង មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច- នាយករដ្ឋមន្ត្រីហ៊ុន សែន ហើយកាលពីពេល ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ធំមួយឈ្មោះ Anna បានបើកជើងហោះហើរ ផ្ទាល់ពីជប៉ុន មកកម្ពុជាទៀតផង។

ពិតណាស់ នេះគឺជាការចាប់ផ្តើមនៃមន្ទីរ- ពេទ្យឯកជនជប៉ុន ដែលចំណាយថវិកា៣៥លាន ដុល្លារ ហើយមន្ទីរពេទ្យក៏មានគម្រោងបណ្តាក់ទុន ២០លានដុល្លារទៀត នៅឆ្នាំ២០១៩ ដើម្បី ពង្រីកសេវាសុខភាពបន្ថែម។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សំណូមពរឱ្យមន្ទីរពេទ្យសាន់រ៉ាយស៍ ជួយពង្រឹង សមត្ថភាពរបស់គ្រូពេទ្យខ្មែរក្នុងប្រទេស និង ពង្រឹងសេវាសុខភាពឱ្យកាន់តែល្អប្រសើរ ដើម្បី បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ម៉្យាង វិញទៀត មន្ទីរពេទ្យនេះ ក៏នឹងចូលរួមចំណែក ដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ និងអ្នក វិនិយោគបរទេសទៀតផង ដែលធ្វើឱ្យពួកគេ មានជំនឿចំពោះសេវាថែទាំ និងព្យាបាលសុខ- ភាពនៅកម្ពុជា។

នៅព្រឹកមិញនេះដែរ សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកជំនាញសុខាភិបាល ត្រូវតែពង្រឹង និង ទប់ស្កាត់កុំឱ្យជំងឺ Zika ចូលមកដល់កម្ពុជា ព្រោះពេលនេះជំងឺឆ្លងមួយនេះ កំពុងមកដល់ ក្បែររបងប្រទេសកម្ពុជាហើយ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណូមពរដល់ប្រធានមន្ទីរពេទ្យ សាន់រ៉ាយស៍ ផ្តល់ឱកាសដល់និស្សិតពេទ្យកម្ពុជា បានបំពេញទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពឱ្យបាន ពេញលេញក្នុងការផ្តល់សេវាសុខភាពដល់ ប្រជាពលរដ្ឋ។

មុននឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាត់ខ្សែបូ សម្ពោធដាក់ឱ្យមន្ទីរពេទ្យនេះ ប្រើ- ប្រាស់ជាផ្លូវការ សម្តេចបានថ្លែងអំណរគុណ ដល់លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzó Abe រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែ យកចិត្តទុកដាក់ជួយដល់កម្ពុជា ហើយសូមឱ្យ មិត្តភាពកម្ពុជា ជប៉ុនស្ថិតជាអមតៈ”។

គួរបញ្ជាក់ថា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ នេះ ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Kitahara ដែលជាស្ថាបនិក។ មន្ទីរពេទ្យមួយ នេះ មានសេវាសំខាន់ៗមួយចំនួន ដូចជាសេវា ផ្នែកសង្គ្រោះបន្ទាន់ សេវាផ្នែកជំងឺដាច់សរសៃ ឈាមខួរក្បាល សេវាផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកជំងឺទូទៅ និងផ្នែកពិនិត្យជំងឺទូទៅ។

ដោយឡែកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ គឺជាខួប១ឆ្នាំ នៃការប្រកាសជាផ្លូវការទំព័រ ហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាល ពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ កន្លង ទៅនោះ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាគណនីហ្វេសប៊ុក របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល  មានឈ្មោះ Samdech Hun Sen, Cambodian Prime Minister ដែលកាលណោះ មានចំនួនអ្នក ឡិកេ (១០៦២០៣០) ហើយ គិតមកដល់វេលាម៉ោង៤និង២៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន អ្នក ឡិកេ (៥ ៥៨៤ ១៤៤) ដែលជាចំនួន លើសគេបំផុតនៅ ក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីប្រកាសគណនីហ្វេសប៊ុកផ្លូវការ រួចមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ទំនាក់ទំនងដោយផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបានធ្វើការ ដោះស្រាយនូវបញ្ហាមួយចំនួនបានទាន់សភាពការណ៍ ដើម្បីជាការសម្រួលដល់ទុក្ខលំបាករបស់ ប្រជាពលរដ្ឋទៀតផង។

នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានដោះស្រាយ បញ្ហាធំៗសំខាន់ជាច្រើនជូនប្រជាពលរដ្ឋ ក៏ដូចជា ប្រទេសជាតិ តាមរយៈហ្វេសប៊ុក ជារួមមាន ៖

-បញ្ចប់ការយកថ្លៃលើការធ្វើដំណើរតាម ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤។

– លុបចោលប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម ១៥០ សេសេ។

– ដោយស្រាយបញ្ហាទីផ្សារលក់ដូររបស់ អាជីវករ និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដែលបានរស់នៅលើដីសារពើពន្ធរបស់រដ្ឋ។

– កែសម្រួលការលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្ត មកឱ្យរដ្ឋជាអ្នកគ្រប់គ្រងវិញ

– ដកដីសម្បទាន ដែលក្រុមហ៊ុនទទួល បានហើយមិនអភិវឌ្ឍ។

– កៀងគរតំណាងអង្គការក្រៅរដ្ឋាភិបាល សមាគម ព្រះសង្ឃការពារបរិស្ថាន និងអភិរក្សព្រៃឈើ ដោយធ្វើការសហការជាមួយមន្ត្រី រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅលើផលប្រយោជន៍ប្រទេសជាតិ។

– ការបញ្ជាក់ជំហរពង្រឹងការពារបូរណភាពទឹកដី តាមរយៈការបញ្ជាក់ថា សម្តេច ស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ ព្រះមហាក្សត្រ និងភរិយា មិនមែនជាអាយ៉ង របស់អ្នកណាម្នាក់នោះទេ។

– ដោះស្រាយបញ្ហាប្រឈមដែលកំពុង កើតមានក្នុងពេលបច្ចុប្បន្ន គឺបញ្ហាតម្លៃស្រូវ ធ្លាក់ចុះទាប៘

ជាមួយនឹងសកម្មភាពដ៏រស់រវើក ក្នុងការ ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈការប្រើប្រាស់ហ្វេសប៊ុក បានបង្កឱ្យមានភាពជិតស្និទ្ធ ដោយមិនរើសអើងពីសំណាក់ប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំប្រទេស ដោយមានការប្រាស្រ័យ ទាក់ទងសាកសួរនិងឆ្លើយតបនូវចម្ងល់ផ្សេងៗ តាមរយៈការ Comment ក្នុងហ្វេសប៊ុកផ្ទាល់ របស់សម្តេច។ មិនតែប៉ុណ្ណោះ សម្តេចហ៊ុន សែន បានបន្តលើកទឹកចិត្តនិងជំរុញឱ្យកម្ពុជាដើរទាន់ សម័យបច្ចេកវិទ្យាទំនើប ដែលហៅថា រាជរដ្ឋាភិបាលអេឡិចត្រូនិក (E-Government)  និងប្រជាពលរដ្ឋអេឡិចត្រូនិក (E-People) ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិទាំងមូល ឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES