យោងតាមការស្ទង់មតិស្តីអំពីការបង្កើនប្រាក់បៀវត្សរបស់ ECA International ដែលត្រូវបានកាសែតបាងកកប៉ុស្តិ៍ ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសឥណ្ឌា ឈរចំណាត់ថ្នាក់លេខ១ ចំពោះការបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការនៅឆ្នាំ២០២០។
ECA International គឺជាអង្គការមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នមានទីស្នាក់ការធំ នៅទីក្រុងឡុងដ៍។ អង្គការនេះមានតួនាទីផ្តល់ទិន្នន័យស្រាវជ្រាវស្តីអំពីតម្លៃនៃការរស់នៅប្រាក់បៀវត្ស តម្លៃនៃការស្នាក់នៅ ច្បាប់ការងារ និងផលប្រយោជន៍ផ្សេងៗ។
ប្រទេសឥណ្ឌា មានគម្រោងបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការ៤,៥% ក្នុងឆ្នាំ២០២០ ទាបជាងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលបានដំឡើងប្រាក់បៀវត្ស៥,៦% ប៉ុន្តែឈរចំណាត់ថ្នាក់លេខ១ លើពិភពលោក។
ប្រទេសវៀតណាម តាមពីក្រោយឥណ្ឌា ជាមួយនឹងការប្តេជ្ញាចិត្តដំឡើងប្រាក់បៀវត្សពី៤,០% ទៅដល់៥,១%។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ៣ ដែលបានដំឡើងប្រាក់បៀវត្សពី៣,៨% ក្នុងឆ្នាំ២០១៩ ទៅដល់៤,២%។
ដោយឡែក ប្រទេសកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ ដោយដំឡើងប្រាក់បៀវត្សពី៣,៨% ក្នុងឆ្នាំ២០១៩ ទៅដល់៤,២% នាំមុខប្រទេសថៃ ដែលបានដំឡើងប្រាក់បៀវត្សពី៣,៩% ឆ្នាំ២០១៩ ទៅដល់៤,១% ឈរចំណាត់ថ្នាក់ទី៥។
ដោយឡែក ប្រទេសអ៊ុយក្រែន ឈរចំណាត់ថ្នាក់លេខ៥ស្ទួន ដែលបានដំឡើងពី១,៧% ទៅ៤,១% នាំមុខប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ៧, ប្រទេសចិន ចំណាត់ថ្នាក់លេខ៨, កូរ៉េខាងត្បូង ចំណាត់ថ្នាក់លេខ៨ស្ទួន និងបង់ក្លាដេស ចំណាត់ថ្នាក់លេខ១០។
នេះគឺជានិន្នាការមួយដែលត្រូវបានគេប្រមើលមើលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែអតិផរណាទាបនិងការផលិតកើនឡើងនៅក្នុងបណ្តាប្រទេសអាស៊ី ធ្វើឱ្យកំណើនប្រាក់បៀវត្សរបស់ពួកគេកើនឡើងយ៉ាងលឿន បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់៕
កែសម្រួលដោយ ៖ ដេត
ប្រភពពី ៖ Bangkok Post