Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមបញ្ចប់​បញ្ហា​ព្រំ​ដែន សម្តេច​តេជោ ហ៊ុន សែន អាច​ក្លាយ​ជា​វីរ​បុរសជាតិ

បញ្ចប់​បញ្ហា​ព្រំ​ដែន សម្តេច​តេជោ ហ៊ុន សែន អាច​ក្លាយ​ជា​វីរ​បុរសជាតិ

ភ្នំពេញ ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា បានលើកឡើងថា ទាក់ទងនឹង បញ្ហាព្រំដែនរវាងកម្ពុជាវៀតណាម បើគណបក្សប្រជាជនកម្ពុជា អាចដោះស្រាយបាន ដើម្បីបញ្ចប់មន្ទិលប្រជារាស្ត្រគណបក្សកាន់អំណាច នេះ នឹងកើន២០អាសនៈ នៅក្នុងការបោះឆ្នោត ថ្នាក់ជាតិ នាឆ្នាំ២០១៨ ខាងមុខ ហើយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងក្លាយ ជាវីរបុរសជាតិ។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ថាបញ្ហាព្រំដែន CPP អាចកើន ចំណេញ២០អាសនៈសភាបន្ថែមទៀត នៅឆ្នាំ ២០១៨ ហើយសម្តេចហ៊ុន សែន អាចក្លាយ ជាវីរបុរសជាតិ បើអាចបញ្ចប់មន្ទិលក្នុងចិត្ត រាស្ត្រ រឿងព្រំដែនកម្ពុជាវៀតណាម ខណៈ CNRP លើកទង់ស ពិចារណាបញ្ចប់ការដេញដោលរឿងព្រំដែន ជាថ្នូរចូលសភា ដើម្បីដោះស្រាយរឿងបុគ្គលលោកកឹម សុខា ។

តើអ្វីខ្លះជាមន្ទិលក្នុងចិត្តរាស្ត្រ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាវៀតណាម?

តាមរយៈឯកសារខ្លះ បាននិយាយ អំពីការគ្រប់គ្រងរបស់អាណាព្យាបាលបារាំង មកលើឥណ្ឌូចិន (INDOCHINE) នៅឆ្នាំ ១៨៥០ម៉្លេះ។ អាណានិគមបារាំង បានវាយលុក ចូលកាន់កាប់លើប្រទេសអាណ្ណាម និងគ្រប់គ្រង ដែនដីកម្ពុជាក្រោម (កូសាំងស៊ីន) ទាំងស្រុង នៅឆ្នាំ១៨៥៧។

បារាំង គ្រប់គ្រងប្រទេសកម្ពុជា នៅឆ្នាំ ១៨៦៣ បារាំងបានរៀបចំគូសព្រំដែនកូសាំងស៊ីន ចាប់ពីឆ្នាំ១៨៧០ ដល់ឆ្នាំ១៨៧៣ បានបោះ បង្គោល មានចំនួន១២៤បង្គោល (SG-1)

សំណួរដែលរាជរដ្ឋាភិបាល ត្រូវបំភ្លឺ ជូនរាស្ត្រ

តើព្រំដែនកូសាំងស៊ីន និងបង្គោលព្រំដែន ១២៤បង្គោល ដែលបារាំងបានបោះក្នុងពេល បច្ចុប្បន្នមានប៉ុន្មានបង្គោល នៅក្នុងទឹកដីវៀតណាម ហើយចំនួនប៉ុន្មានបង្គោល នៅលើទឹកដី កម្ពុជា?

ចាប់តាំងពីការឈ្លានពានរបស់វៀតណាម ខែធ្នូ ឆ្នាំ១៩៧៨ សន្ឋិសញ្ញាកំណត់ព្រំដែនទ្វេភាគីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយវៀណាម នៅឆ្នាំ១៩៨២ ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥ និងត្រូវបាននិរាករណ៍ ចោលទាំងអស់ ដោយកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងបានបញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងមាត្រា២ ចែងយ៉ាងច្បាស់ ថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបំពានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៣៦១៩៦៩។ ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៣ នៃរដ្ឋសភា បែរជាចុះកិច្ចព្រមព្រៀងបំពេញបន្ថែម ឆ្នាំ២០០៥ លើសន្ឋិសញ្ញាព្រំដែនកម្ពុជា វៀតណាមទ្វេភាគី ឆ្នាំ១៩៨២, ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥ យ៉ាងដូច្នេះ?

ហេតុអ្វីមកទល់ពេលនេះ រាជរដ្ឋាភិបាល ចេញសារាចរ ការពារនិងថែរក្សាបង្គោលព្រំដែនកូសាំងស៊ីន? តើអាចជាការហួសពេលហើយ ឬទេ?

