ភ្នំពេញ ៖ អ្នកវិនិយោគក្នុងស្រុកបាន និងកំពុងបោះទុន៧០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើបុរីលំដាប់ប្រណីតថ្មីមួយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការលំនៅដ្ឋានប្រកបដោយស៊ីវិល័យ និងផាសុខភាព។
លោស្រីជិន ចាន់ឡែននាយិកាក្រុមហ៊ុនFURI Real Estate ដែលបានសហការវិនិយោគជាមួយក្រុមហ៊ុនNAKI Groupបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថាការសាងសង់បុរីWoodland នឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាខាងមុខនេះដែលបុរីនេះនឹងផ្តោតលើប្រណីតភាព មានប្រព័ន្ឋគ្រប់គ្រងប្រកបដោយទំនុកចិត្ត ដើម្បីផ្តល់ឲ្យអ្នកស្នាក់នៅមានផាសុខភាព និងភាពកក់ក្តៅជាអ្វីដែលក្រុមហ៊ុនFURI Real Estateធ្វើការសហការជាមួយក្រុមហ៊ុនNAKI GROUPដែលជាក្រុមហ៊ុនអចលនទ្រព្យនិងគ្រប់គ្រងអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បាននិងកំពុងផ្តល់រៀបចំ ដើម្បីផ្តល់ឲ្យអតិថិជននូវទំនុកចិត្ត ព្រោះការវិនិយោគដែលឆ្លើយតប និងដឹងអ្វីដែលជាតម្រូវការរបស់អតិថិជន។
លោកស្រីបន្តថា បុរីនេះនឹងសាងសង់លើផ្ទៃដី៧ហិកតា ដែលបែងចែកជាបីដំណាក់កាល ដោយដំណាក់កាលទី១ស្ថិតនៅលើទំហំដី២.៥ហិកតា ដើម្បីកសាងវីឡាដែលមានតំលៃចាប់ពី១៩ដល់៤០ម៉ឺនដុល្លារអាមេរិក និងគំរោងដំណាក់កាលទី២ និងទី៣នឹងធ្វើឡើងជាបន្តបន្ទាប់គ្នា ដោយក្រុមហ៊ុនគ្រោងចំណាយរយៈពេល៣ឆ្នាំកន្លះ ដើម្បីបញ្ចប់គំរោងនេះទាំងស្រុង។
លោកស្រីបានបន្តថា“នេះជាប្រភេទវីឡាបែបអូតែលជាលើកតំបូង ដែលក្រុមហ៊ុនបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការលំនៅដ្ឋានប្រណីត មានផាសុខភាព និងតំលៃសមរម្យ និងស្របតាមការវិវត្តនៃរីកចំរើនសេដ្ឋកិច្ច សង្គមកម្ពុជា”។លោកស្រីបន្តថា “បុរីនេះនឹងផ្តល់នូវទស្សនទាននៃការអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងបុរីនេះមានសេវាកម្ម ដូចគ្នាទៅនឹងផ្សារទំនើបTK Avenue ដោយរួមបញ្ចូននូវភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ហាងកាហ្វេជាលក្ខណៈឯកជន ហាងលក់ទំនិញ ពិសេសបុរីនេះគ្របដណ្តប់ដោយទីធ្លាតងប្រមាណ៤៥ភាគរយនៃផ្ទៃដីសរុប”។
ការសាងសង់ និងឌីសាញបុរីនេះធ្វើឡើងដោយក្រុមហ៊ុនល្បីឈ្មោះមកពីប្រទេសសឹង្ហបុរី ONG&ONG និងប្រើប្រាស់ស្ថាបត្យករខ្មែរ ដោយសារស្ថាបត្យករខ្មែរដឹងនូវអ្វីដែលជាតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន ព្រមទាំងស្គាល់ពីវប្បធ៌ម និងប្រពៃណីទំនៀមទំលាប់ខ្មែរ។
លោកស្រីជិន ចាន់ឡែនបានបន្តថា បុរីនេះនឹងប្រើប្រាស់ដើមឈើធ្វើជារបងព័ទ្ឋជុំវិញបុរី និងមានហេដ្ឋារចនាសម្ព័ន្ឋធំទំលាយ មានផ្លូវដើរ ទីធ្លាសាធារណៈសម្រាប់ការហាត់ប្រាណ ស្ទីម សោណា បន្ទប់ប្រជុំជាលក្ខណៈឯកជន និងការជួបជុំជាលក្ខណៈឯកជនសម្រាប់អ្នករស់នៅក្នុងបុរី។ លើសពីនេះ ក្រុមហ៊ុនFURIបានសហការជាមួយក្រុមហ៊ុនNAKI GROUPដែលជាក្រុមហ៊ុនមានបទពិសោធន៍ លើការគ្រប់គ្រងអចលនទ្រព្យលំដាប់អន្តរជាតិ មកធ្វើការគ្រប់គ្រង ផ្តល់សេវាសំអាត អនាម័យ ផ្តល់សេវា សេវាថែរសួនជាដើម។
បុរីWoodland មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាមហាវិថីធំជាងគេនៅរាជធានីភ្នំពេញ មានទំហំទទឹង៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនឹងការរិះរកវិធី ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នករស់នៅឲ្យកាន់តែមានភាពងាយស្រួល និងកក់ក្តៅ បុរីWoodlandក៏គ្រោងផ្តល់ឲ្យអ្នកស្នាក់នៅក្នុងបុរីនេះ នូវសេវាកម្មតាមបែបSmart Home ជាសេវាកម្មដែលអាចបញ្ជាការបើកទ្វារ បិទឬបើកសម្ភារៈអេឡិកត្រូនិកក្នុងលំនៅដ្ឋានដោយស្វ័យប្រវត្តិ ពិសេសក្រុមហ៊ុននឹងបំពាក់ជូននូវសម្ភារៈ បរិក្ខានិងទូរស័ព្ទម្នាក់មួយគ្រឿងដល់ម្ចាស់លំនៅដ្ឋាននិមួយៗ ដើម្បីកុំម៉ង់ម្ហូបអាហារ និងទិញគ្រឿងឧបភោគ បរិភោគ២៤ម៉ោងដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផងដែរ។
