Monday, December 23, 2024
Homeបរិយាយអ្នក​នយោ​បាយ​ពុទ្ធ​និយម

អ្នក​នយោ​បាយ​ពុទ្ធ​និយម

បើមានការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងនេះរហូតទៅ ប្រជាពលរដ្ឋកម្ពុជា ដែលគោរពបូជា ព្រះពុទ្ធសាសនា ជាង៩០%នោះ នឹងបោះឆ្នោតជូន “អ្នកនយោបាយពុទ្ធនិយម” មិនខានឡើយ។ រីឯអ្នកដឹកនាំប្រទេស អ្នក- ដឹកនាំបក្ស លុះត្រាតែព្យាយាមបង្ហាញ “លក្ខណៈពុទ្ធនិយម” ឱ្យប្រជារាស្ត្រមើលឃើញច្បាស់ ទើបសង្ឃឹមជាប់ឆ្នោត។ ដូច្នេះ រដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅសល់តែប៉ុន្មានថ្ងៃទៀតនេះ គួរតែអ្នកនយោបាយគ្រប់គណបក្ស បញ្ចោញវោហារសាស្ត្រពាក់ព័ន្ធដល់ រឿងបុណ្យ បាប នរក សួគ៌ និព្វាន វិញ ប្រសើរជាងទាស់ទែងខ្វែងសម្តីគ្នា ដែល “នគរធំ” សូមលើករឿងពុទ្ធនិយម មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

“ពុទ្ធនិយម” មានន័យថា ការនិយមចូលចិត្តការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ឱ្យស្គាល់អំពើល្អ អំពើអាក្រក់ កុសល អកុសល ចៀសវាងអំពើហិង្សា ដែលអាង “កំហឹងទល់កំហល់”។ សម្រាប់អ្នកនយោបាយខ្មែរ ស្ទើរតែទាំងអស់ សុទ្ធតែ មានបុគ្គលិកលក្ខណៈពុទ្ធនិយម វៀរលែងតែប៉ុល ពត និងមេដឹកនាំខ្មែរក្រហមមួយចង្កោមប៉ុណ្ណោះ ដែលខ្វះលក្ខណៈពុទ្ធនិយម ដោយដឹកនាំសង្គមកម្ពុជា លុបបំបាត់សាសនាចោលទាំងអស់។ សព្វថ្ងៃ យើងកត់សម្គាល់បានថា អ្នកនយោបាយខ្មែរគ្រប់ និន្នាការសុទ្ធតែកាន់ព្រះពុទ្ធសាសនាទាំងអស់ ដូចជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្តេចប្រធានរដ្ឋសភា ហេង សំរិន សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ លោកសម រង្ស៊ី លោកកឹម សុខា ជាដើម។ សម្តេច និងអស់លោកទាំងនោះ ខ្លះធ្លាប់ចូល សាងផ្នួស ខ្លះធ្លាប់នៅវត្ត (ក្មេងវត្ត) ស្គាល់របៀបរបបព្រះពុទ្ធសាសនា ជាពិសេសកម្មវិធីបុណ្យទានតាមគន្លងពុទ្ធនិយមឥត ល្អៀង។

ដូច្នេះ បើអ្នកនយោបាយយើងសុទ្ធតែមានលក្ខណៈពុទ្ធនិយម យ៉ាងនេះ ហេតុអ្វីមិនឮបាឋកថា ឬសុន្ទរកថាអ្វីពន្យល់ ប្រជាពលរដ្ឋឱ្យជ្រួតជ្រាបកាន់តែទូលំទូលាយពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាពិសេសបុណ្យភ្ជុំបិណ្ឌផង? កាលពីពេលថ្មីៗ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា “សភាពការណ៍នយោបាយនៅកម្ពុជា កំពុងមានភាពស្ងប់ស្ងាត់បែបនេះ មានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវភ្ជុំនេះ “នរណាបាញ់នរណាមុន?”។ ថ្មីៗកន្លងទៅនេះដែរ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ក៏បានរៀបចំធ្វើបុណ្យកាន់បិណ្ឌនៅប្រទេសបារាំង ដោយបួងសួង សុំសន្តិភាពផង ខណៈដែលលោកកឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សថា នឹង “ប្រើកម្លាំងពលរដ្ឋ បើសិនជាមានការ រំលោភរដ្ឋធម្មនុញ្ញ”។ លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានថ្លែងតាមវីដេអូ ក្សយផេ ក្នុងឱកាស ជួបជុំក្រុមយុវជនគណបក្សប្រឆាំង មកពីខេត្តតាកែវ និងកំពង់ស្ពឺ ថា “ទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែលមានតំណែង កាន់តំណែង នោះមួយជីវិត…” លោកបានទាំងបន្តុះបង្អាប់ថា “សញ្ញាបត្រក្លែងក្លាយដូចមេដឹកនាំយើងមួយចំនួន… យកមកអួតបន្លំ…” ខណៈដែលលោកកឹម សុខា និយាយបែបសុភាពថា “…សូមចៀសវាងការប្រើអំពើហិង្សា ឬពាក្យអសុរោះ វាយប្រហារគ្នា នាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិ…”។