តើជោគវាសនាទឹកដី និងប្រជាជនខ្មែរ កម្ពុជាក្រោម នឹងក្លាយជាយ៉ាងណា? ឬអ្វីៗបាន ក្លាយជាប្រវត្តិសាស្ត្រជូរចត់ក្នុងចិត្តបាត់ទៅ ហើយ? ហើយបើយើងមិនធ្វើពេលនេះ តើចាំ ពេលណា? ហើយនរណាជាអ្នកទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ?

បើ CPP និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាមន្ទិលក្នុងចិត្តរាស្ត្រ ខាងលើអត់បានទេ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជោគជាតារាសីមធ្យម

ការលើកឡើងពីបញ្ហាព្រំដែនរបស់លោក រស់ សារ៉ុម បានធ្វើឡើង ក្រោយពេលដែល រាជរដ្ឋាបាលកម្ពុជា បានចេញសារាចរ ស្តីពីការ ថែរក្សា ការពារបង្គោលព្រដែនចាស់ បោះដោយ គណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន និងក្រោយទសវត្សរ៍ ឆ្នាំ១៨៧០។ សារាចរនោះ បានដាក់ចេញនូវ វិធានការ៥ចំណុច រួមមាន 

គណៈកម្មការចម្រុះកិច្ចការព្រំដែន ចាំ បាច់ត្រូវរក្សាបង្គោលព្រំដែនចាស់ទាំងឡាយនោះ ឱ្យបានគង់វង្ស ទោះជាមានសភាពទ្រុឌទ្រោម កម្រិណាក៏ដោយ។

គណៈកម្មការចម្រុះកិច្ចការព្រំដែន ត្រូវ សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រក្សាបង្គោលព្រំដែនចាស់ ដែនបាក់ចេញពីគ្រឹះ របស់វានៅកន្លែងមួយ ដែលមានសុវត្ថិភាព ដើម្បីទុកឱ្យប្រជាពលរដ្ឋទូទៅបានឃើញ និង ស្គាល់។

ក្នុងករណីដែលបង្គោលព្រំដែនចាស់ ទាំងនោះ បាក់ចេញពីគ្រឹះដែលពុំស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កម្ពុជា គណៈកម្មការចម្រុះ កិច្ចការព្រំដែន មានភារកិច្ចចរចាជាមួយភាគី វៀតណាម សុំយកបង្គោលព្រំដែនទាំងនោះ មក រក្សាទុកនៅកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រូវ សហការគ្នា ដើម្បីស្វែងរកបង្គោលព្រំដែនចាស់ ដែលអាចនៅសេសសល់ ដើម្បីប្រមូល ឬចងក្រងទុកជាឯកសារស្រាវជ្រាវ។

អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ត្រូវសហការជាមួយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីថែរក្សា និង ការពារបង្គោលព្រំដែន ដែលប្រទេសទាំង២  បានឯកភាពគ្នាបោះលើដីជាក់ស្តែងរួចហើយ ឱ្យបានឋិតថេរគង់វង្សតរៀងទៅ។

ជុំវិញបញ្ហាបង្គោលព្រំដែននេះ លោករស់ សារ៉ុម ក្នុងនាមជាសង្គមស៊ីវិល ក៏បន្តធ្វើលិខិត គោរពជូនសម្តេចឧមនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអនុញ្ញាតធ្វើដំណើរ ទស្សនកិច្ច ដោយថ្មើរជើងតាមចំណុចបង្គោល ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន ដើម្បីស្រាវជ្រាវរកឱ្យឃើញ បង្គោលព្រំដែន ១២៤បង្គោល ដែលបានបោះដោយបារាំង មុន នឹងក្រោយឆ្នាំ១៨៧០ នៅឯណា?

លិខិតរបស់លោករស់ សារ៉ុម ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថាសូមគោរព ជូនសម្តចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់

កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតធ្វើដំណើរ ទស្សនកិច្ច ដោយថ្មើរជើងចាប់ពីចំណុចបង្គោល ព្រំដែនរវាងព្រះរាជាណចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ និងមានអ្នកស្ម័គ្រចិត្ត ចូលរួម១៩រូប។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តយសដ៏ខ្ពង់ខ្ពស់សូមគោរពជម្រាប ជូនសម្តេចក្រឡាហោម មេត្តាជ្រាបថា សមាគម ជ័យលាភីបញ្ញាជនកម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា អភិវឌ្ឍវិស័យធនធានមនុស្ស និងពង្រឹង នីតិរដ្ឋនៅកម្ពុជា។

សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា ឱ្យកាន់តែរឹងមាំ សមាគមមានបំណងចុះទស្សនកិច្ច និងចងក្រងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធបញ្ហា ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន។           

អាស្រ័យហេតុនេះ សូមសម្តេចក្រឡាហោម  មេត្តាពិនិត្យ និងអនុញ្ញាតតាមកាលបរិច្ឆេទកំណត់ ខាងលើ ដោយអនុគ្រោះ

លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ នគរធំនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដែរថា ការ ដែលលោកហ៊ានអះអាងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងក្លាយជា វីរបុរសជាតិ បើដោះស្រាយបញ្ហាព្រំដែនបាន សម្រេចបញ្ចប់ដោយជោគជ័យ នៅមុនឆ្នាំ ២០១៧ នោះ គឺលោកមានទឡ្ហីករណ៍២ ដែល លោកចង់ទាញ សាធារណមតិឱ្យមានការចាប់ អារម្មណ៍។

លោករស់ សារ៉ុម មានប្រសាសន៍ថា បាទ! ចំណុចដែលរឹងមាំ គឺយើងខ្ញុំផ្តោតសំខាន់ទៅលើ កត្តា២។ កត្តា១ គឺកត្តាជាតិនិយម។ កត្តាជាតិ និយមនេះ គឺខ្មែរយើងមានគ្រប់គ្នា គឺយើងមើល ទឡ្ហីករណ៍ខ្លះដែលកន្លងទៅ កាលពីយើងមាន ទំនាស់ជាមួយនឹងថៃ នៅព្រំដែនព្រះវិហារ។ អ៊ីចឹងនៅឆ្នាំ២០០៨ នៅពេលដែលមានទំនាស់ ជាមួយថៃ គឺរដ្ឋាភិបាលកម្ពុជា មានឆន្ទៈច្បាស់លាស់ក្នុងការប្រឆាំងទប់ទល់ជាមួយនឹងបរទេស ឈ្លានពាន។ អ៊ីចឹងសំឡេងឆ្នោតនៅឆ្នាំ២០០៨  វាកើនឡើងភ្លូកទឹកភ្លូកដី គឺដោយសាររឿងហ្នឹង។ អ៊ីចឹងទោះបីយ៉ាងម៉េច បើយើងយករបស់យើង មកវិញមិនបាន ក៏យើងការពារបស់យើងដែល មានហើយបានដែរ។ ខាងលិចមិនប៉ុន្មានទេ ប៉ុន្តែ ខាងកើតនេះ គឺសំខាន់តែម្តង គឺប្រជាជន មិនថាតែអ្នកគាំទ្រគណបក្សប្រជាជន ឬក៏អ្នកគាំទ្រ គណបក្សអីផ្សេងទេ គឺសុទ្ធតែគិតដូចគ្នាថា ព្រំ–  ដែននេះវាមិនដឹងយ៉ាងម៉េចហើយទេ? ខ្ញុំលើក ឧទាហរណ៍មួយ ពីបញ្ហាកោះត្រល់ បើយើង និយាយពីច្បាប់សមុទ្រអន្តរជាតិ គឺកោះត្រល់ វាត្រូវតែជារបស់ខ្មែរ។ ចម្ងាយពីព្រំដែនគោក  ទៅកាន់កោះហ្នឹង បើប្រៀបធៀបពីខាងវៀតណាម ទៅកោះត្រល់ គឺយើងជាម្ចាស់កម្មសិទ្ធិ ហ្នឹងហើយ ប៉ុន្តែយើងគ្រាន់តែអ្នកសិក្សាស្រាវជ្រាវ យើងអត់អាចដូចរាជរដ្ឋាភិបាលទេ មាន តែរដ្ឋាភិបាលទេ ដែលអាចជម្រះមន្ទិលបាន។ ជម្រះមន្ទិលហ្នឹងត្រង់ណា? ទី១ ពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវច្បាប់ បើរដ្ឋាភិបាល លោក  មានឆន្ទៈគ្រប់គ្រាន់ ដើម្បីឱ្យប្រជាជនអស់ចិត្ត ទាំងអស់គ្នា រដ្ឋាភិបាលអាចស្នើទៅប្រទេស បារាំងបាន សុំឱ្យបារាំងជួយជាផ្លូវការមក ជួយ ជាអ្នកជំនាញបច្ចេកទេស