លោកស្រីជិន ចាន់ឡែនបានបន្តថា “មុនវិនិយោគគំរោងនេះ ក្រុមហ៊ុនបានសិក្សាពីទីផ្សារ និងតម្រូវការរបស់អតិថិជន ព្រោះការវិនិយោគរបស់យើង ដើម្បីបំ ពេញចិត្តអតិថិជន និងដឹងអ្វីដែលអតិថិជនត្រូវការ ជាអ្វីដែលក្រុមហ៊ុនFURIបាននិងកំពុងធ្វើនាពេលនេះ ពិសេសក្រុមហ៊ុននេះបាន និងកំពុងនាំយកទស្សនទានបែបខុនដូថែលលើកតំបូងមកកម្ពុជា”។លោកស្រីបន្តថា “ក្រុមហ៊ុនបាននិងកំពុងរៀបចំបុរី Woodland ដែលសាងសង់លំនៅដ្ឋានសុទ្ឋជាប្រភេទវីឡា នឹងផ្តល់សេវាកម្មបែបវីឡាអូតែលលើកតំបូងនៅកម្ពុជា។
រហូតមកទល់ពេលនេះមានអតិថិជន ចាប់ផ្តើមកក់លំនៅដ្ឋានក្នុងបុរីនេះអស់ ជាង៥០ផ្ទះរួចហើយ។
លោកហ៊ុយ វណ្ណាអគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា ការវិនិយោគលើបុរីបែបនេះ មានន័យថាអ្នកវិនិយោគមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ហើយការវិនិយោគបែបនេះ ជាការបង្ហាញដល់អ្នកវិនិយោគអន្តរជាតិឲ្យមើលឃើញពីសក្តានុពលនៃការអភិវឌ្ឍន៍ និងការរីកចំរើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។លោកបន្តថា បច្ចុប្បន្នតំរូវការលំនៅដ្ឋាននៅតែបន្តកើនឡើង ជាក់ស្តែងដូចជាបុរីវិមានភ្នំពេញ បុរីប៉េង ហួត និងបុរីពិភពថ្មីជាដើម នៅតែបន្តវិនិយោគលើគំរោងលំនៅដ្ឋានថ្មីៗបន្តទៀតនៅឡើយ។
លោកបន្តថា “ការវិនិយោគលើវីឡាប្រណីត ដែលមានតំលៃក្នុងរង្វង់ជាង១០ម៉ឺនដុល្លារឡើងទៅ នៅតែមានតម្រូវការច្រើន ដោយសារកម្រិតប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជានៅតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
យោងតាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋាន១ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយគិតពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៣កម្ពុជាត្រូវការលំនៅដ្ឋាន១លានខ្នង ស្របពេលកំនើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុង បានកើនឡើងជាង១ភាគរយ នៃប្រជាជនសរុបរបស់កម្ពុជា។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការអភិវឌ្ឍន៍លំនៅដ្ឋានបច្ចុប្បន្នគឺផ្តោតលើតំលៃ បើតំលៃល្អគំរោងនោះនឹងទទួលជោគជ័យ ហើយបើនិយាយពីទីតាំងគឺទីតាំងណាក៏ល្អដែរ ប៉ុន្តែតំលៃលំនៅដ្ឋានគឺកំណត់ភាពជោគជ័យរបស់គំរោង។
លោកមាន ចាន់យ៉ាដាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា តំបន់ផ្លូវ៦០ម៉ែត្រជាមហាវិថីសម្តេចតេជោ គឺជាទីក្រុងរណបING CITYដែលជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម សាលារៀន ឧស្សាហកម្មធុនស្រាល ទេសចរណ៍ និងមន្ទីរពេទ្យជាដើម។លោកបន្តថា កាលពី៥ឆ្នាំមុន ក្រុងផ្តោតលើការអភិវឌ្ឍន៍នៅភាគខាងលិច និងភាគខាងជើង ប៉ុន្តែពេលនេះក្រុងបានផ្តោតការអភិវឌ្ឍន៍មកកាន់ភាគខាងត្បូង និងខាងកើត។
លោកបន្តថា “ពីមុនការអភិវឌ្ឍន៍នៅទិសខាងលិច និងខាងជើងបានធ្វើឲ្យមានចំនួនមនុស្ស និងបញ្ហាកកស្ទះចរាចរណ៍កើតឡើងយ៉ាងច្រើន ហេតុនេះទើបក្រុងងាកមកអភិវឌ្ឍន៍នៅទិសខាងត្បូង និងខាងលិច ដើម្បីធ្វើឲ្យការអភិវឌ្ឍមានតល្យភា ពគ្នានៃទិសទាំងបួន”។
គង់ លាងហួរ