បន្ទាប់ពីលោកជំទាវហ៊ុន សុីណាត បានព្រលែងកូនក្រពើចូលក្នុងទក្សិណមុខប្រាសាទអង្គរវត្ត បានធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភជាខ្លាំង ខ្លាចកូនក្រពើនោះធំឡើងវាបង្គគ្រោះថ្នាក់ដល់អ្នកចូលទៅទស្សនានោះ នៅព្រឹកនេះអាជ្ញាធរខេត្តសៀមរាប កំពុងចាត់វិធានការចាប់កូនក្រពើនោះមកវិញជាបន្ទាន់។
គួរបញ្ជាក់ថា លោជំទាវហ៊ុន សុីណាត និងមនុស្សប៉ុន្មាននាក់ទៀត បានយកកូនក្រពើទៅព្រលែងក្នុងទក្សិណទឹកមុខបាសាទអង្គរវត្ត ហើយបានបង្ហោះសារលើទំព័រគណនីហ្វេសប៊ុកថា “ម្សិលម្ង៉ៃបានលែងក្រពើនៅមុខអង្គរមួយក្បាល មានបងប្អូនកូនក្មួយភ័យថា ដល់ពេលវាធំគិតម៉េចទៅ ខ្ញុំគិតថា លែងមុខអង្គរឲ្យវាកាន់ធម៌អាថ៌ វាគ្រាន់បើលែងមនុស្សចិត្តតិរច្ឆាន មិនដឹងគុណទោសចង់តែបំភ្លាញអ្នកដទៃ”។

ក្រោយពីពន្លែងសត្វក្រពើនោះហើយ មហាជនអ្នកលេងហ្វេសប៊ុកជាច្រើនបានព្រួយបារម្ភជាខ្លាំង ខ្លាចក្រែងវាធំទៅបង្កគ្រោះថ្នាក់ដល់ភ្ញៀវទសចរដែលចូលលេងប្រាសាទ។
ដោយឡែក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាតំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីនៃអង្គភាពជំនាញ និងអាជ្ញាធរអប្សរា បានចុះមកដល់ទីតាំងដែលប្រជាពលរដ្ឋយកកូនសត្វក្រពើមកព្រលែងនៅក្នុងទស្សិណអង្គរ ដើម្បីពិភាក្សា និងរិះរកវិធានការចាប់កូនក្រពើនេះវិញ ។

លោកសុខ ថុល បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនូវសកម្មភាពរបស់ប្រជាពលរដ្ឋដែលបានយកកូនក្រពើមកព្រលែងក្នុងទក្សិណអង្គរនេះមក អាជ្ញាធរខេត្តសៀមរាប បានបញ្ជាឲ្យចាត់វិធានការភ្លាមៗ ដើម្បីចាប់កូនក្រពើនេះយកមកវិញឲ្យខាងតែបាន កុំឲ្យវាវិវត្តធំទាន់ពេល ដោយសហការជាមួយមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អាជ្ញាធរក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលខណៈពេលនេះយើងកំពុងតែពិភាក្សាគ្នានិងរិះរកវិធានការ ដើម្បីចាប់កូនក្រពើនេះវិញ ។

លោកសុខ ថុល បន្ថែមថា ទោះបីបុគ្គលណាក៏ដោយ ហើយមានជំនឿសាសនាយ៉ាងណាក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឲ្យយកសត្វក្រពើមកព្រលែងក្នុងទក្សិណអង្គរដែលជាតំបន់សាធារណៈបានឡើយ ដូច្នេះតាមរយៈនេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់មិនត្រូវយកសត្វក្រពើមកព្រលែងក្នុងទស្សិណអង្គរតទៅទៀតឡើយ ។

ដោយឡែក លោកសំ ផាន់ណា មន្ត្រីជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់ថា តាមការពិនិត្យលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កូនក្រពើដែលប្រជាពលរដ្ឋយកមកព្រលែងក្នុងទស្សិណអង្គរនេះមានប្រវែងប្រមាណជា០៤តឹក ហើយយើងនឹងចាត់វិធានការចាប់ពីយប់នេះតែម្ដង រហូតដល់ចាប់បាន ព្រោះថា នៅពេលថ្ងៃកូនក្រពើវាខ្លាចមនុស្ស ហើយមិនបង្ហាញខ្លួនឲ្យយើងឃើញនោះទេ។

លោកសំ ផាន់ណា បានបន្ថែមថា វិធានការដែលយើងនឹងត្រូវចាប់កូនក្រពើនេះ មានចំនួន៣ គឺទី១. យើងប្រើភ្លើងកែវឆ្លុះឬក៏ពិលឆ្លុះទៅលើផ្ទៃទឹក ហើយនៅពេលភ្លើងឆ្លុះប៉ះចំនឹងភ្នែកក្រពើ ពន្លឺចេញពីភ្នែកក្រពើបញ្ចាំងត្រឡប់មកធ្វើឲ្យយើងមើលឃើញ , ទី២. គឺយើងប្រើមងរាយ ពេលកូនក្រពើហែលមកប៉ះនឹងមង គឺត្រូវជាប់មង និងទី៣. យើងប្រើសន្ទូចរាយនុយ ដូចជារាយដាក់យកត្រី ពេលដែលក្រពើឃើញនុយ វានឹងស៊ីនុយនោះ ហើយជាប់សន្ទូចនោះតែម្ដង៕