តារាចម្រៀងជុំ លីណូ នឹងដឹកដៃកំពូលស្នេហ៍ អូនជីជី រៀបការនៅឆ្នាំ២០២១ខាងមុខនេះហើយ បន្ទាប់ពីពួកគេព្រមព្រៀងគ្នាភ្ជាប់ពាក្យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះខាងស្រី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ជុំ លីណូ បានរំលឹករឿងស្នេហ៍ជាមួយសង្សារថា គ្រាដំបូងលោកបានជួបអូនជីជី នៅក្នុងកម្មវិធីមង្គលការមួយ ហើយដោយសារតែចាប់អារម្មណ៍ថា នាងមានរូបសម្រស់ស្អាតក៏ពឹងអ្នករត់តុឱ្យទៅសុំហ្វេសប៊ុកនាង ហើយពេលនោះបានដូចបំណងមែន។ ពេលទៅដល់ផ្ទះវិញ លោកបានឆាតមកសួរជីជី ថា នៅទំនេរអត់ មានសង្សារអីទេ? នាងថា អត់មានសង្សារអីទេ ក្រោយមកចេះតែឆាតជាហូរហែទាក់ទងការចង់ឱ្យនាងចូលថតសម្តែង MV របស់លោក ហើយស្រាប់តែយូៗទៅក៏បាក់ចិត្ត ស្រលាញ់នាងមែនទែន រហូតសារភាពត្រង់ៗតែម្តង។

លោកលីណូ បន្តថា មុនកំណត់ថ្ងៃភ្ជាប់ពាក្យនៅថ្ងៃទី២៩ ខែធ្នូ នេះ លោកបានទៅស៊ើបមើលអ្នកស្រុកជិតៗផ្ទះអូនជីជី ហើយឃើញថា ក្រុមគ្រួសារនាងល្អណាស់ សម្បូរញាតិរាប់អាន អ៊ីចឹងហើយលោកក៏សម្រេចចិត្តចូលតាមផ្លូវទៅតាមច្បាប់សុំដណ្តឹងអូនជីជី ធ្វើជាប្រពន្ធតែម្តងទៅ។

ដោយឡែក កញ្ញាជីជី វិញ បាននិយាយអឹមអៀមថា នាងមិនមែនជាតារាអីទេ ហើយមុនដំបូងឃើញ លីណូ ពឹងគេឱ្យមកសុំហ្វេសប៊ុកនាង នាងក៏ឱ្យទៅ ព្រោះក្រែងគេហៅថតខារ៉ាអូខេអី។ ស្រាប់តែបានហ្វេសប៊ុកហើយ លីណូ បានឆាតមកនាងមែន ហើយចង់ហៅថតសម្តែង MV ធ្វើឱ្យនាងសប្បាយចិត្តណាស់ ព្រោះស្រលាញ់អាជីពសម្តែងជាយូរមកហើយ។ ដឹងអី! ឆាតយូៗទៅ លីណូ មិនមែនចង់ឱ្យនាងថត MV ឯណា ស្រាប់តែគាត់សុំស្រលាញ់ខ្ញុំតែម្តង។

កញ្ញាជីជី បន្តថា ពេលនោះមិនដឹងថាម៉េចដែរ ហើយគាត់ថាអត់សង្សារនឹងគ្មានប្រពន្ធកូនទេ នាងក៏ស្វែងយល់ចិត្តលីណូ បន្តិចឃើញថា គាត់ជាមនុស្សប្រុសស្មោះត្រង់មែន អ៊ីចឹងក៏ព្រមទទួលសំណើស្នេហ៍ពីគាត់តែម្តងទៅ។

ជុំ លីណូ អាយុ៣៦ឆ្នាំ ខណៈកញ្ញាជីជី ទើបមានអាយុ១៩ឆ្នាំ ហើយក្រោយប្រកាសកំណត់ថ្ងៃភ្ជាប់ពាក្យនិងរៀបការតាមប្រពៃណីខ្មែរ នេះរួចមក ស្រាប់តែពេលនេះពួកគេបណ្តើរគ្នាត្រសងដូចប្តីប្រពន្ធថ្មោងថ្មីទើបរៀបការទៅហើយ។

លីណូ បន្ថែមថា លោកនឹងពង្រឹងមុខរបរវង់តន្ត្រីឱ្យកាន់តែរឹងមាំ ខណៈអនាគតប្រពន្ធថានៅបន្តលក់ឡេតាមអនឡាញដដែល៕