Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិទីតាំង​ភូមិ​សាស្រ្ត និង​តម្លៃ​កម្លាំង​ពលក​ម្ម​ទាប​ ទាក់​ទាញ​អ្នក​វិនិ​យោគ​ជប៉ុន

ទីតាំង​ភូមិ​សាស្រ្ត និង​តម្លៃ​កម្លាំង​ពលក​ម្ម​ទាប​ ទាក់​ទាញ​អ្នក​វិនិ​យោគ​ជប៉ុន

ភ្នំពេញ ៖ ទីតាំងភូមិសាស្រ្តអំណោយផលរបស់កម្ពុជា និងតំលៃកំលាំងពលកម្មទាបនៅប្រទេសនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា។

លោកMasasi Konoតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុន(JETRO)បានឲ្យដឹងថា ភាពទាក់ទាញសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើកំលាំងពលកម្មទាប និងទីតាំងភូមិសាស្រ្តដែលនៅតាមច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងប្រ ទេសវៀតណាម។លោកបន្តថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនកំពុងសាងសង់រោងចក្រនិងសួនឧស្សាហកម្មនៅតាមច្រករបៀង ដើម្បីបំពេញតម្រូវការសង្វាក់ផ្គត់ផ្គង់ទំនិញ ដែលកំពុងកើនឡើងសម្រាប់ទីផ្សារប្រើប្រាស់នៅតំបន់អាស៊ី និងប្រទេសលោកខាងលិច និងទីបញ្ចប់គឺប្រទេសកម្ពុជាខ្លួនឯង។

eon

លោកបន្តថា “កម្ពុជាកំពុងចាប់ផ្តើមផ្តោតលើក្រុមអ្នកវិនិយោគជប៉ុន ដោយសារទីតាំងនៅចន្លោះប្រទេសថៃ និងវៀតណាម ហើយវាជាទីតាំងល្អសម្រាប់ការផលិតនៅទីនេះ និងនាំចេញទៅប្រទេសផ្សេងៗទៀត”។លោកបន្តថា“ក្រុមហ៊ុនជប៉ុនជាច្រើននឹងចូលមកកម្ពុជា ដើម្បីផលិតនិងលក់នៅកម្ពុជាផងដែរ”។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាបាននាំចូលទំនិញទៅប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់៣៦៦លានដុល្លារកាលពីឆ្នាំមុន ដែលភាគច្រើនជារថយន្ត និងគ្រឿងម៉ាស៊ីន ខណៈការនាំចេញពីកម្ពុជាមានទំហំទឹកប្រាក់ជាង១១៧០លានដុល្លារអាមេរិក ដែលភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍អគ្គិសនី។

ari

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កម្ពុជាមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ហើយ ដើម្បីទាក់ទាញអ្នកវិនិយោគ ជប៉ុនឲ្យមកវិនិយោគ និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា ដោយបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាច្រើនបានចូលមកវិនិយោគលើលំនៅដ្ឋាន ភោជនីយដ្ឋាន មន្ទីរពេទ្យ ខារ៉ាអូខេ ក្លឹបកំសាន្ត ពិសេសការតភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកម្ពុជាកាលពីដើមខែនេះ ដែលនឹងទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ជប៉ុនកាន់តែច្រើនមកកម្ពុជា។

លោកបន្តថា “ការភ្ជាប់ជើងហោះហើរត្រង់របស់ជប៉ុនមកម្ពុជា ជាការផ្លាស់ប្តូរនូវរបត់នយោបាយដ៏សំខាន់រវាងប្រទេសទាំងពីរ ដែលនឹងជួយលើកកំពស់ទំនាក់ទំនង និងពាណិជ្ជកម្មរវាងកម្ពុជា ជប៉ុនកាន់តែល្អប្រសើរថែមទៀត”។

អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកអ៊ិន ចាន់នីបានថ្លែងថា កម្ពុជាពិតជានឹងទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន តាមរយៈការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ក៏ដូចជា ការរក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា ដែលជាការលើកទឹកចិត្តយ៉ាងសំខាន់ ដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅប្រទេសរបស់យើង៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES