Friday, April 26, 2024
Homeព័ត៌មានជាតិបើ​បាន​ដឹក​នាំ​ប្រទេស មេបក្ស​អំណាច ខ្មែរ​ថា កសិករ​នឹង​មាន​ជាង​ឈ្មួញ

បើ​បាន​ដឹក​នាំ​ប្រទេស មេបក្ស​អំណាច ខ្មែរ​ថា កសិករ​នឹង​មាន​ជាង​ឈ្មួញ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ  លោកសួន សេរីរដ្ឋា បានប្រកាសសារនយោបាយថា បើគណបក្សអំណាចខ្មែរ ឈ្នះឆ្នោត បានដឹកនាំប្រទេស គណបក្សនឹងដោះស្រាយ បញ្ហាប្រជាកសិករមុនគេ គឺនឹងធ្វើឱ្យប្រជាកសិករ មានជាងគេ លំដាប់លេខ១ នៅក្នុងប្រទេស។

លោកសួន សេរីរដ្ឋា បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ កញ្ញា ២០១៦ ថាដើម្បីជួយរំដោះទុក្ខកសិករខ្មែរ អ្នកស្រែដែលប្រមូលផលស្រូវបាន ហើយត្រូវ បណ្តាញឈ្មួញយួន វាយបន្ថោកតម្លៃនោះ ពេល នេះខ្ញុំសហការជាមួយយុវជនខេត្តបាត់ដំបង មួយក្រុម និងរោងម៉ាស៊ីនកិនស្រូវចំនួន៣ នៅ ស្រុកកំណើតខ្ញុំ ដើម្បីប្រមូលទិញស្រូវក្នុងតម្លៃ ថ្លៃជាងឈ្មួញ កិនអង្ករយកមកលក់ក្នុងតម្លៃទាប ជាងអង្ករយួន ដែលនាំចូល ដើម្បីឱ្យពលរដ្ឋ ខ្មែរ អ្នកស្រលាញ់កសិករខ្មែរ បានទទួលបរិភោគ អង្ករស្រូវខ្មែរពិតៗ។

សូមបងប្អូនជួយគាំទ្រអង្ករខ្មែរ ជួយទិញ អង្ករខ្មែរ ដើម្បីលើកទឹកចិត្តកសិករខ្មែរ 1

ក្នុងនាមជាប្រធានគណបក្សអំណាចខ្មែរ  នៅក្នុងស្រុក ខ្ញុំគ្មានសិទ្ធិអំណាចទាក់ទងឈ្មួញ ពីអាមេរិក ពីអឺរ៉ុប ពីជប៉ុន មកជួយទិញកសិផល ខ្មែរទេ ទោះខ្ញុំស្គាល់និងមានទំនាក់ទំនងជាមួយ នឹងអ្នករកស៊ីនៅប្រទេសសេរី ដែលគេចង់ចូល មកជួយទិញកសិផលខ្មែរ ក៏ពួកគេមិនអាចចូល មកតាមរយៈខ្ញុំ ដើម្បីជួយកសិករខ្មែរបានដែរ។ ខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនពលរដ្ឋខ្មែរនូវការ ពិតមួយថា កសិផល ជាស្រូវ អង្ករ ដំឡូង ពោត សណ្តែក ល្ពៅ និងគ្រប់យ៉ាងដែលខ្មែរ ដាំបាន មិនខ្វះទីផ្សារ និងមិនខ្វះអ្នកទិញទេ នៅក្រៅ ប្រទេស។ តែកសិករយើងដាំបានហើយ លក់ មិនចេញ គេសហការណ៍គ្នាវាយបន្ថោកកសិផល របស់កសិករ ពីព្រោះគេដឹកនាំចង់ឱ្យពលរដ្ឋ ខ្មែរក្រ ចង់ឱ្យខ្មែរចំណាកស្រុក រត់ចោលដីស្រែ ដីចម្ការ ដើម្បីគេមានឱកាសធ្វើជាអ្នកមាន អ្នកចិត្តធម៌ ដើរចែកអំណោយតែប៉ុណ្ណឹង ។

បើខ្ញុំជាអ្នកដឹកនាំប្រទេសនេះ កសិករ គឺមានជាងគេលំដាប់លេខមួយនៅក្នុងប្រទេស! មិនមែនជាពួកឈ្មួញបណ្តាញយួន ដែលរកស៊ី អាករ ជាន់ពន្លិចកសិករនេះទេ

បន្ថែមលើការលើកឡើងនេះ លោកសួន សេរីរដ្ឋា បញ្ជាក់ថា ការដែលលោកហ៊ាន ប្រកាសបែបនេះ មកពីលោកសំអាងលើកកត្តា ជាច្រើន និងគោលនយោបាយរបស់គណបក្ស គឺដើម្បីពលរដ្ឋខ្មែរឈ្នះ ។ ដូច្នេះ ធ្វើអីក៏ដោយ ឱ្យតែពលរដ្ឋបានផលពីអ្វីដែលពួកគាត់កំពុងធ្វើ នោះជានយោបាយឈ្នះរបស់គណបក្សអំណាច ខ្មែរ។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា កត្តាដែលសំខាន់ នៅក្នុងប្រទេសខ្មែរ ដីខ្មែរ របស់យើង គឺជាប្រភេដីកសិកម្ម ហើយយើង ដឹងហើយ ប្រទេសខ្មែរ នៅក្នុងតំបន់អាស៊ីត្រូពិក គឺមានអាកាសធាតុក្តៅហើយសើម ហើយណា មួយទៀត គឺចំពោះប្រជាកសិករខ្មែរ នៅក្នុង ស្រុកខ្មែរ គឺគាត់ពូកែខាងការដាំដុះណាស់ គឺ មិនចាំមានអ្នកជំនាញណាទៅបង្ហាត់បង្រៀន គាត់រហូតដល់បានកម្រិតបរិញ្ញា បណ្ឌិត បាន គាត់មកដាំដុះបានទេ គាត់គឺជាអ្នកស្រែពិតប្រាកដ អ្នកចម្ការពិតប្រាកដ។ ដូច្នេះហើយ យើង អត់មានប្រើជាតិគីមីអីទាំងអស់ ដីយើងអំណោយ ផលគ្រប់សព្វបែបយ៉ាង។ អ៊ីចឹងហើយ បានប្រមើល មើលទីផ្សារនៅក្រៅប្រទេសទីផ្សារអឺរ៉ុប ទីផ្សារ អាមេរិក និងទីផ្សារប្រទេសជឿនលឿនធំៗដទៃ ទៀត គឺដំណាំកសិផលរបស់កសិករខ្មែរ ដែល មាននៅក្នុងប្រទេសខ្មែរនេះ ខ្ញុំហ៊ានធានាអះអាងថា អត់ខ្វះអ្នកទិញទេ។ ប៉ុន្តែបញ្ហាសំខាន់ បំផុត ពេលគាត់ដំដុះហើយ គាត់ធ្វើស្រែចម្ការ ហើយ អត់មានកន្លែងលក់ហ្នឹង គឺជាគំនិតអ្នក ដឹកនាំ មកពីអ្នកដឹកនាំហ្នឹងអសមត្ថភាព។ បើ ចំពោះខ្ញុំមើលឃើញទំនាក់ទំនងរកទីផ្សារឱ្យ ពលរដ្ឋ គឺអត់លំបាកទេ ហើយពលរដ្ឋខ្មែរ ចង់ ឱ្យគាត់រៀន ចង់ឱ្យគាត់ធូរធារ គឺអត់ពិបាកក្នុង ការបង្រៀនគាត់ដាំច្រើនទេ គឺគ្រាន់តែរកទីផ្សារ ឱ្យគាត់បានលក់បានថ្លៃដូចគេដែរ។ អាហ្នឹង គឺ ខ្មែរមានហើយ អ៊ីចឹងបានជាខ្ញុំហ៊ាននិយាយថា បើសិនជាគណបក្សអំណាចខ្មែរដឹកនាំប្រទេស គឺត្រូវតែធ្វើនយោបាយឱ្យខ្មែរមាន កសិករធូរធារ មុនគេ មិនមែនឈ្មួញនាយទុន អ្នកដែលមក ជាន់កសិករ អ្នកមានធ្វើស្រែលើកសិករទេ

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ត ថា ជាធម្មតា បើយើងដឹកនាំរដ្ឋាភិបាល ត្រូវ មានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺនៅក្រោមការគ្រប់គ្រង ជាសេនាធិការ របស់រដ្ឋាភិបាល គឺក្រសួងពាណិជ្ជកម្មហ្នឹងឯង ដែលត្រូវរកទីផ្សារអន្តរជាតិ ហើយត្រូវរៀបចំ បារកូដ សម្រាប់ផលិតផលនីមួយៗ របស់ប្រទេស យើង ដើម្បីនាំបញ្ជូនចេញទៅទីផ្សារអន្តរជាតិ មិនមែនដូចបច្ចុប្បន្ននេះ គឺដំណាំដែលកសិករ ដាំហើយ បែរជាគ្មានបារកូដ សម្រាប់នាំចេញ ហើយទៅទិញបារកូដពីយួន ទិញបារកូដពីចិន ទិញបារកូដពីសៀម តាមតែឈ្មួញសៀម យួន ចិន គឺថាវ៉ៃបំបាក់តាមតែអំពើចិត្ត គឺថា នាំអ្វី ដែលចេញពីប្រទេសខ្មែរទៅ គឺខ្មែរអត់មានបារ កូដត្រឹមត្រូវសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិទេ។ ដូចឥឡូវនេះ ពិភពលោក គឺឱ្យតម្លៃ ថា អង្ករខ្មែរ ជាអង្ករឆ្ងាញ់លេខ១ ក៏ប៉ុន្តែដល់ ពេលអង្ករឆ្ងាញ់លេខ១ បានស្រូវ បានអង្ករ អត់ មានផ្សារលក់ទៅវិញ វាទៅជាអង្ករគេអត់ ឆ្ងាញ់លេខ១ អត់មានគុណភាព គេមានផ្សារ លក់។ អានេះ គឺគំនិតដឹកនាំចោលម្សៀតរបស់ រដ្ឋាភិបាល របស់មេដឹកនាំដែលអសមត្ថភាព ហើយដែលមានគំនិតនយោបាយមួយ ធ្វើឱ្យ កសិករក្រ ពីព្រោះខ្ញុំឃើញថា មេដឹកនាំបច្ចុប្បន្ន នេះ គេចូលចិត្តដើរចែកអំណោយ។ អ៊ីចឹង ទាល់គេទុកឱ្យពលរដ្ឋ ឱ្យអ្នកស្រុកហ្នឹងក្រទៅ បានគេមានឱកាសដើរចែកអំណោយ ប៉ុន្តែចំពោះ ខ្ញុំអត់ទេ គឺធ្វើឱ្យកសិកមាន។ ឱ្យកសិករមាន នេះ មិនចាំបាច់ទៅចែកអំណោយ មិនចាំបាច់ ទៅចែកលុយ គ្រាន់តែរកទីផ្សារផលិតផលរបស់ គាត់ ធានាឱ្យមានតម្លៃ គឺមិនអាចឱ្យអ្នកណា វ៉ៃបញ្ចុះតម្លៃបានទេ គឺមានតម្លៃមួយធានា ច្បាស់លាស់ គឺតម្លៃដែលគាត់លក់ទៅចំណេញ សល់លុយសម្រាប់ផ្ញើនៅធនាគារ មិនមែនខាត រហូតដល់រកលុយសងធនាគារអត់បានទេ