ព្រោះបារាំងជាម្ចាស់ អាណានិគមរបស់យើង។ អ៊ីចឹងគេដឹងច្បាស់  ហើយមួយទៀត កាលពីជំនាន់មុន ដែនដីកូសាំងស៊ីន គឺជារបស់ខ្មែរទេ ក៏ប៉ុន្តែគ្រាន់ថា បារាំង បានបោះច្បាស់ណាស់ ១២៤បង្គោល នៅឆ្នាំ១៨៧០ហ្នឹង ហើយ១២៤បង្គោលនេះ  បច្ចុប្បន្នគឺមិនដឹងច្បាស់ថា នៅលើទឹកដីខ្មែរ ប៉ុន្មាន នៅលើអតីតកូសាំងស៊ីន វៀតណាមខាង ត្បូងប៉ុន្មានទេ។ សម្រាប់ទឡ្ហីករណ៍ទី២ ដែល អាចធ្វើឱ្យសម្តេច ក្លាយទៅជាវីរបុរសរបស់ជាតិ ព្រោះរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន ហើយគឺតាំងពីចាប់ផ្តើមមក សម្តេចមានវត្តមានជាអ្នកដឹកនាំរបស់ខ្មែរយើងតាំងពី៧៩មក។ អ៊ីចឹងសម្តេច គឺជាសាក្សីរស់ មានតែសម្តេចទេ  ដែលដឹងច្បាស់ជាងគេ ពាក់ព័ន្ធជាមួយបញ្ហា ព្រំដែនកម្ពុជាវៀតណាម ហើយមួយទៀត ទឡ្ហីករណ៍ទី២នេះ គឺខ្ញុំផ្តោតសំខាន់ទៅលើឆន្ទៈ របស់រាជរដ្ឋាភិបាល ក្នុងការចេញសារាចរមួយ ក្នុងការថែរក្សាការពារបង្គោលព្រំដែន រវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយកូសាំងស៊ីន។ នេះជាឆន្ទៈមួយដែលគួរទទួលបាននូវការលើកទឹកចិត្ត ហើយនិងកោតសរសើរចំពោះរដ្ឋាភិបាល កម្ពុជា ដែលមានឆន្ទៈក្នុងការជម្រះមន្ទិលពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ អ៊ីចឹងបើឈានពីកូសាំងស៊ីនទៅ វាចូលដល់ដំណាក់កាលថ្មីហើយ ព្រោះ តាមច្បាប់រដ្ឋធម្មនញ្ញ មាត្រា២ ចំនួនផ្ទៃដីយើង យ៉ាងម៉េចៗ គឺនៅក្នុងមាត្រា២។ អ៊ីចឹងសូម សម្តេច ចាត់វិធានការយ៉ាងម៉េច មានយន្តការ យ៉ាងម៉េច ឱ្យបានមុន២០១៧ហ្នឹង បើដល់២០១៨ នោះព្រំដែន នៅតែជាប្រធានបទនយោបាយ ប្រទេសផ្សេងៗគេមិនដែលយករឿងព្រំដែន មកធ្វើជាប្រធានបទនយោបាយទេ គឺគេយក បញ្ហាអីផ្សេងមកធ្វើជាប្រធានបទនយោបាយ។ អ៊ីចឹងខ្ញុំចង់ឱ្យការបោះឆ្នោតខាងមុខនេះ ក្រុម ប្រឹក្សាឃុំសង្កាត់ក្តី ថ្នាក់ជាតិក្តី គឺបិទទំព័រមួយ  គឺឈប់យកបញ្ហាព្រំដែន មកធ្វើជាប្រធានបទ នយោបាយ

ចំពោះលិខិតគោរពជូនសម្តេចឧបនាយក ស ខេង នោះ រដ្ឋមន្ត្រី លោករស់ បញ្ជាក់ថា មិនទាន់បានដាក់ជាផ្លូវការទេ គឺបានសម្រេច លើកពេលទៅដល់បុណ្យភ្ជុំបិណ្ឌហើយ នឹងរៀបចំ ចាត់ចែងដាក់លិខិតនេះ។ ប៉ុន្តែលោកសង្ឃឹមថា ក្រោយការដាក់លិខិតនេះ ហើយនឹងមានការ ឆ្លើយតបជាវិជ្ជមានពីសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង  ព្រោះអ្វីដែលលោកធ្វើនេះ គឺធ្វើតាម ច្បាប់ ដោយអត់ទាន់ដេញដោល ឬរើកកាយ ការងាររបស់រាជរដ្ឋាភិបាលឬគណៈកម្មាធិការ ជាតិ ព្រំដែនកម្ពុជា ធ្វើជាមួយវៀតណាមនោះ ទេ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES