ភ្នំពេញ ៖ ក្រុមហ៊ុនកូរ៉េដែលធ្វើការផលិតនិងស្រាវជ្រាវផលិតផលទាក់ទងនឹងសុខ ភាព និងសម្រស់សម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសសម្រាប់ស្រ្តីនិងកុមារបានស្វែងរកដៃគូចែកចាយផលិតផលរបស់ខ្លួននៅកម្ពុជា។
លោកSung Su Kimអគ្គនាយកក្រុមហ៊ុនFamenityបានថ្លែងឲ្យដឹងកំឡុងពេលលោកបានទស្សនកិច្ចនៅកម្ពុជានាល្ងាចថ្ងៃទី២១ កញ្ញានេះថា ក្រុមហ៊ុនរបស់លោកបានធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយរោងចក្រផលិតផលិតផលទាក់ទងនឹងសុខភាព សម្រស់ សុខភាពស្រ្តី និងកុមារជាច្រើនរោងចក្រនៅប្រទេសកូរ៉េ ដើម្បីចែកចាយផលិតផលទាំងអស់នេះនៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក ជប៉ុន ទីក្រុងហុងកុង និងកំពុងស្វែងរកដៃគូចែកចាយនៅកម្ពុជា។
លោកបន្តថា ក្រុមហ៊ុនេះ មិនត្រឹមតែជាក្រុមហ៊ុនចែកចាយផលិតផលថែររក្សាសម្រស់បែបធម្មជាតិ ថ្នាំបណ្តុះសក់ ឡេការពារកំដៅថ្ងៃ ផលិតផលថែរក្សាសុខភាពខួរក្បាល ផលិតផលថែររក្សាសក់ ម៉ាសបិទមុខ កាត់បន្ថយស្រ្តេស ផលិតផលកាត់បន្ថយជាតិកូឡេសស្តេរ៉ូស និងផលិតផលសម្រាប់ស្រ្តី និងកុមារប៉ុណ្ណោះទេ តែក្រុមហ៊ុនក៏បានដើរតួនាទីស្រាវជ្រាវទាក់ទងនឹងព៌តមានវិទ្យា និងបច្ចេកវិទ្យាល្បីៗជាច្រើនផងដែរ។លោកបន្តថា ក្រុមហ៊ុនFamenityបានទស្សនៈវិស័យ ផ្តល់នូវការរីកចំរើនទាំងអស់គ្នា និងដើម្បីសុខសុភមង្គលរបស់ប្រជាពលរដ្ឋប្រទេសនានាក្នុងលោក។
លោកSung Su Kimបានបន្តថា មូលហេតុដែលក្រុមហ៊ុនលោកមកស្វែងរកដៃគូសហការនៅកម្ពុជា ដោយសារលោកមើលឃើញកម្ពុជាមានការរីកចំរើនយ៉ាងលឿន និងមានកំនើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលនឹងធ្វើឲ្យប្រទេសនេះមានវិបុលភាពកាន់តែខ្លាំងថែមទៀតនាពេលអនាគត។លោកបន្តថា ក្នុងនាមលោកជាអនុប្រធាននៃវេទិកាអាស៊ាន កូរ៉េសម្រាប់ឳសថបែបធម្មជាតិ លោកក៏ស្វែងរកកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយសាររដ្ឋាភិបាលកូរ៉េ និងកម្ពុជាមានទំនាក់ទំនងកាន់តែល្អប្រសើរ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
លោកបន្តថា អ្វីដែលក្រុមហ៊ុនផ្តោតសំខាន់គឺគុណភាពនៃផលិតផល ព្រោះក្រុមហ៊ុនផ្តោតលើការផ្តល់គុណតំលៃ និងគុណភាពនៃជីវិត ព្រោះទស្សនវិជ្ជារបស់ ក្រុមហ៊ុន គឺការជួយគ្នាទៅវិញទៅមក និងសហការគ្នាដើម្បីរីកចំរើនប្រកបដោយសុខមាលភាពជាមួយគ្នា។ លោកបានប្រៀបប្រដូចការរីកចំរើនវិស័យអចលនទ្រព្យ គឺប្រៀបដូចជាដងខ្លួនមនុស្ស ហើយផលិតផលថែរក្សាសុខភាព និងសម្រស់ប្រៀបបីដូចជាខួរក្បាលមនុស្ស ដែលទាមទារឲ្យមានមនុស្សគិតគូពីសុខភាព និងសម្រស់ឲ្យមានតុល្យភាពរវាងជីវិត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ការស្វែងរកដៃគូវិនិយោគរបស់ក្រុមហ៊ុនFamenity ធ្វើឡើងតាមរយៈសមាគមមិត្តភាពកម្ពុជា កូរ៉េ ដែលមានលោកវេជ្ជបណ្ឌិតSangwon Parkជាប្រធានដែលលោកបាន និងកំពុងធ្វើការសម្របសម្រួល និងទាក់ទាញអ្នកវិនិយោគកូរ៉េមកកាន់កម្ពុជា ក៏ដូចជាទំនាក់ទំនងកាន់តែល្អប្រសើររវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
គង់ លាងហួរ