ដូច្នេះយើងឃើញថា ករណី “អ្នកនយោបាយពុទ្ធនិយម” និយាយខុសគ្នា បត់បែនមិនទៀងទាត់បែបនេះ គេអាចយល់ បានថា ប្រធាននិងអនុប្រធានបក្សប្រឆាំង ចែកផ្លូវគ្នានិយាយ ពោលគឺបើប្រធានបួងសួងបន់ស្រន់ដាក់បាត្រ អនុប្រធាន បាន ព្រមានប្រើកម្លាំងពលរដ្ឋធ្វើបាតុកម្ម ប៉ុន្តែ ពេលប្រធានបាញ់ផ្លោងពាក្យសម្តីដាក់បក្សកាន់អំណាច អនុប្រធាន បែរជានិយាយ រឿងបុណ្យទានទៅវិញ។ សម្រាប់អ្នកវិភាគខ្លះថា មេបក្សប្រឆាំងទាំង២រូបនេះ “ទះកំផ្លៀងគ្នា” ប៉ុន្តែ បើពិចារណាឱ្យដិត- ដល់ទៅ មិនខុសពីរឿង “ពស់ក្បាល១ កន្ទុយ២” នោះទេ ពោលគឺ ពស់នោះអាចលូនចូលតាមប្រហោងរួច ឱ្យតែក្បាលចូលរួច ក៏សម្របកន្ទុយទាំង២ចូលរួចដែរ។ ផ្ទុយទៅវិញ “ពស់ក្បាល២ កន្ទុយ១” ចូលប្រហោងមិនរួចទេ ព្រោះទើសទាក់នឹងក្បាល២។ យ៉ាងណាមិញ ការច្របាច់បក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្ស ឱ្យចូលគ្នាតែមួយ គឺបក្សសង្គ្រោះជាតិ ដោយមានប្រធាន-អនុ- ប្រធាន មានសិទ្ធិដឹកនាំប្រហាក់ប្រហែលគ្នានោះ មិនខុសពី “ពស់ក្បាល១ កន្ទុយ២” នោះឡើយ។

ទោះយ៉ាងនេះក៏ដោយចុះ “អ្នកនយោបាយពុទ្ធនិយម” គួរតែផ្អាកការវាយប្រហារបាញ់ផ្លោងដាក់គ្នា ក្នុងឱកាសបុណ្យ ប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យមាឃបូជា និងបុណ្យវិសាខបូជា។ គួរកុំភ្លេចថា ព្រះ- មហាក្សត្រពីបុរាណ ដែលកាន់អំណាចទាំង៣ ណែនព្រះហស្តនោះ បើចំថ្ងៃបុណ្យជាតិ ព្រះអង្គមិនមានព្រះបន្ទូលអ្វីពាក់ព័ន្ធ ដល់នយោបាយនោះទេ ជួនកាលព្រះអង្គយាងទៅសាងព្រះផ្នួស១សប្តាហ៍ និងកាន់ឧបោសថសីល មិនដែលដាច់ ដូចព្រះ- បាទជ័យជេដ្ឋាទី៣អង្គស្ងួន ឬព្រះជ័យចេស្តា ធ្លាប់សាងព្រះផ្នួសដល់ទៅ៣ដងឯណោះ។ អ្នកនយោបាយគួរតែលើករឿង “ពុទ្ធប្បវត្តិ” ឬរឿង “និទានជាតក” មកពន្យល់ពុទ្ធបរិស័ទ ល្អជាងយករឿងនយោបាយ មកនិយាយក្នុងឱកាសបុណ្យសាសនា។ ទោះជាអ្នកនយោបាយខ្លះមិនធ្លាប់បួសរៀន ក៏មិនល្ងង់អីដល់ទៅមិនដឹងរឿង “អង្គុលីមាល៍” រឿង “ទេវទត្ត” ឬរឿង “ព្រះ វេស្សន្តរ” នោះដែរ ព្រោះរឿងទាំងនេះ មានចែងក្នុងកម្មវិធីសិក្សា និងបានយកទៅថតជាខ្សែភាពយន្ត។ បើអ្នកនយោបាយ យករឿង “ព្រះវេស្សន្តរ” ទៅពន្យល់រាស្ត្រ ធ្វើឱ្យរាស្ត្រវាយតម្លៃបានថា អ្នកនយោបាយនោះជាប្រភេទបុគ្គល “សទ្ធាចរិត”។ បើយករឿង “អង្គុលីមាល៍” ឬរឿង “ទេវទត្ត” ទៅពន្យល់រាស្ត្រ ធ្វើឱ្យអ្នកស្តាប់វាយតម្លៃអ្នកនយោបាយនោះថា ជាបុគ្គល “ពុទ្ធិចរិត” ឬ “វិតក្កចរិត” បើបោះឆ្នោតឱ្យ ពិតជាមិនខុសបំណងឡើយ។

ការប្រកាសមិនបាញ់ផ្លោងពាក្យសម្តីដាក់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាឯកតោភាគី ទំនងជាគ្មានប្រសិទ្ធភាពទេ បើសិន- ជាភាគីម្ខាងមិនបានចូលរួម។ ភ្លើងសង្គ្រាមនៅប្រទេសស៊ីរី ទោះបីជាមានការចរចាទ្វេភាគី រវាងមហាអំណាចពីរ គឺសហរដ្ឋ- អាមេរិក និងរុស្ស៊ី ដាក់កាលបរិច្ឆេទឈប់បាញ់គ្នាយ៉ាងណា ក៏នៅតែបាញ់មិនឈប់ និងបាញ់គ្នាកាន់តែខ្លាំងលើសដើម។ ចំណែកស្ថានការណ៍នៅហ៊្វីលីពីន ក៏មានការចរចារវាងរដ្ឋាភិបាល និងពួកឧទ្ទាម ស្រុះស្រួលឈប់បាញ់គ្នាដែរ ប៉ុន្តែ ទឹកប៊ិក នៃការចុះហត្ថលេខាមិនទាន់ស្ងួតផង ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងពួកឧទ្ទាម កាន់តែកក្រើកជាងមុនទៅទៀត។ ការមិនគោរពបទឈប់បាញ់នោះ អាចមកពីគូភាគីជម្លោះកាន់សាសនាអ៊ិស្លាម និងសាសនាគ្រិស្ត មានលក្ខណៈសងសឹកគ្នា តាមកំហឹងទល់កំហល់ ផ្ទុយពីសាសនាព្រះពុទ្ធ ដែលប្រកាន់ទ្រឹស្តី “ពៀររម្ងាប់ដោយការមិនចងពៀរ” ឬ “នត្ថិ សន្តិ បរំ សុខំ” (សេចក្តីសុខអ្វីស្មើនឹងសេចក្តីស្ងប់មិនមាន)។

ហេតុនេះគួរតែអ្នកនយោបាយខ្មែរគ្រប់និន្នាការ បញ្ចោញលក្ខណៈពុទ្ធនិយម ឱ្យប្រជារាស្ត្របានឃើញច្បាស់ ដើម្បីសន្លឹក- ឆ្នោត ព្រោះថា ប្រជារាស្ត្រចូលចិត្តភាពស្ងប់ស្ងាត់ក្នុងឱកាសបុណ្យសាសនា មិនមែនចង់ស្តាប់ការឈ្លោះគ្នានោះទេ។ នៅ សល់តែប៉ុន្មានថ្ងៃទៀត នឹងចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ហើយរាស្ត្រចង់ស្តាប់អ្នកនយោបាយនិយាយតែពីរឿងធម៌អាថ៌ ពុទ្ធភាសិត ពុទ្ធប្បវត្តិ ឋាននរក ឋានសួគ៌ ដើម្បីទុកជាស្ពានឈានទៅសុគតិភព តែបើឮការនិយាយវាយប្រហារកាច់កុងគ្នា នោះ ច្បាស់ជារាស្ត្រយកដៃចុកត្រចៀកមិនខានឡើយ។

សរុបទៅ “អ្នកនយោបាយពុទ្ធនិយម” គឺជាកម្មវត្ថុនៃការផ្តល់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។ ក្នុង១ឆ្នាំ មាន៣៦៥ថ្ងៃ និង២៤ម៉ោង ដោយមានបុណ្យប្រពៃណីសាសនាធំៗ សរុបតែជាង២០ថ្ងៃប៉ុណ្ណោះ គឺបុណ្យភ្ជុំបិណ្ឌ១៥ថ្ងៃ, បុណ្យចូលឆ្នាំ ៣ថ្ងៃ, បុណ្យអុំទូក ៣ថ្ងៃ, មាឃបូជា ១ថ្ងៃ, វិសាខបូជា ១ថ្ងៃ, ចូលវស្សា ១ថ្ងៃ, ចេញវស្សា ១ថ្ងៃ បើអ្នកនយោបាយកាន់ត្រណម តឹងរ៉ឹង ធ្វើចិត្តឱ្យត្រជាក់ក្នុងពេលនេះបាន តាមលំអានមាគ៌ាពុទ្ធនិយមនោះ ប្រជារាស្ត្រនឹងបោះឆ្នោតឱ្យមិនខានឡើយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES