ភ្នំពេញ ៖ អ្នកវិនិយោគជប៉ុនថ្មីមួយទៀត បានសម្រេចចិត្តបោះទុនវិនិយោគ៥០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើសណ្ឋាគារកម្រិតផ្កាយ៤ថ្មីមួយ នៅទីក្រុងភ្នំពេញ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនStarts Corporation INGបានឲ្យដឹងកាលពីពេលថ្មីៗនេះថា សណ្ឋាគារនេះបាន និងកំពុងសាងសង់នៅក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានកំពស់១៩ជាន់ និងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា។សណ្ឋាគារនេះមានឈ្មោះStarts Hotel Emion Phnom Penh។សេចក្តីប្រកាសដដែលបានឲ្យដឹងថា សណ្ឋាគារនេះសាងសង់លើផ្ទៃដី២៣៨០ម៉ែត្រការ៉េ ដែលគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ខាងមុខនេះ ដោយមានបន្ទប់ចំនួន២៤០បន្ទប់ និងមានចំណតយានយន្ត៥៧គ្រឿង។
សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា ការសម្រេចចិត្តវិនិយោគលើសណ្ឋាគារនេះ ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងលំហូរអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកប្រទេសនេះ ពិសេសការភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនANAកាលពីដើមខែនេះ ដែលនឹងកាន់តែលើកស្ទួយវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សណ្ឋាគារនេះនឹងយកគម្រូតាមស្តង់ដាសណ្ឋាគារមកពីប្រទេសជប៉ុន ដែលក្នុងសណ្ឋាគារនេះមានភោជនីយដ្ឋាន អាងហែលទឹក ក្លឹបហាត់ប្រាណ ហាងកាហ្វេ កន្លែងប្រជុំ និងកន្លែងសម្រាប់ក្មេងលេងផងដែរ។
នេះជាសណ្ឋាគារជប៉ុនទី២ហើយ ដែលត្រូវបានវិនិយោគដោយអ្នកវិនិយោគ ជប៉ុន ដែលសណ្ឋាគារទី១មានកំពស់២២ជាន់ ឈ្មោះToyoko INN ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ដែលបានបើកដំណើរការកាលពីដើមឆ្នាំនេះ។
លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បន្ទាប់ពីមានការសាងសង់ផ្សារទំនើបAEONទី១ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅរាជធានីភ្នំពេញ និងការសាងសង់AEON ទី២នៅតំបន់បឹងពោងពាយទួលគោក និងការភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ANA ទំនាក់ទំនងកាទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ដោយសារអ្នកវិនិយោគជប៉ុនមានជំនឿចិត្តលើនយោបាយ និងកំនើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបន្តថា “ការវិនិយោគលើសណ្ឋាគារនេះ ជាសញ្ញាមួយដែលបង្ហាញពីតំរូវការរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគជប៉ុននៅកម្ពុជា ហើយជំនឿចិត្តនេះក៏អាស្រ័យលើអ្នកពាក់ព័ន្ឋ និងរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍និងរក្សាស្ថិរភាពនយោបាយរបស់ប្រទេស”។លោកបន្តថា “ដោយសារមានការហោះហើរត្រង់បានធ្វើឲ្យភ្ញៀវទេសចរណ៍ជប៉ុនមកទស្សនាប្រទេសកម្ពុជាមានការកើនឡើង ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគបែបនេះជារឿងត្រូវស្វាគមន៍ ព្រោះអ្នកវិនិយោគជប៉ុនចូលមកវិនិយោគនៅកម្ពុជា ជាការវិនិយោគរយៈពេលវែង ហើយតាមរយៈការហោះហើរត្រង់របស់ក្រុមហ៊ុនANA បានធ្វើឲ្យទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែមានភាពជិតស្និទ្ឋ។លោកបន្តថា តាមព៌តមានលោកទទួលបាន គឺមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនកំពុងពិចារណា មកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយអ្វីៗមាន
ការប្រែប្រួលជាវិជ្ជមាន មានពីមានជើងហោះហើរត្រង់កាលពីដើមខែនេះ។
លោកបន្តថា “យើងហោះហើរត្រង់នេះ មិនត្រឹមជួយសម្រួលតែខ្មែរទេ តែជនបរទេសដែលរស់នៅកម្ពុជា ពួកគេក៏បានធ្វើដំណើរតាមជើងហោះហើរនេះទៅកាន់ជប៉ុនកាន់តែស្រួលផងដែរ”។លោកបន្តថា“មានសញ្ញាវិជ្ជមានកាន់តែច្រើនរវាងប្រទេសទាំងពីរ”។
គង់ លាងហួរ