ក្រៅពីការថ្លែងរបស់លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ សម្រាប់គណបក្ស ប្រឆាំង និងគណបក្សថ្មីមួយចំនួនទៀត បាន បង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ទីផ្សារ កសិផលរបស់របស់ប្រជាកសិកេនេះដែរ និង បានជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ពីបញ្ហា នេះ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាល ពីថ្ងែទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានចេញ សេចក្តីការណ៍ ស្វាគមន៍ចំពោះរាជរដ្ឋាភិបាល ដែលបានបញ្ចោញថវិកា ២៧លានដុល្លារ ដើម្បី ផ្តល់ប្រាក់កម្ចីដល់ម៉ាស៊ីនកិនស្រូវសម្រាប់ទិញ ស្រូវ ក្នុងការទប់តម្លៃស្រូវ ដែលកំពុងធ្លាក់ចុះ ប៉ុន្តែគណបក្សថ្មីនេះ ក៏ស្នើឱ្យរដ្ឋាភិបាល ត្រៀម ១០០លានដុល្លារទៀត សម្រាប់ដោះស្រាយ បញ្ហានេះ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រដ្ឋាភិបាលសម្រេចបញ្ចោញប្រាក់ ចំនួន២៧លានដុល្លារ សម្រាប់រក្សាស្ថិរភាព តម្លៃស្រូវ តាមរយៈរោងម៉ាស៊ីនកិនស្រូវ និង អ្នកប្រមូលទិញស្រូវ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែកញ្ញា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាស ខ្ចីលុយពីចិន ៣០០លានដុល្លារបន្ថែមទៀត ដើម្បី យកមកដោះស្រាយបញ្ហាតម្លៃស្រូវនេះដែរ។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមួលដ្ឋាន បានបញ្ជាក់ថា គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន មើលឃើញថា វិបត្តិ ទីផ្សារ និងតម្លៃស្រូវ អាចនឹងកើតឡើងមាន ជាថ្មីទៀត ហើយអាចធ្ងន់ធ្ងរជាងពេលនេះ ដោយនៅប្រទេសកម្ពុជា គឺនៅរដូវច្រូតកាត់ធំ និងឈានចូលមកដល់ក្នុងខែវិច្ឆិកា និងខែធ្នូ   ឆ្នាំ២០១៦ ហើយម៉ាស៊ីនកិនស្រូវជាច្រើនកំពុង ជួបបញ្ហាក្នុងការលក់ស្រូវអង្ករ ដែលមានស្រាប់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឱ្យរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាយ៉ាងតិច១០០លាន ដុល្លារ ផ្តល់ទុនកម្ចីទៅដល់ម៉ាស៊ីនកិនស្រូវ និង ឈ្មួញទិញស្រូវវិនិយោគលើម៉ាស៊ីនសម្ងួតស្រូវ និងប្រើប្រាស់ជាទុនបង្វិលទិញស្រូវស្តុកទុក ដើម្បី ទប់ស្កាត់វិបត្តនៃការធ្លាក់ចុះតម្លៃស្រូវសាជាថ្មី ទៀត។ ជាមួយគ្នានេះ ដើម្បីអនុវត្តឱ្យបាននូវ នយោបាយសន្តិសុខស្បៀង រដ្ឋាភិបាលគួរទិញ ស្រូវស្តុកទុកដែលបរិមាណអាចស្មើនឹងប្រាំភាគរយនៃផលស្រូវច្រូតកាត់សរុបទូទាំងប្រទេស ដែលជាប្រមាណកន្លះលានតោន ដើម្បីចូលរួម ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវ នារដូវប្រមូល ផល និងការឡើងថ្លៃអង្ករខ្លាំងពេក ក៏ដូចជា ត្រៀមបង្ការហានិភ័យផ្សេងៗ

ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំៗ០១៦ ប្រធាន ក្រុមតំណាងរាស្ត្របក្សប្រឆាំង និងជាអនុប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោកសុន ឆ័យ រំឭកថា កាលពី៣ទៅ៤ឆ្នាំមុន សភាបានអនុម័តលុយ ប្រមាណ៦០លានដុល្លារ សម្រាប់ជួយដល់គម្រោង ទិញស្រូវពីកសិករ។ ប៉ុន្តែគម្រោងនោះ មិនបាន ផ្តល់ប្រយោជន៍ដល់កសិករទេ ដោយសារការ ចាត់ចែងមិនមានតម្លាភាព បក្ខពួកនិយមធ្វើឱ្យ បាត់លុយនោះ។ ដូច្នេះលោកចង់ឱ្យមានតម្លាភាពលើបញ្ហានេះ។

គួរបញ្ជាក់ដែរថា ក្រោយពីមានការធ្វើ បាតុកម្មតវ៉ាពីប្រជាកសិករនៅខេត្តបាត់ដំបង នោះ មន្ត្រីរាជរដ្ឋាភិបាល ព្រឹទ្ធសភា និងតំណាងរាស្ត្រគណបក្សកាន់អំណាច បានប្រកាសទិញ អង្ករជាបន្តបន្ទាប់ទៅតាមលទ្ធភាពរបស់ខ្លួន ហើយក៏បានអំពាវនាវឱ្យរួមគ្នាបន្ថែមទៀតដែរ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ អំពាវនាវ ឱ្យមន្ត្រីធំៗ និងម្ចាស់ក្រុមហ៊ុនឯកជនមួយចំនួន ដែលបាននាំគ្នាសម្រុកចុះទៅទិញស្រូវអង្ករ ពីប្រជាកសិក សូមយកទៅសង្គ្រោះ ដល់ក្មេងៗ នៅមណ្ឌលកំព្រោផ្សងៗ និងវត្តអារាមនៅជនបទ ព្រោះពួកគេមានការខ្វះខាត។

សម្រាប់អ្នកវិភាគ បានលើកឡើងថា ការ ដែលមន្ត្រីរដ្ឋាភិបាលទាំងនោះ នាំគ្នាសម្រុក ជួយទិញអង្ករ គឺគ្រាន់តែជាផ្នែកមួយដើម្បី ជួយសម្រាលបន្ទុកដល់រដ្ឋាភិបាល ដែលបាន បញ្ចោញថវិកាជិត៣០លានដុល្លារ ទិញស្រូវ យកទៅស្តុកទុក ហើយវិធានការនេះ មិនអាច បញ្ចប់នូវប្ញសគល់នៃបញ្ហានានា ដូចជាបញ្ហាគ្មាន ទីផ្សារបាននោះទេ។

ទោះបីយ៉ាងណាមន្ត្រីរាជរដ្ឋាភិបាល បាន អះអាងថា ការទិញស្រូវអង្ករប្រជាពលរដ្ឋ គឺជា ការរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ កសិករ និងលើកកម្ពស់អង្ករខ្មែរ ដោយមិន ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការចូលរួមទិញអង្ករ របស់មន្ត្រីរដ្ឋាភិបាលគឺបង្ហាញពីភាពសាមគ្គីគ្នា  និងចូលរួមកាត់បន្ថយភាពលំបាករបស់កសិករ ខ្មែរ។

ពាក់ព័ន្ធនឹងចំណុចនេះ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ យល់ថា សម្រាប់ តំណាងរាស្ត្រគណបក្សប្រឆាំង ក៏អាចមានលទ្ធភាពជួយទិញស្រូវប្រជាកសិករបានដែរ ប៉ុន្តែ ក្រៅពីចេញសេចក្តីថ្លែងការណ៍ លោកមិនទាន់ ឃើញបក្សប្រឆាំងធ្វើសកម្មភាពអ្វីជួយប្រជាកសិករនេះទេ។

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ថែម ថា ខ្ញុំសូមបន្ថែម យើងមិនធ្វើនយោបាយដោយ កេងចំណេញលើបញ្ហា ហើយមិនចូលរួមដំណោះស្រាយទេ គឺយើងប្រកួតអំពីដំណោះស្រាយដែល យើងយល់ថា ជាដំណោះស្រាយមានប្រសិទ្ធភាពជួយជនរងគ្រោះ។ ខ្ញុំលើកឧទាហរណ៍ ដូចសង្គ្រោះជាតិ មានតំណាងរាស្ត្រ រហូតដល់ ទៅ៥៥នាក់ ហើយតំណាងរាស្ត្រ៥៥នាក់ របស់ សង្គ្រោះជាតិហ្នឹង គឺមានអ្នកខ្លះ តំណាងរាស្ត្រ តាំងពី៩៣មក ៤ទៅ៥អាណត្តិហើយ។ អ៊ីចឹង បើគិតទៅ គឺប្រាក់ខែ ប្រាក់បៀវត្សរ៍ និងលុយ ដែលគាត់បានពីផលប្រយោជន៍ធ្វើតំណាងរាស្ត្រ នេះ ពេលនេះ បើសិនជាគាត់ចង់ជួយកសិករ គាត់គ្រាន់តែចេញលុយទិញម្នាក់បួនដប់ម្ភៃតោន វាអត់មានអីពិបាកទេ។ អ៊ីចឹងគុណទៅ បើទិញ ម្នាក់១០តោន ៥៥នាក់ ក៏វាបាន៥៥តោនជាង ដែរ បើទិញម្ភៃតោន ក៏បាន១០០តោន គឺធូរ មែនទែន ធូរចំពោះកសិករ។ ប៉ុន្តែមិនមែនធ្វើ មិនបានទេ គឺពួកនេះអត់ធ្វើតែម្តង។ ខ្ញុំសូម ជម្រាបថា ជំហរចុងក្រោយចំពោះប្រជាកសិករ ចំពោះពលរដ្ឋខ្មែរ គឺសុំឱ្យបងប្អូនគាត់ប្រមើល មើលទៅចំពោះគណបក្សនយោបាយ ចំពោះ អ្នកនយោបាយ តើគណបក្សណាដែលឈរលើ ដំណោះស្រាយ? ហើយគណបក្សណាដែលធ្វើ អាជីវកម្មលើបញ្ហា ពីព្រោះគណបក្សអំណាច ខ្មែរ យើងដឹងហើយថា មានបញ្ហា តែយើង មិនយកបញ្ហាធ្វើអាជីវកម្មទេ យើងយកបញ្ហា មករកការគិតគូររកឱ្យឃើញនូវដំណោះស្រាយ ដើម្បីជួយពួកគាត់ ដូចពេលនេះអ៊ីចឹង គឺថា យើង គ្មានលុយច្រើនទេ សម្រាប់ទៅទិញស្រូវពួកគាត់ ប៉ុន្តែយើងមានជំនឿថា អ្វីដែលយើងធ្វើនេះ គឺ ដាស់សតិអារម្មណ៍របស់អ្នកមានលុយនៅក្នុង ស្រុក ដើម្បីឱ្យពួកគាត់ភ្ញាក់រលឹកឡើង ហើយ ជួយកសិករខ្មែរ។ ឥឡូវយើងឃើញអ្វីដែល យើងធ្វើ វាក្លាយទៅជាចរន្តមួយ ជាចលនាមួយ ដែលធ្វើឱ្យអ្នកមានលុយនៅក្នុងស្រុកអាណិត កសិករខ្មែរ។ អ៊ីចឹងគឺថាពួកគាត់ចាប់ជួយទិញ យកផលិតផល កសិផលកសិកម្មរបស់ខ្មែរ។ នេះជាចំណុចមួយនៃការចាប់ផ្តើម គឺនៅក្នុង គោលនយោបាយមួយ គឺដើម្បីពលរដ្ឋឈ្នះ

ដោយ ៖ កុលបុត្រ

RELATED ARTICLES