ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានផ្តល់គំនិតជំរុញលើក ទឹកចិត្តឱ្យក្រុមគ្រួសារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្តឹង ទៅតុលាការប្រទេសអង់គ្លេស ប្រឆាំងនឹងអង្គ– ការឃ្លាំមើលពិភពលោក Global Witness ដើម្បីរកយុត្តិធម៌ឱ្យគ្រួសារត្រកូលហ៊ុន បន្ទាប់ ពីអង្គការអន្តរជាតិមួយនេះ បានចេញផ្សាយ របាយការណ៍ស្តីពីអាណាចក្រជំនួញត្រកូលហ៊ុន ហើយបានទទួលប្រតិកម្មធ្ងន់ៗពីបុត្រាបុត្រីរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា– ណាចក្រកម្ពុជា។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ថា “នៅប្រទេសអង់គ្លេស តុលាការ គេឯករាជ្យត្រឹមត្រូវ មិននៅក្រោមសម្ពាធអំណាច របស់អ្នកនយោបាយ ដូចតុលាការក្នុងប្រទេស ខ្មែរ ដែលជាអាយ៉ងនយោបាយរបស់គណបក្ស ប្រជាជននោះទេ!
ដូច្នោះបើគ្រួសារលោកហ៊ុន សែន ពិត– ជាស្អាតស្អំ និងហ៊ានប្រតិកម្មបដិសេធរបាយ– ការណ៍របស់ Global Witness នោះ ខ្ញុំលើក ទឹកចិត្តឱ្យគ្រួសារលោកហ៊ុន សែន ហ៊ានប្តឹង ទៅតុលាការប្រទេសអង់គ្លេស ប្រឆាំង Global Witness ដើម្បីរកយុត្តិធម៌ឱ្យគ្រួសារត្រកូល ហ៊ុន របស់ខ្លួន។ ពីព្រោះថា តុលាការប្រទេស អង់គ្លេស ជាតុលាការឯករាជ្យ យុត្តិធម៌ និង ត្រឹមត្រូវ ដែលខុសគឺខុស ត្រូវគឺត្រូវ។ កុំឱ្យបាន ត្រឹមតែចេញមកប្រតិកម្មថា Global Witness ស្អប់ខ្លួន ហើយថាគេចង់បំផ្លាញគ្រួសារខ្លួននោះ។
តើត្រកូលហ៊ុន របស់លោកហ៊ុន សែន ហ៊ានក្រោកឈររកយុត្តិធម៌សម្រាប់ខ្លួនឯង និងការពារកិត្តិយសអ្នកជំនាន់ក្រោយរបស់ខ្លួន ទេ?”។
បន្ថែមលើការលើកឡើងនេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា ដើម្បីបង្ហាញពីភាព ស្អាតស្អំ មិនថាតែក្រុមគ្រួសារសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ទេ សម្រាប់អ្នកនយោបាយ ផ្សេងៗទៀត ក៏ត្រូវហ៊ានប្តឹង ឬទម្លាក់កាំភ្លើង ចុះ ហើយចាប់យកច្បាប់ជាអាវុធ ដោះស្រាយ គ្នាតាមប្រព័ន្ធតុលាការដែលឯករាជ្យយុត្តិធម៌ ត្រឹមត្រូវ។
លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ចំពោះខ្ញុំៗមើលឃើញថា លោកហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ គឺពូកែតែក្នុងសង្វៀន ដែលខ្លួនឯងធ្វើជាអ្នកប្រកួតផង និងធ្វើជា អាប៊ីតផង។ មានន័យថា ដូចនៅក្នុងប្រទេស ខ្មែរអ៊ីចឹង គាត់ហ៊ានប្តឹងគេទាំងអស់ ដោយ– សារតុលាការ គាត់បញ្ជាអ្នកណាក៏បានដែរ ហើយខ្ញុំសុំបើកវង់ក្រចក ពន្យល់បន្តិច ដូចជា តុលាការ ខ្ញុំប្តឹងលោកហោ ណាំហុង អត់ហ៊ាន យកមកកាត់ក្តីទេ។ ប៉ុន្តែឥឡូវនេះ គឺថារបាយ– ការណ៍គ្លូបល វីតណេស ដែលបានចេញជាចំហ ហើយសូមជម្រាបថា គ្លូបល វីតណេស មិន មែនទើបចេញរបាយការណ៍លើកទី១ទេ គឺ ចេញមកច្រើនហើយ គឺដូចជា Family Tree គេហៅថា គ្រួសារអ្នកកាប់ព្រៃឈើ Cambodia for sale គឺជាប្រទេសសម្រាប់លក់ ហើយ ឥឡូវនេះ គឺជារបាយការណ៍មួយទៀត ពាក់ព័ន្ធ ទៅនឹងដែលគេហៅគ្រួសារត្រកូលហ៊ុន ដែល ក្តោបក្តាប់អំណាចសេដ្ឋកិច្ចក្នុងប្រទេសខ្មែរ។ ប៉ុន្តែរាល់ការចេញរបាយការណ៍របស់អង្គការ អន្តរជាតិមួយនេះ គឺក្រុមគ្រួសារ ឬក៏មន្ត្រី– រាជរដ្ឋាភិបាល របស់លោកហ៊ុន សែន តែងតែ បដិសេធ ហើយមានប្រតិកម្មប្រឆាំង ព្រមទាំង ការពារថា មេដឹកនាំរបស់ខ្លួនហ្នឹងល្អ។ អ៊ីចឹង ខ្ញុំ យល់ថា បើសិនជាខ្លួនឯងល្អស្អាតស្អំ ហើយ ពិតជាមិនបានប្រព្រឹត្តដូចអ្វីគេសរសេរមែន ខ្លាចអី ប្តឹងទៅ! ហើយនៅប្រទេសអង់គ្លេស តុលាការនៅប្រទេសអង់គ្លេស មិនដូចតុលាការ នៅភ្នំពេញ ទេ។ នៅប្រទេសអង់គ្លេស ប្រទេស អឺរ៉ុប ប្រទេសសហរដ្ឋអាមេរិក ដែលខ្ញុំធ្លាប់ រស់នៅ គឺតុលាការឯករាជ្យ អធិបតេយ្យត្រឹម– ត្រូវ ដាច់ដោយឡែកអំពីអំណាចរដ្ឋដែលគ្រប់– គ្រង។ ដូច្នេះបើសិនជាក្រុមគ្រួសារលោក ហ៊ុន សែន ទាំងអស់គ្នា ទាំងកូនចៅ សុទ្ធតែប្រតិកម្ម អ៊ីចឹង ខ្ញុំថា កុំប្រតិកម្មចោល ខ្ញុំលើកទឹកចិត្ត ជំរុញឱ្យហ៊ានប្តឹងអង្គការ Global Witness ទៅ ហើយរកយុត្តិធម៌ សម្រាប់ខ្លួនឯងទៅថា ខ្លួន ឯងពិតជាត្រឹមត្រូវ ពិតជាស្អាតស្អំ និងមិនបាន ប្រព្រឹត្តរឿងដូចគេចោទប្រកាន់ ដូចគេចេញ របាយការណ៍ទេ។ ប៉ុន្តែបើសិនមិនហ៊ានប្តឹង គឺ មានន័យថា គាត់ហើយក្រុមគ្រួសារគាត់ ក៏ ដូចជាមន្ត្រីរបស់គាត់ហ្នឹង គឺថា ពូកែបានតែក្នុង សង្វៀនដែលខ្លួនឯងធ្វើជាអាប៊ីតផង ធ្វើជា អ្នកប្រកួតផងប៉ុណ្ណឹង។ អាហ្នឹងមិនមែនជា កីឡាករទេ មិនមែនជាអ្នកដែលក្លាហានរក យុត្តិធម៌ចំពោះខ្លួនឯង ហើយមិនមែនជាអ្នក ដែលស្អាតស្អំទេ បើសិនជាអត់ហ៊ានប្តឹងគេ”។
លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ត ថា “ចំពោះខ្ញុំៗសំណូមពរត្រង់ថា គ្រប់អ្នក– នយោបាយ គ្រប់បក្សទាំងអស់ បើសិនជាខ្លួន ឯងមានប្រតិកម្មទៅនឹងអ្វីមួយ ហើយខ្លួនឯង យល់ថា អាហ្នឹងខ្លួនឯងមិនបានប្រព្រឹត្ត ហើយ ខ្លួនឯងពិតជាស្អាតស្អំ មិនដូចគេចោទប្រកាន់ គឺត្រូវហ៊ានប្តឹង ដើម្បីឱ្យមានកំណត់ហេតុ ឱ្យ មានរបាយការណ៍ថា