Thursday, March 28, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្តេជ្ញា​ប្តូរ​ផ្តាច់ ថែរក្សា​សន្តិ​ភាព

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្តេជ្ញា​ប្តូរ​ផ្តាច់ ថែរក្សា​សន្តិ​ភាព

ភ្នំពេញ  សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញា សាជាថ្មីម្តងទៀត តាមរយៈសារលិខិតចូលរួម ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេច នឹងប្តេជ្ញាដ៏ប្តូរផ្តាច់ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា។

យោងតាមសារលិខិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ចួលរួមក្នុង ឱកាសទិវា សន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា 

សូមថ្វាយបង្គំព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ

ជនរួមជាតិជាទីស្នេហា

កាលពីឆ្នាំ២០០១ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៥៥ បានអនុម័តនូវសេចក្តី សម្រេចកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ ឆ្នាំ ជាទិវាសន្តិភាពអន្តរជាតិ ក្នុងគោលបំណង អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាកល អំពីសារៈសំខាន់ និងតម្លៃនៃសន្តិភាពសម្រាប់ ប្រជាជាតិនីមួយៗ ក៏ដូចជាសកលលោកទាំងមូល។

នៅថ្ងៃនេះ កម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅក្នុងពិភពលោក ចូលរួមប្រារឰទិវាសន្តិភាព អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មុតមាំ និង ការប្តេជ្ញាដ៏ប្តូរផ្តាច់របស់យើង ក្នុងការថែរក្សា សន្តិភាព និងបន្តចូលរួមចំណែកក្នុងការកសាង សន្តិភាព នៅក្នុងតំបន់ និងពិភពលោក ដែល ជាបំណងប្រាថ្នារបស់មនុស្សជាតិ។

ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាដ៏ប្តូរផ្តាច់នេះ គឺដោយសារតែយើងយល់ច្បាស់ណាស់ ពីតម្លៃ នៃ សន្តិភាពក្រោយពីបានឆ្លងកាត់សង្គ្រាម អស់ជិតបីទសវត្សរ៍ ជាពិសេសរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញប្រទេស ស្ទើរខ្ទេចខ្ទី។ សន្តិភាព ដែលយើងមាននាពេល បច្ចុប្បន្ននេះ បានចាប់បដិសន្ធិឡើង ដោយសារ ជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានបញ្ចប់សម័យកាលដ៏ខ្មៅងងឹត នៃរបបព្រៃផ្សៃ យង់ឃ្នង ប៉ុល ពត បានសង្គ្រោះជាតិឱ្យរស់ឡើងវិញ ទាន់ពេលវេលា និងអនុញ្ញាត ឱ្យប្រជាជាតិ យើងចាប់ផ្តើមកសាងប្រទេសពី គំនរផេះផង់ និងនៅក្នុងស្ថានភាពមានសន្តិភាព ផង សង្គ្រាមផង ព្រមទាំងក្នុងស្ថានភាព ដែល មានការហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ លុះដល់ឆ្នាំ១៩៩៨ ទើប សន្តិភាពពេញលេញ ត្រូវបានសម្រេចឡើង តាមរយៈនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បាននាំ មកនូវឯកភាពជាតិ រហូតដល់សព្វថ្ងៃ។

