សួស វីសា ពិតជាបានធ្វើឱ្យទាំងក្នុងនិងក្រៅសិល្បៈស្រឡាំងកាំងតែម្តង ដោយសារតែស្នាដៃនាងលេងមួយក្បាច់មុនដឹកដៃកំពូលស្នេហ៍ប្រុសក្មេង ប៊ុនថុល ប៊ុនថង ហៅថមមី ក្រាបផ្ទឹមនោះ ស្រាប់តែវីសា ទិញរថយន្តទំនើប Lexus LX570 KURU 2020 ពណ៌ខ្មៅថ្មីសន្លាង ដែលមានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ។

ទាំងតារាសិល្បៈរួមអាជីពជាមួយវីសា និងមហាជនទូទៅបាននាំគ្នាខ្សឹបខ្សៀវពីរឿងនេះ និងមានចម្ងល់ថា តើវីសា បានលុយមកពីណាទិញរថយន្ត១គ្រឿង ស្មើតម្លៃវីឡាមួយបែបនេះ?

ការលើកឡើងបែបនេះដោយសារតែមួយរយៈចុងក្រោយនេះ អាជីពចម្រៀងរបស់វីសា ហាក់នៅទ្រឹងមិនមានសន្ទុះខ្លាំងក្លាទៅមុខទេ ហើយមុននេះ នាងទើបទិញវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ និងទិញរថយន្តទំនើបដល់ទៅ២គ្រឿងជិះឆ្លាស់គ្នាជាមួយអនាគតប្តី លោកថមមី។

ស្រាប់តែកាលពីថ្ងៃទី២២ ខែតុលា វីសា បានទិញរថយន្តថ្មីថែម១គ្រឿងទៀតនោះ គឺ Lexus LX570 KURU 2020 ដែលថ្លៃស្មើវីឡារបស់នាង។

អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅសួស វីសា កាលពីថ្ងៃទី២៣ តុលា ប៉ុន្តែតេចូលគ្មានអ្នកលើកឡើយ ទើបមិនអាចសុំការបញ្ជាក់ពីប្រភពលុយទិញរថយន្តទំនើប នោះបានទេ។

ប៉ុន្តែក្រោយេពលវីសា យករថយន្តថ្លៃកប់ពពកនោះមកដល់ផ្ទះវីឡារបស់នាងភ្លាម តារាចម្រៀងហង្សមាស រូបនេះ បានអុជធូបហើយថ្លែងសារថា “មួយជីវិតនេះ អ្វីដែលត្រូវធ្វើ គឺខ្ញុំបានលះបង់អស់ហើយសម្រាប់គ្រួសារមួយនេះ កាលពីមុនគ្រួសារយើងធ្លាប់ក្រលំបាកឆ្អែតហើយ អារឿងគេមើលងាយមើលថោកក៏វាឆ្អែតដែរ តែយើងមិនដែលតតបដោយវិធីអាក្រក់ទេ យើងតែងតែយកវីធីឈ្នះពួកនោះវិញដោយការប្រឹងប្រែងរកស៊ី សាងកេរ្តិ៍ឈ្មោះ សាងកិត្តិយស ឱ្យអ្នកទាំងនោះបាន ឃើញនិងប្រើដោយសមត្ថភាព និងមិនបានបៀតបៀន បំផ្លាញអ្នកណាទាំងអស់។

នាងបន្ថែមថា “ផុសនេះ (រូបឡាន) គឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថា សុំកុំមើលងាយមនុស្ស កុំមើលងាយអ្នកក្រ ធ្វើតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមើល មិនឃើញទេ ម្តងគេម្តងយើង”។

គួរបញ្ជាក់ថា សួស វីសា បានផ្តាច់ពាក្យពីអតីតគូដណ្តឹង លោកមាស សាឡី មកភ្ជាប់ស្នេហ៍ថ្មីជាមួយលោកថមមី ដោយបានភ្ជាប់ពាក្យកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ហើយតាមគម្រោងពួកគេនឹងដឹកដៃគ្នាចូលរោងការនៅខែវិច្ឆិកា ឆ្នាំ២០១៩ នេះហើយ៕