មិនខុសពីការព្យាករណ៍មកទល់ពេលនេះ ស្ថានភាពស្រូវរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជាពិតជាមានវិបត្តិមែន ដោយសារតែម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក សម្រេចចិត្តផ្អាក និងឈប់ទិញស្រូវពីក្រុមកសិករក្រោយការប្រមូលផល ព្រោះតែក្រុមអ្នកលក់អង្ករលែងចង់កុម្ម៉ង់អង្ករពីបណ្ដារោងម៉ាស៊ីន។ ស្ថានភាពស្រូវចុះថោក បានកំពុងរុញច្រានអោយប្រទេសកម្ពុជាផ្ទុះឡើងនូវតម្លៃស្រូវធ្លាក់ចុះមិនធ្លាប់កើតមានអស់រយៈពេលច្រើនឆ្នាំមកហើយ ខណៈដែលស្ថានភានេះគឺទោះជាក្រុមអ្នកមានលុយបានកញ្ជ្រោលជួយទិញស្រូវ ដើម្បីបន្ថយវិបត្តិ ក៏ស្ថានភាពទៅថ្ងៃអនាគត នៅតែជារឿងគ្រោះថ្នាក់សម្រាប់ទីផ្សារស្រូវអង្ករ។
មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតម្លៃស្រូវត្រូវគេឃើញស្រុតចុះដាច់ឆ្ងាយពីបណ្ដាឆ្នាំកន្លងទៅ ដោយតម្លៃស្រូវលេខ១មួយគីឡូកសិករលក់បានតែ៨៩០រៀល និងស្រូវប្រភេទលេខ២លក់បានតែ៨៦០រៀល។ នេះជាតម្លៃដាំក្បាលមិនគួរអោយជឿ ក្នុងពេលដែលប្រជាកសិករភាគច្រើនសុទ្ធតែបានប្រកាសចំណាយទុនក្នុងការទិញជីពីប្រទេសជិតខាង និងចំណាយដើមច្រើនជាងមុន ទម្រាំទទួលបានស្រូវអោយស្មើនឹងឆ្នាំចាស់។ ប្រធានមន្ទីរកសិកម្មស្ទើរទូទាំងប្រទេសបានបង្ហាញក្ដីបារម្ភបន្ទាប់ពីការធ្លាក់តម្លៃស្រូវ ដោយសារតែបញ្ហានេះ បង្កអោយក្រុមកសិករទ្រហោយំក៏មិនចេញជាមួយនឹងស្ថានភាពដែលគ្មានអ្នកណាចង់អោយកើតឡើងនេះ។ ក្រុមប្រជាកសិករមួយចំនួនត្រូវបង្ខំចិត្តលក់ស្រូវចេញក្នុងតម្លៃទាបជាងនេះទៅទៀត ដោយសារតែបំណុលធនាគារ និងម្ចាស់ចងការប្រាក់គឺជាសម្ពាធដែលមិនអាចអោយកសិករទាំងនេះតថ្លៃនឹងស្ថានភាពនោះបាន។
លោក សេង ប៊ុនស៊ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំមួយប្រចាំនៅខេត្តបាត់ដំបងបានអះអាងថាស្ថានភាពធ្លាក់តម្លៃស្រូវគឺជាឥទ្ធិពលដែលកើតឡើងមានដោយសារតែបញ្ហានាំចូលអង្ករយ៉ាងគំហ៊ុកមកពីប្រទេសវៀតណាម។ លោកថា រំហូរចូលស្រូវអង្កររបស់ប្រទេសជិតខាត បានបង្កអោយម្ចាស់រោងម៉ាស៊ីនមួយចំនួនបិទទា្វរ ជាពិសេសសម្រាប់បណ្ដារោងម៉ាស៊ីនដែលមានដើមទុនតិចតួច និងខ្វះការប្រកួតជាមួយឈ្មួញវៀតណាមដែលចុះមកទិញស្រូវអង្ករយ៉ាងគំហ៊ុគដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរកម្ពុជា។ លោកថា រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅខេត្តបាត់ដំបងបានបន្តបិទទ្វារក្នុងប៉ុន្មានខែចុងក្រោយ គឺបិទតាំងពីមុនប្រមូលផលស្រូវដែលមានស្ថានភាពធ្លាក់ថ្លៃនាពេលនេះដោយសារការហូរចូលយ៉ាងគំហុកនូវអង្ករពីប្រទេសវៀតណាម និងភាពកំសោយរបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនដែលមិនមានទុនសម្រាប់បង្វិលទិញស្រូវស្តុកទុកនោះ។ លោកថាដោយសារមទល់ពេលនេះ អង្ករវៀតណាមកាន់តែត្រូវនាំចូលដោយបើកទូលាយចូលក្នុងទីផ្សារកម្ពុជា ហើយអង្ករទាំងនោះក៏មានតម្លៃធូរជាងអង្ករកម្ពុជាផងដែរ ទើបបណ្ដាលអោយអ្នកបោះដុំឈប់ទិញអង្ករពីតាមរោងម៉ាស៊ីនក្នុងស្រុក ហើយបណ្ដាលអោយរោងម៉ាស៊ីនលែងចង់ទិញស្រូវដើម្បីកិនជាអង្ករផ្គត់ផ្គង់ទីផ្សារច្រើនៗដូចមុន។ លោកថាស្រូវនៅក្នុងប្រទេសកម្ពុជាមិនមានការប្រជែងទិញពីសំណាក់ រោងម៉ាស៊ីនតូចធំៗគគ្រឹកគគ្រេងដូចមុននោះទេ ទើបជាហេតុបណ្ដាលអោយតម្លៃស្រូវធ្លាក់ដល់ក្រោម៩០០រៀលក្នុងមួយគីឡូ ដែលជាតម្លៃធ្លាក់ចុះយ៉ាងកម្រនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ លោកបានពន្យល់ថារោងម៉ាស៊ីនកិនស្រូវរបស់លោកដែលធ្លាប់តែមានដំណើរខ្លាំង ក៏ត្រូវប្រឈមរឿងកាត់បន្ថយទិញស្រូវផងដែរ ដោយសារតែតម្រូវការអង្ករនៅលើទីផ្សារចេញពីរោងម៉ាស៊ីនរបស់លោកមានការធ្លាក់ចុះ។
អ្នកឯកទេសលើទីផ្សារស្រូវអង្ករដូចៗគ្នាបានអះអាងថាមានហេតុផលជាច្រើនដែលបណ្ដាលអោយតម្លៃស្រូវមានការធ្លាក់ចុះ។ នោះគឺបណ្ដាលមកពីអាជ្ញាធរវៀតណាមខ្វះវិធានការទប់ស្កាត់មិនអោយអង្ករវៀតណាមចរាចរលក់នៅក្នុងប្រទេស។ អ្នកជំនាញជាច្រើនបានអះអាងថា ក្រុមហ៊ុនសុំសិទ្ធិនាំអង្គរចូលមកពីប្រទេសវៀតណាម បានទទួលសិទ្ធិនាំអង្ករចូលត្រឹមតែក្នុងចំនួនមួយកំណត់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺអង្ករទាំងនោះមានចំនួនលើសលប់ដោយសារតែបង្ហាក្រោមតុ និងការបិទភ្នែកបិទច្រមុះក្រុមមន្ត្រីអាជ្ញាធរ។ ម្យ៉ាងមកពីអង្ករវៀតណាមអាចលក់ក្នុងតម្លៃថោកជាងអង្ករម្ពុជានោះផង