បើទោះជាវិស័យសំណង់ត្រូវគេមើលឃើញថា មានសភាពនៅទ្រឹង និងស្ងប់ស្ងាត់ជាងមុនដែលមានសភាពគគ្រឹកគគ្រេង ក៏ស្ថិតិដែលបានរាយការណ៍គិតត្រឹម៨ខែដើមឆ្នាំ២០១៦មុននេះ នៅតែអះអាងថាប្រទេសកម្ពុជាមានការឈានឡើងលើវិស័យសំណង់។ គ្រាន់តែលើវិស័យសាងសង់បុរីគឺមានរហូតដល់ជាង១៦៩លានដុល្លារ ខណៈដែលវិស័យសាងសង់អាគារខ្ពស់ៗ និងគម្រោងសាងសង់សំណង់ឯកជនផ្សេងទៀត ក៏មានចំនួនច្រើនកើនឡើងផងដែរ ថ្វីត្បិតតែមើលទៅរាងស្ងាត់បន្តិច។
យោងតាមរបាយការណ៍ដែលទើបបញ្ចេញដោយក្រសួងដែនដីនគរូបនីយកម្ម បានអះអាងថា គិតត្រឹម៧ខែនាពេលកន្លងមក គម្រោងសាងសង់បុរីនៅក្នុងប្រទេសកម្ពុជាមានចំនួន ២៣៤គម្រោង និងមានតម្លៃប្រហាក់ប្រហែលនឹងជាង១៦៩លានដុល្លារ។ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ប្រទេសកម្ពុជាឃើញមានតែ១៤១គម្រោង និងមានទឹកប្រាក់រង្វង់ត្រឹមតែ៣០លានដុល្លាអាមេរិក។ នេះបញ្ជាក់យ៉ាងច្បាស់ថាបើទោះជាវិស័យទិញដូរអចលនទ្រព្យរបស់ប្រទេសកម្ពុជាដ្បិតថាមើលទៅស្ងប់ស្ងាត់ជាងមុន ប៉ុន្តែជំហានទៅមុខនៅតែមានដដែល ដែលមានន័យថាវិស័យសាងសង់បុរីនៅទូទាំងប្រទេសមានសញ្ញាវិជ្ជមាន និងមានកម្រិតមិនទាន់ស្រុតនៅឡើយ។ ក្រុមអ្នកតាមដាននៅតែមើលឃើញថាក្នុងខែ៨មុននេះ វិស័យបុរីតែមានការសាងសង់ ថ្វីដ្បិតតែសភាពសាងសង់មើលទៅមានភាពស្ទក់ជាងមុន។ យ៉ាងណាមិញគេនៅតែកត់សម្គាល់ថាស្ថានភាពទិញដូចផ្ទះបុរីនៅតែមានកម្រិតនៅឡើយ ខណៈដែលអតិថិជនភាគច្រើនត្រូវគេដឹងថាសុទ្ធតែបានជាប់បំណុលធនាគារ ដែលនាំអោយសភាពនៃការទិញផ្ទះទិញដី ដែលសាងសង់ដោយបុរីមានកម្រិតថយចុះជាងមុន។ បុរីខ្លះនៅតែឃើញសង់ហើយមិនមានអ្នកទិញ ហើយត្រូវគេទុកចោលឈប់សាងសង់ ជាពិសេសសម្រាប់បុរីដែលស្ថិតនៅជាយក្រុង និងបណ្ដាបុរីដែលមានទីតាំងនៅត្រូវឆ្លងកាត់ផ្លូវស្ទះ។ បុរីមួយចំនួនបានប្រើយុទ្ធសាស្រ្តផ្ដល់ឱកាសអោយបង់រំលោះរហូតដល់រយៈពេល២៥ឆ្នាំ ច្រើនជាងគោលការណ៍បង់រំលោះត្រឹម១០ឆ្នាំដែលធ្លាប់ផ្ដល់ជូន ដើម្បីទាក់ទាញអ្នកមានប្រាក់ចំណូលមធ្យម និងតិចអោយក្លាយជាអតិថិជនរបស់ខ្លួន ក្រោយពីអ្នកមានចំណូលខ្ពស់ត្រូវគេឃើញជាប់បំណុលរឿងបង់រំលោះភាគច្រើនអស់ទៅហើយ។ ក្រុមអ្នកវិភាគនៅតែសម្ដែងការព្រួយបារម្ភពីការធ្លាក់ចុះ ក្នុងពេលដែលក្រុមអ្នកជំនាញនៅតែលើកឡើងថាវិស័យសំណង់នៅមិនទាន់អីនៅឡើយ។
មន្ត្រីជំនាញបានអះអាងថា ហេតុផលដែលនាំអោយសំណង់បុរីកើនឡើងនៅឡើយក្នុងពេលទីផ្សារទិញដូរផ្ទះបុរីធ្លាក់ចុះជាងមុន គឺដោយសារតែការកើតឡើងនូវសំណង់បុរីនៅក្នុងតំបន់ពេញនិយមដូចជាតំបន់ភ្នំពេញថ្មី គៀនស្វាយ និងម្ដុំចម្ការដូងជាដើម ដែលនៅតែ មានមនុស្សច្រើនចង់ទិញប្រជែងគ្នា។ ចំណែកភាពស្ងប់ស្ងាត់ដែលបានកើតឡើង គឺសម្រាប់តែបុរីឆ្ងាយៗ និងមិនសូវចំប្លង់តំបន់សេដ្ឋកិច្ចប៉ុណ្ណោះ។ កាលពីឆ្នាំមុន វិស័យសំណង់ទាំងមូល ទាំងបុរី ទាំងគម្រោងវិនិយោគបានកើនដល់ ៣,៣ពាន់លានដុល្លារអាមេរិកត្រឹមតែកន្លះឆ្នាំដំបូងក្នុងឆ្នាំ២០១៥។ របាយការណ៍ជាច្រើនបានអះអាងថា ទំហ៊ំទុនទំាំង៣,៣លានដុល្លារនោះ គម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរួមមានសំណង់បុរី ខុនដូ និងទីក្រុងរណបធំៗ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម លើវិស័យកសិកម្ម លើវិស័យដឹកជញ្ជូន និងលើវិស័យទេសចរណ៍ក៏ស្ថិតនៅក្នុងនោះដែរ។ ក្នុងនោះវត្តមានតំបន់សេដ្ឋកិច្ចពិសេសទាំងនៅភ្នំពេញ នៅប៉ោយប៉ែត នៅកោះកុង នៅបាវិត នៅកោះកុង និងនៅតំបន់សំខាន់ៗផ្សេងទៀត ត្រូវគេឃើញមានកំណើនវិនិយោគគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ ក្នុងចំណោមទំហ៊ំទុនដែលបានបង្ហាញនោះ គឺទុនវិនិយោគរបស់បរទេសនៅមានចំនួនមិនទាន់ស្មើពាក់កណ្ដាលនៃទំហ៊ំទុនបណ្ដាក់ទុនរបស់ក្រុមអ្នកវិនិយោគក្នុងស្រុកនៅឡើយទេ បើទោះជាក្រុមវិនិយោគិនបរទេសក្នុងមួយរយៈចុងក្រោយនេះ ត្រូវគេកត់សម្គាល់ចុះមកបណ្ដាក់ទុននៅកម្ពុជាច្រើនឡើងឡើងវិញ មិនចាញ់មុនវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។ ទិន្នន័យនោះ បង្ហាញថាការស្ទុះឡើងនៃវិស័យសេដ្ឋកិច្ចនៅកម្ពុជា មិនមែនពឹងតែលើដង្ហើមរស់របស់ក្រុមពាណិជ្ជករនៅក្រៅស្រុកនោះទេ ប៉ុន្តែក៏មានន័យថាបើគ្មានការរួមចំណែកពីក្រុមអ្នកវិនិយោគិនមកពីខាងក្រៅប្រទេស ក៏មិនអាចជំរុញទឹកចិត្តឲ្យក្រុមអ្នកវិយោគិនក្នុងស្រុក បណ្ដេញគ្នាបោះទុនលើគម្រោងកាន់តែច្រើនដូចក្នុងពេលនេះដូចគ្នា។ តាមការផ្សព្វផ្សាយ គម្រោងវិនិយោគិនក្នុងស្រុកមានទំហ៊ំ២,៩២ពាន់លានដុល្លារអាមេរិកលើទំហ៊ំទុនវិនិយោគក្នុងស្រុកដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសរុបទាំង៣,៣ពាន់លានដុល្លារអាមេរិក ក្នុង៦ខែដំបូងកាលពីឆ្នាំ២០១៥។ ដូច្នេះបើងាកមកគិតត្រឹម៧ខែដំបូងក្នុងឆ្នាំ២០១៦មុននេះ គម្រោងទាំងនោះនៅល្អនៅឡើយទេ។
យោងតាមរបាយការណ៍ក្នុងចំនួន២៣៤គម្រោងនៃការសាងសង់បុរី ដែលបានបង្ហាញឡើងកាលពី៧ខែមុន សំណង់បុរីបានគ្របដណ្ដប់លើផ្ទៃដីសរុប៣សែន៨ម៉ឺនម៉ែត្រការ៉េ កើនឡើងជាងមុន ដែលមានន័យថាផ្ទៃដីទំនេររបស់នៅក្នុងតំបន់ភ្នំពេញត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ការវិនិយោគសុទ្ធសាធលើវិស័យសំណង់ត្រូវបានប្រកាសថាមានចំនួន៧១០៨លានដុល្លារ ខ្ពស់ជាងឆ្នាំមុនដែលមានត្រឹមតែ៨៩៩លានដុល្លារ ក្នុងរយៈពេល៧ខែ។ ក្រសួងនគរដែនដីរូបនីយកម្មបានអះអាងថា មានគម្រោងចំនួន១៥០០ដែលខ្លួនអនុម័តអោយសាងសង់ក្នុងឆ្នាំ២០១៦នេះ ដោយស្មើនឹង១១លានម៉ែត្រការ៉េ ដែលចំនួននេះបើធៀបនឹងឆ្នាំ២០១៥ដែលមានតែ១០៨៣គម្រោង និងមានតែ២,៧លានម៉ែត្រការ៉េតិចជាងពេលនេះ។
គួរបញ្ជាក់ផងដែរថាវិស័យសំណង់បានជួយអោយកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងដោយក្នុងនោះ ពលរដ្ឋខ្មែរប្រមាណ២០៨.២៩០ ទៅ២៥១.៩៤០ ក្នុងមួយថ្ងៃគឺជាអ្នកបានទទួលឱកាសការងារពីការរីកលូតលាស់នេះ។ នៅរាជធានីភ្នំពេញមានកម្មករពី ៩៦.៥០០ ទៅ១០៨.៥០០ មានការងារធ្វើ និងទទួលបានចំណួលពីវិស័យសំណង់ទៀងទាត់៕
ប៉េងលី