ខ្លួនឯងបានប្តឹង ទោះបី តុលាការហ្នឹង ជាតុលាការមួយវាមិនឯករាជ្យ ក៏ដោយ។ ដូច្នេះចំពោះករណីនេះ ក្រុមគ្រួសារ លោកហ៊ុន សែន កូនរបស់គាត់ទាំងអស់ គឺ ឃើញប្រតិកម្មទាំងអស់ ប៉ុន្មានថ្ងៃនេះ។ ដូច្នេះ ខ្ញុំថា ឱ្យគាត់ប្តឹងទៅៗតុលាការប្រទេសអង់គ្លេស ប្តឹងប្រឆាំងនឹង Global Witness ដែលចេញ របាយការណ៍ហ្នឹងទៅ ដើម្បីបញ្ជាក់ថា ពួកគាត់ ស្អាតស្អំ ហើយអ្នកនយោបាយផ្សេងទៀតក៏– ដោយ គឺយើងត្រូវទម្លាក់អាវុធ ជាកាំភ្លើងហ្នឹង ចុះទៅ ប៉ុន្តែយើងចាប់យកច្បាប់ជាអាវុធ គឺ ដោះស្រាយគ្នាលើប្រព័ន្ធតុលាការ ដោះស្រាយ គ្នាលើផ្លូវច្បាប់ ប៉ុន្តែទៅរកតុលាការណាដែល យុត្តិធម៌ត្រឹមត្រូវ កុំឱ្យពូកែបានតែគេចចេញពី សង្វៀន អាហ្នឹងវាមិនមែនជាអ្នកនយោបាយ ដែលស្រឡាញ់យុត្តិធម៌ ដែលយកច្បាប់ជាគោល នៃការដឹកនាំរដ្ឋទេ”។
គួរបញ្ជាក់ថា របាយការណ៍របស់ Global Witness ដែលមានចំណងជើងថា Hostile Takeover ហើយត្រូវបានស្រាវជ្រាវអស់រយៈ ពេលជិត១ឆ្នាំ បានបង្ហាញថា សមាជិកគ្រួសារ ត្រកូលហ៊ុនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើន ដែលមានដើម ទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេ– រិក និងបានរកឃើញជំនួញធំៗមួយចំនួនរបស់ កូនៗ និងសាច់ញាតិរបស់នាយករដ្ឋមន្ត្រីផង ដែរ។
របាយការណ៍របស់ Global Witness ត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យ សិទ្ធិកាន់កាប់ក្រុមហ៊ុន ដែលរដ្ឋាភិបាល តែង តែរឹតបន្តឹងមិនឱ្យគេយកបាន។ បើតាមរបាយ– ការណ៍ នោះក្រុមគ្រួសាររបស់សម្តេចហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាង តិចចំនួន១១ ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែ និងក្រុម– ហ៊ុន ដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា…។
ទោះយ៉ាងណាពាក់ព័ន្ធនឹងរបាយការណ៍ នោះ បុត្រទាំង៣ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមានលោកហ៊ុន ម៉ាណែត លោកស្រីហ៊ុន ម៉ាណា និងលោកហ៊ុន ម៉ានិត បានប្រតិកម្មថា របាយការណ៍នោះ ជាការវាយ ប្រហារមកលើគ្រួសារត្រកូលហ៊ុន។ ពោលគឺ ប៉ុន្មានអាណត្តិហើយ ឱ្យតែពេលជិតបោះឆ្នោត ជាពេលវេលាដែលអង្គការ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បី ចោទប្រកាន់ និងវាយប្រហារមកលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចនា– យករដ្ឋមន្ត្រីហ៊ុន សែន ជាឪពុក តែម្តង”។
ដោយ ៖ កុលបុត្រ