ទើបបណ្ដាលអោយវត្តមានអង្ករវៀតណាមចូលកម្ពុជារុញអោយអង្ករនៅតាមរោងម៉ាស៊ីនបាត់ទីផ្សារ និងបណ្ដាលអោយម្ចាស់រោងម៉ាស៊ីនភាគច្រើនបន្តបិទទ្វារ ដែលនាំទៅដល់ការបាត់បង់ទីផ្សារស្រូវព្រោះតែគ្មានការប្រជែងទិញ។ មានការបញ្ជាក់ថាអង្ករវៀតណាមអាចលក់បានថោកជាងអង្ករកម្ពុជាដោយសារតែវៀតណាមប្រើសារជាតិគីមីខ្ពស់ និងប្រើទុនតិចជាងការផលិតស្រូវអង្ករនៅកម្ពុជា។ ក្រុមអ្នកជំនាញបន្តថា ស្រូវដែលវៀតណាមប្រមូលទិញពីកម្ពុជា គឺវៀតណាមមិនបានកិនយកលក់នៅក្នុងទីផ្សារកម្ពុជានោះទេ ប៉ុន្តែវៀតណាមប្រើសម្រាប់នាំចេញទៅប្រទេសធំៗ ឬសម្រាប់ទុកលក់ក្នុងស្រុកជាអង្ករគុណភាពខ្ពស់។ ដូច្នេះហើយទើបស្ថានភាពអង្ករវៀតណាមចូលកម្ពុជាមិនមែនត្រឹមតែប៉ះពាល់ដល់ទីផ្សារស្រូវអង្ករដូចដែលកំពុងឃើញនោះទេ អ្វីដែលសំខាន់គឺប៉ះពាល់សុខភាពរបស់អ្នកទទួលទាញអង្ករនាំចូលនោះតែម្ដង ដោយសារតែអង្ករនាំចូលត្រូវគេបង្ហើបថាបានច្រកការ៉ុងអក្សរខ្មែរ និងមិនមានការត្រួតពិនិត្យគុណភាពជាមុន។
មិនខុសគ្នាដែរ លោក ភូ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានទទួលស្គាល់ថា បញ្ហាធ្លាក់ចុះតម្លៃស្រូវបណ្ដាលមកពីអង្ករវៀតណាមតម្លៃថោកវាយលុកចូលទីផ្សារកម្ពុជានេះផងដែរ។ លោកថារោងម៉ាស៊ីនកិនស្រូវកាន់តែច្រើនបន្តបិទទ្វារ ទើបតម្លៃស្រូវមិនអាចលក់បានថ្លៃនៅក្នុងឆ្នាំនេះ។ លោកថាហានិភ័យសម្រាប់បណ្ដារោងម៉ាស៊ីន និងវិស័យស្រូវអង្ករកម្ពុជានឹងបន្ត កើតមាន ប្រសិនបណ្ដារោងម៉ាស៊ីនក្នុងស្រុកបន្តបិទទ្វារ ហើយធ្វើអោយអ្នកបាត់បង់អ្នកប្រជែងទិញស្រូវរបស់កសិករ។ លោកនិយាយថា«ស្រូវយើងអត់អាចលក់បានថ្លៃបានទេ ដោយសារតែម្ចាស់រោងម៉ាស៊ីនកាន់តែច្រើនគាត់បន្តបិទទ្វារ ហើយបញ្ហានេះអត់មានការទប់ស្កាត់ តិចទៀតស្រូវយើងដូចគឺដូចផលិតពោត និងដំឡូងដែលអត់ទីផ្សារចឹង ដោយសារតែឈ្មួញលក់អង្ករកុម្ម៉ង់តែអង្ករវៀតណាមយកមកលក់អស់ហើយនឹង!»។ លោកថាកម្ពុជាមិនអាចឃាត់ឈ្មួញកណ្ដាលអោយឈប់ទិញអង្ករនាំចូលពីវៀតណាមបានទេ បើអង្កររបស់វៀតណាមនៅតែបន្តហូរចូល ហើយមានតម្លៃថោកជាងអង្ករនៅតាមរោងម៉ាស៊ីនរបស់កម្ពុជាបែបនេះ។ ដូច្នេះបើទប់បញ្ហានេះមិនបាន គឺមិនខុសពីបន្តសម្លាប់តម្លៃស្រូវអោយកាន់តែចុះថោកនោះទេ៕
ដោយ ៖ ប៉េង លី