Monday, November 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា សម្រាលកូនយកថ្ងៃពិសេស ថ្ងៃទី11 ខែ11 ឆ្នាំ2019?

ឱក សុគន្ធកញ្ញា សម្រាលកូនយកថ្ងៃពិសេស ថ្ងៃទី11 ខែ11 ឆ្នាំ2019?

ឱក សុគន្ធកញ្ញា បានសម្រាលកូនហើយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ។ សារជាច្រើនដែលសុគន្ធកញ្ញា បានទទួលពីអ្នកគាំទ្រដែលពួកគេជូនពរឱ្យនាងមានសុខភាពល្អក្រោយសម្រាលកូនប្រុសដែលនាងបានដាក់ឈ្មោះហៅក្រៅថា “ឆាលី” នោះ។

ប៉ុន្តែយ៉ាងណានៅពេលដែលក្រុមអ្នកគាំទ្រសុំមើលមុខកូនប្រុសរបស់ សុគន្ធកញ្ញា ដើម្បីឱ្យដឹងថា តើកាត់ទៅរកសុគន្ធកញ្ញា ឬលោកសុខលី ច្រើនជាងនោះ ក្រោយសម្រាលភ្លាមៗនេះ សុគន្ធកញ្ញា មិនទាន់បង្ហាញរូប១ប៉ុស្តិ៍ណាឱ្យគេបានឃើញមុខកូនដំបូងរបស់នាងទេ។

មានការសង្ស័យថា សុគន្ធកញ្ញា អាចនឹងបញ្ចោញរូបភាពកូនប្រុសរបស់នាងជាលើកដំបូងតាមរយៈការឃោសនាស្ពតពាណិជ្ជកម្មណាមួយទាក់ទងសុខភាពទារកជាមិនខាន បានជារហូតមកដល់ពេលនេះនាងនៅតែព្យាយាមលាក់មុខកូនប្រុស។

មុនទៅសម្រាលកូននៅប្រទេសថៃនេះ ឱក សុគន្ធកញ្ញា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងសម្រាលកូនតាមធម្មជាតិ គឺមិនមានការវះកាត់ទេ ហេតុនេះហើយបានជានាងមានការត្រៀមខ្លួនជាច្រើនថ្ងៃមុន ទាំងការពិនិត្យសុខភាពយ៉ាងទៀងទាត់ផងដែរ។

ប៉ុន្តែយ៉ាងណានៅតែមានតារារួមអាជីពសង្ស័យថា សុគន្ធកញ្ញា សម្រាលកូនប្រុសដោយវះកាត់ដដែល ដើម្បីឱ្យបានថ្ងៃពិសេស គឺ១១ វិច្ឆិកា ឆ្នាំ២០១៩ (១១- ១១-១៩)។

ប៉ុន្តែក្នុងជំនួបផ្ទាល់មុនសម្រាលកូននោះ សុគន្ធកញ្ញា នៅតែអះអាងថា នាងគ្មានគម្រោងវះកាត់សម្រាលកូននោះទេ គឺចង់សម្រាលតាមធម្មជាតិ ថ្ងៃណាថ្ងៃនោះតែម្តង ហើយនាងថា អាចនៅពាក់កណ្តាល ឬចុងខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែពេលនេះ សុគន្ធកញ្ញា បែរជាសម្រាលមុនថ្ងៃកំណត់ទៅវិញ ហេតុនេះហើយបានជាធ្វើឱ្យគេសង្ស័យថា នាងកើតកូនដោយវះកាត់។

គេឃើញមានសារមួយចំនួនពីតារារួមអាជីពជូនពរឱក សុគន្ធកញ្ញា សម្រាលកូនដោយជោគជ័យ ក្នុងនោះមានដូចជា លោកណុប បាយ៉ារិទ្ធ បានថ្លែងសារថា “អបអរសាទរក្មួយប្រុសឆាលី កូនរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និងហ៊ាអ៊ឹង សុខលី បានប្រសូត្រជាស្ថាពរដោយសុវត្ថិភាព នៅថ្ងៃទី១១ ខែ១១ ម៉ោង១កន្លះថ្ងៃត្រង់”។

ចំណែកតារាចម្រៀងសុគន្ធ និសា វិញ ថ្លែងសារថា “ជូនពរម៉ាក់កញ្ញាដ៏ស្រស់ស្អាត ពេលនេះបានសម្រាលបុត្រដោយសុវត្ថិភាពហើយ សូមឱ្យមានសុភមង្គលសុខសាន្ត អបអរសាទរអ្នកម៉ាក់លោកប៉ា”។

រីឯ សុខ សីឡាលីន វិញថ្លែងថា “អបអរសាទរបងស្រីឱក សុគន្ធកញ្ញា ដ៏រឹងមាំបានសម្រាលអូនឆាលី បានសុវត្ថិភាព និងសុខភាពល្អ”។

ចំណែកអតីតបេក្ខភាព X Factor Cambodia លោកសំ សុវណ្ណារ៉ាក់ បញ្ចេញសារដែរថា “ប្អូនសូមជូនពរបងស្រីជាទីស្រលាញ់ សម្រាល Baby Charlie ដោយជោគជ័យនិងសុវត្ថិភាពល្អ Love U Mommy”។

គូរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយនៅថ្ងៃរៀបការនោះ តារាកំប្លែងជើងចាស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានឱ្យយោបល់សុគន្ធកញ្ញា ថាគួរតែយកកូនភ្លោះដូចរូបលោកទៅ ព្រោះកើតម្តងបាន២ តែសុគន្ធកញ្ញា តប ទៅនាយក្រឹម វិញថានាងចង់បានកូនម្តង៣តែម្តង ទើបធ្វើឱ្យអ្នកកំប្លែងរូបនេះស្ងាត់មាត់ ដូចគេចុក។

ការសម្រាលកូននៅថៃ របស់ឱក សុគន្ធកញ្ញា នេះគឺ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាងបាននាំកូនក្រុម X Factor Cambodia រដូវកាលទី១ ចាន់ សុបញ្ញា លើកពានបានដូចបំណង៕

RELATED ARTICLES