ជាសារមួយដ៏ភ្ញាក់ផ្អើល នៅពេលដែលតារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ ថា មានជន១ក្រុមបានស្ទាក់ឲ្យឈប់រថយន្ត ប៉ុន្តែលោកមិនបានឈប់ទេ ធ្វើឲ្យក្រុមពួកនោះយកដំថ្មគប់កញ្ចក់ឡានទំនើបរបស់លោកបណ្តាលឲ្យធ្លុះបែក ហើយលោកត្រូវចំណាយលុយដូរកញ្ចក់រថយន្តដល់ទៅ១០០ដុល្លារ។
លោកករុណា ពេជ្រ ជាអ្នកគ្រប់គ្រង និងតារាចម្រៀងៅផលិតកម្មថោន បានបង្ហោះសារនៅថ្ងៃនេះថា “ថ្ងៃនេះ ខ្ញុំបាទសូមចែករំលែកពត៌មានដែលជនឆ្លៀតឱកាសគប់កញ្ចក់ឡានរបស់ខ្ញុំ ដើម្បីធ្វើសកម្មភាពនានា ពេលដែលមកដល់កន្លែងស្ងាត់ពេលយប់…”។
លោកពេជ្រ បន្តថា “ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័ អោយបានល្អ ព្រោះគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងនិងគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក តែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាសពេលដែលយើងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័ និងនឹកស្មានមិនដល់…”។
លោកពេជ្រ បន្តទៀតថា “នេះពិតជាសំណាងធំរបស់ខ្ញុំហើយ ដែលជនឆ្លៀតឱកាសមានគ្នា 5នាក់ ស្ទាក់ឡានខ្ញុំអោយឈប់ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបើកទៅមុខរហូត .. ហើយក៏សំណាងដែលមិនចំកន្លែងខ្ញុំបើក ហើយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុង ប្រសិនចំតួឡានវិញ គឺរឹតតែចប់ហ្មង…. សរុបមកចុងក្រោយដូរកញ្ចក់អស់100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ…..”។
លោកករុណា ពេជ្រ បន្ថែមថា “សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់ ហើយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ ហើយសូមប្រុងប្រយត្ន័គ្រប់ពេលវេលា ព្រោះជនឆ្លៀតឱកាសមួយចំនួនតូចអាចឆ្លៀតធ្វើមកលើយើងបាន ពេលដែលយើងភ្លេចខ្លួនតែប៉ុណ្ណោះ…..”។
យ៉ាងណា កន្លងមកគេសង្កេតឃើញថា ក្រុមឆ្លៀតឱកាសដែលតែងតែធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តតាមផ្លូវពេលយប់នោះ កើតឡើងជារឿយៗ ទោះបីជាសមត្ថកិច្ចមានការចាប់ខ្លួនបានខ្លះហើយក៏ដោយ៕