សន្តិភាពដែលមានតម្លៃពុំអាចកាត់ថ្លៃ បាននេះ បានអនុញ្ញាតឱ្យប្រទេស និងប្រជាជន កម្ពុជា ទទួលបានមកវិញនូវឯករាជ្យភាព ជា ម្ចាស់ លើជោគវាសនារបស់ខ្លួនពិតប្រាកដ មាន សិទ្ធិសេរីភាពគ្រប់យ៉ាង មានការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពសង្គម។ ហេតុដូចនេះ ហើយរាជរដ្ឋាភិបាល បានប្រែក្លាយឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាដ៏ប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាព នេះ មកជាសកម្មភាពជាក់ស្តែង តាមរយៈការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ការយកចិត្តទុកដាក់ក្នុងការ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋការ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យការគោរពគោលការណ៍ច្បាប់ដោយ ឥតងាករេ ព្រមទាំងលើកតម្កើងនូវសិទ្ធិ និង សេចក្តីថ្លៃថ្នូរបស់មនុស្ស។ ជាក់ស្តែង នៅអំឡុង ពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា បានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ល្បីថា ជា វាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន មកជាប្រទេសមានសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេស ជាប្រទេសដែល ទាក់ទាញភ្ញៀវទេសចរជាងបួនលាននាក់ ក្នុង មួយឆ្នាំ និងទាក់ទាញវិនិយោគទុនបរទេស កាន់តែច្រើនឡើង ព្រមទាំងជាប្រទេសដែល សម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ។ កម្ពុជាសម្រេចបានជោគជ័យ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សា កំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាមធ្យមជាង៧ភាគរយ ក្នុងមួយឆ្នាំសម្រាប់រយៈពេលជាង២ទសវត្សរ៍ កន្លងមកនេះ។ ផលិតផលក្នុងស្រុកសរុបសម្រាប់ មនុស្សម្នាក់ៗ កើនពីចំនួន ៧៦០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៨ ដល់១១៥៨ដុល្លារអាមេរិក ក្នុង ឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦នេះ អាចបន្ត កើនឡើងដល់ជាង១៣០០ដុល្លារអាមេរិក ដែល ធ្វើឱ្យកម្ពុជាប្រែខ្លួនពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងឆាប់ រហ័សពី៥៣,២ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ ជាលទ្ធផល ប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និង រស់នៅក្នុងសង្គមមួយ ដែលមានការរីកចម្រើន ពីមួយថ្ងៃទ្ងៅមួយថ្ងៃ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជនពិតជាមាន សារៈសំខាន់ណាស់ ក្នុងការថែរក្សា និងពង្រឹង សន្តិភាពនេះឱ្យកាន់តែរឹងមាំ និងឋិតថេរជានិច្ចនិរន្តរ៍។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់ បងប្អូនជនរួមជាតិគ្រប់រូបខិតខំបន្តពង្រឹងការ ការពារថែរក្សាសន្តិភាព និងលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះប្រទេសជាតិ ពង្រឹងឯកភាពជាតិជៀសវាងរាល់អំពើទាំងឡាយណា ដែលនាំឱ្យខ្មែរយើងបែកបាក់គ្នា ដោយគោរព វប្បធម៌អហិង្សា អនុវត្តនូវការអត់ធ្មត់ ការ យោគយល់ ការអធ្យាស្រ័យ ការរក្សាសណ្តាប់ធ្នាប់សង្គម ការគោរពច្បាប់ និងការដោះស្រាយ ទំនាស់ដោយសន្តិវិធី។

ជនរួមជាតិជាទីស្នេហា

កិច្ចប្រឹងប្រែងរបស់យើង ក្នុងការសម្រេច បាន និងថែរក្សាសន្តិភាពនេះ មិនត្រឹមតែអនុញ្ញាតឱ្យប្រទេសយើងទទួលបាននូវសុខដុម នីយកម្ម សុវត្ថិភាព សន្តិសុខ និងស្ថិរភាពក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យកម្ពុជា យើងចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុង ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់  និងពិភពលោក ដោយប្រែក្លាយពីប្រទេសទទួល យកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ឱ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុង ប្រទេសមួយចំនួន ដែលកំពុងមានជម្លោះ និង ជាចំណុចក្តៅនៅលើសាកលលោក។ ជាមោទនភាពជាតិដ៏សំខាន់មួយសម្រាប់កម្ពុជា ដែល ចាប់ពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាប្រមាណជាង៣៩០០នាក់ រួម មានក្រុមប្រតិបត្តិបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កងតម្រួតយោធា កងវិស្វកម្ម កងពេទ្យ នាយទាហានសេនាធិការ និងនាយ ទាហានសង្កេតការណ៍ ត្រូវបានបញ្ជូនទៅប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល ម៉ាលី ស៊ីរី លីបង់ និងស៊ីប នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។

លើសពីនេះទៅទៀត កម្ពុជាក៏បានចូល ជារដ្ឋភាគីនៃសន្ធិសញ្ញា អនុសញ្ញា និងពិធីសារ អន្តរជាតិជាច្រើនក្នុងការធានាបាននូវសន្តិភាព ក្នុងពិភពលោក ដូចជាសន្ធិសញ្ញាស្តីពីការមិន ផលិតអាវុធនុយក្លេអ៊ែរ” “អនុសញ្ញា និងពិធីសារអន្តរជាតិ ស្តីពីការហាមឃាត់ការផលិត ការស្តុកទុក និងការប្រើប្រាស់មីន អាវុធគីមី និងអាវុធជីវសាស្ត្រនិង អនុសញ្ញាស្តីពីការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

នៅចំពោះមុខនេះ ស្របជាមួយនឹងការ ប្តេជ្ញា និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង ការបន្តថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា និងក្នុងការចូល រួមចំណែកជាមួយសហគមន៍អន្តរជាតិ ជំរុញ និងលើកតម្កើងសន្តិភាពទូទាំងពិភពលោក ខ្ញុំ សូមអំពាវនាវដល់ជនរួមជាតិ អង្គការអន្តរជាតិ និងសង្គមស៊ីវិលទាំងអស់នៅកម្ពុជា សូមបន្ត ពួតដៃគ្នាអនុវត្ត និងគាំទ្រស្មារតី ទិវាសន្តិភាព អន្តរជាតិនេះ និងបន្តខិតខំថែបំប៉ន ពង្រឹង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ ដឹងអំពីតម្លៃ និងគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាព។

ជាទីបញ្ចប់ក្នុងឱកាសអបអរសាទរការ ប្រារឰទិវាសន្តិភាពអន្តរជាតិ ខ្ញុំសូមជូនពរជន រួមជាតិជាទីស្នេហា សូមប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES