ខេត្តត្បូងឃ្មុំ៖ យុវជន២នាក់ ត្រូវជាមិត្តភក្តិនឹងគ្នា បន្ទាប់ពីអង្គុយផឹកស្រាជុំគ្នាស្រវឹងធ្លាក់ ភ្នែករៀងៗខ្លួន ក៏ចាប់ផ្តើមនិយាយលេងសើច បង្អាប់គ្នាចុះឡើង រហូតផ្ទុះជាជម្លោះ ត្រូវភាគី ម្ខាងទ្រាំមិនបាន ក៏ទាញដាវកាប់ប្រហារចំនួន ៤ដាវ បណ្តាលឱ្យរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម ។
ករណីអំពើហិង្សាខាងលើនេះ បានកើត មានឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាង លិចវត្តដារ ស្ថិតក្នុងភូមិដារជើង ឃុំដារ ស្រុកមេមត់ ។
ជនរងគ្រោះដែលត្រូវគូទំនាស់កាប់៤ដាវ របួសធ្ងន់នោះ មានឈ្មោះអ៊ុក អាយ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិទៀក ឃុំដារ ស្រុកមេមត់ ។ ចំណែកជនដៃដល់ មានឈ្មោះភក្តិ មានលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុបានអង្គុយជុំគ្នាផឹកស៊ីនៅផ្ទះ របស់បុរសម្នាក់ ឈ្មោះសុខ ចាន់។ លុះក្រោយពី ផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះ និងជនបង្កហេតុបាននិយាយបន្តុះបង្អាប់គ្នាទៅ វិញទៅមក ក្នុងន័យលេងសើច លុះបន្តុះបង្អាប់ គ្នាយូរៗទៅក៏កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅ មក ហើយភ្លាមនោះ ជនបង្ក ហេតុបានស្ទុះទៅ ទាញដាវមកកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៤ដាវ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនបង្កហេតុបានរត់គេច ខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងយប់ ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះទទួលរងរបួសធ្ងន់ចំនួន៤កន្លែង គឺចំ ក្បាលចំហៀងខាងឆ្វេង១កន្លែង ភ្លៅខាងឆ្វេង ១កន្លែង ម្រាមដៃខាងស្តាំស្ទើរដាច់ និងខ្នង ខាងឆ្វេង១កន្លែងទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅសាក្សី មកធ្វើការសាកសួរចង់ដឹងពីមូលហេតុពិតប្រាកដ ដែលឈានដល់ជម្លោះ រហូតប្រើអំពើហិង្សា កាប់ប្រហារគ្នាបែបនេះ។ ដោយឡែក ជនបង្ក បានរត់គេចបាត់ ដោយមកដល់ព្រឹកថ្ងៃទី២៦ ខែកញ្ញា សមត្ថកិច្ចនៅមិនទាន់ស្វែងរកចាប់ខ្លួន ជនបង្កហេតុ បាននៅឡើយ ៕
ដោយ៖ សុភ័ណ្ឌ