ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុនTainjin Union Development Groupជាក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រីប៊ែលឡា ហ្សាងបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ការធ្វើផែមការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០។លោកស្រីបន្តថា ក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
ក្រុមហ៊ុនយក្សឈ្មោះTainjin Union Development Groupនេះ បានទទួលដីសម្បទានវិនិយោគពីរដ្ឋាភិបាលកម្ពុជាទំហំ៤៥.០០០ហិកតា ដែលគ្របដណ្តប់លើទឹកដីស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង និងគ្រោងបោះទុនវិនិយោគជាង៣៨០០លានដុល្លារអាមេរិក។
តាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។
ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបញ្ជាក់ឲ្យដឹងពីទំហំដីសម្រាប់សង់ព្រលានយន្តហោះនេះ និងទំហំវិនិយោគលើព្រលានយន្តហោះលំដាប់អន្តរជាតិនោះទេ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថាបានថ្លែងថា ទោះជាក្រុមហ៊ុននេះ បានទទួលការយល់ព្រមពីរដ្ឋាភិបាលក៏ដោយ ក៏ក្រុមហ៊ុននេះនៅរង់ចាំដៃគូរបស់ខ្លួន ដែលស័ក្តិសម ដើម្បីវិនិយោគព្រលានយន្តហោះនេះផងដែរ។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ឋគ្រប់បែបយ៉ាង ឲ្យតែមានការវិនិយោ គឺវិនិយោគនៅទីណាក៏សំខាន់ ប៉ុន្តែកម្ពុជាដូចជាមិនត្រូវការព្រលានយន្តហោះធំនៅតំបន់នេះនោះទេ ប៉ុន្តែអ្វីសំខាន់គឺថា គំរោងនេះមានភាពពិតប្រាកដកម្រិតណា លោកមិនទាន់ដឹងនៅឡើយទេ។
គង់ លាងហួរ