Sunday, November 24, 2024
Homeតារាខ្មែរម៉េង កែវពេជ្ជតា ចិត្តខុសពីមុន

ម៉េង កែវពេជ្ជតា ចិត្តខុសពីមុន

កាលពីប៉ុន្មានខែមុន សិល្បការិនីឈ្មោះល្បីអ្នកចម្រៀងម៉េង កែវពេជ្ជតា ត្រូវបានមើលឃើញថា មានដៃគូចម្រៀងដ៏ស៊ីសង្វាក់ម្នាក់ គឺលោករ័ត្ន មករា ដែលតែងរួមដំណើរជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ប៉ុន្តែ ពេលនេះ ពេជ្ជតា មិនដូចមុនទេ។
មានសេចក្តីរាយការណ៍ពីអ្នកសិល្បៈរួមអាជីពថា ទាំងក្នុងនិងក្រៅឆាកសិល្បៈ អ្នកចម្រៀងវ័យ៤០ឆ្នាំ ពេជ្ជតា ដើរម្នាក់ឯង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបទចម្រៀងដែលអ្នកនាង និពន្ធថ្មីដោយខ្លួនឯង គឺបទ “ខ្ញុំចាំអ្នក” ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ពេជ្ជតា បានធ្វើឱ្យអ្នកខ្លះភ្ញាក់ផ្អើល ព្រោះតែដៃគូឆ្លើយឆ្លងក្នុងបទចម្រៀងនេះ ជាអ្នកចម្រៀងផ្សេង មិនមែនលោកមករា។
មានអ្នកសិល្បៈខ្លះលើកឡើងថា ការប្រែប្រួលចុងក្រោយនេះ បញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមដែលលេចធ្លាយកន្លងមក បានដល់ទីអវសាន ហើយវាកើតឡើងក្រោយពីពេជ្ជតា បានស្នើសុំឱ្យបញ្ចប់ព័ត៌មានជាមួយលោករ័ត្ន មករា ដែលអ្នកនាងថា គ្មានការពិត។

14232455_1608547209443663_7569586505370799932_n
ចាប់តាំងពីពេលនោះមក គេសង្កេតឃើញអ្នកនាងពេជ្ជតា បានងាកមកចំណាយពេលកាន់តែច្រើន ទៅលើការតែងនិពន្ធបទចម្រៀងថ្មី ជាជំនាញដែលអ្នកនាងមានយូរមកហើយ។
ពេជ្ជតា បានរៀបរាប់លើបណ្តាញសង្គមរបស់អ្នកនាងថា “ការបង្កើតបទថ្មីរបស់នាងខ្ញុំ វាមិនមែនជាការប្រកួតប្រជែងមិនឱ្យចាញ់ក្មេងៗឡើយ ព្រោះគឺពេជ្ជតា ទៅវិញទេ ដែលជាអ្នកសម្រេចចិត្ត មិនទទួលច្រៀងបទចម្លងអស់រយៈជិត១០ឆ្នាំមកហើយនេះ។ ជាពិសេស ពេជ្ជតា ក៏មានបទចម្រៀង រឿងិនិលា ច្រើនរាប់មិនអស់រួចមកហើយដែរ ដោយមិនចាំបាច់ភ័យព្រួយ ឬចង់ចាញ់ឈ្នះឡើយ!”។

14224735_1608547109443673_935905144461154687_n
អ្នកនាងពេជ្ជតា បន្តថា “ប៉ុន្តែការធ្វើបទថ្មីនេះ ក៏ព្រោះចង់ឱ្យខ្មែរមានអ្វីជារបស់ខ្មែរ ខ្មែរស្តាប់បទខ្មែរ ខ្មែរជួយទិញរបស់ខ្មែរ និងចង់ឱ្យសិល្បៈខ្មែរមានកិត្យានុភាព និងឧត្តមភាពដូចសម័យមុនៗ”។
ទោះយ៉ាងណា មានមនុស្សជាច្រើនដែលចាត់ទុក ពេជ្ជតា ជាធនធានដ៏សំខាន់របស់វិស័យចម្រៀងខ្មែរ មានបទរាប់ពាន់ ទាំងបុរាណនិងសម័យនោះ មានការងឿងឆ្ងល់ថា ហេតុអ្វីអ្នកនាងមិនសូវលេចមុខក្នុងផលិតកម្មល្បីៗ?
ឆ្លើយតបទៅនឹងការលើកឡើងនេះ ពេជ្ជតា ចាត់ទុកថា នេះជាសម័យ “ឃ្លោកលិច អំបែងអណ្តែត”។ អ្នកនាងពន្យល់ថា “និយាយចំពោះតែវិស័យសិល្បៈ អ្នកចេះដឹង គេទុកជាឆ្អឹងទទឹងក គេយកអ្នកអន់មកធ្វើការ ដើម្បីងាយបញ្ជា ព្រោះអ្នកដែលបញ្ជាគេ ជាមនុស្សចេះមិនច្រើន ដូច្នេះខុសឬត្រូវគ្មានអ្នកតវ៉ា”។

13938375_1600014846963566_1433919077072362761_n
មានការកត់សម្គាល់ថា បានច្រៀងឱ្យផលិតកម្មល្បីឬអត់ ហាក់ដូចជាមិនមែនជាអ្វីដែលពេជ្ជតា ចាប់អារម្មណ៍នោះទេ ព្រោះគេឃើញយ៉ាងជាក់ស្តែងថា បើទោះមិនសូវមានវត្តមានលើថាសចម្រៀងរបស់ក្រុមហ៊ុនក្នុងស្រុកល្បីៗ ក៏ពេជ្ជតា នៅតែអាចរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញស្ទើរមិនប្រួលប្រែបាន រហូតដល់ទៅជាងពីរទសវត្សរ៍ឯណោះ ពោលគឺចាប់តាំងពីអ្នកនាងផ្តើមល្បីឈ្មោះកាល មានអាយុត្រឹម១៧ឆ្នាំប៉ុណ្ណោះ។
អ្នកនាងពេជ្ជតា ថា ការនិពន្ធបទចម្រៀងដោយខ្លួនឯង ក៏ជាឱកាសសម្រាប់អ្នកដែលមានចំណេះដឹងពិតប្រាកដបានបង្ហាញស្នាដៃផងដែរ។

14225435_1610605819237802_1554415599789838298_n
ក្រៅពីការងារចម្រៀង ពេជ្ជតា កាន់តែលេចមុខក្នុងកិច្ចការសង្គម រួមទាំងការច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់ និងការចូលរួមជាមួយសង្គមស៊ីវិល ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះ ដូចជា ចាស់ជរា និងជនពិការជាដើម។
បន្ថែមពីលើនេះ ពេជ្ជតា ក៏បានយកចិត្តទុកដាក់លើកូនប្រុសស្រីទាំងពីររបស់អ្នកនាងខ្លាំងណាស់ដែរ។ អ្នកនាងឧស្សាហ៍នាំពួកគេដើរកម្សាន្តទាំងក្នុងទីក្រុង និងជនបទ និងឱ្យពួកគេបានឃើញទិដ្ឋភាពអ្នកមានជីវភាពខ្សត់ខ្សោយ ដើម្បីត្រួសត្រាយផ្លូវ ឱ្យពួកគេចេះចែករំលែកក្តីស្រលាញ់ និងប្រឹងតស៊ូក្នុងឆាកជីវិត។
សម្រាប់ពេជ្ជតា កិច្ចការទាំងនេះ ហាក់ដូចជាមានតម្លៃជាងការចំណាយពេលគិតគូរពីស្នេហា ដែលស្រពេចស្រពិល។
អ្នកសិល្បៈខ្លះលើកឡើងថា នេះទំនងមកពីអ្នកនាងពេជ្ជតា ធ្លាប់បានជួបការបែកបាក់ជីវិតគូស្រករ និងបានឆ្លងកាត់ព្យុះព័ត៌មានស្នេហាម្តងជាពីរដង៕

RELATED ARTICLES