មិនយូរប៉ុន្មានទៀតទេ គម្រោងសាងសង់ព្រលានយន្តហោះធំមួយនឹងត្រូវលេងឡើងនៅលើទឹកដីខេត្តកោះកុង បន្ទាប់ពីមានការសិក្សានាពេលចុងក្រោយថានៅខេត្តកោះកុងបើមានទីលានយន្តហោះចុះចត គឺនឹងធ្វើអោយមានកំណើនទេសចរណ៍មិនចាញ់បណ្ដាខេត្តផ្សេងៗ។ យ៉ាងណាក៏ដោយនៅមិនទាន់មានការទម្លាយថាសំណង់ដ៏ធំមួយនេះនឹងត្រូវរំលេចឡើងនៅពេលណាអោយប្រាកដដោយក្រុមហ៊ុនធំមួយ ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះផ្លូវការនៅលើទឹកដីខេត្តកោះកុងនោះទេ។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Taijin Union Development Group គឺក្រុមហ៊ុនមួយនេះនឹងមានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិធំមួយក្រោមការវិនិយោគរបស់ខ្លួននៅខេត្តកោះកុងដែលអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ឯណោះក្នុងមួយឆ្នាំ។ គម្រោងនេះត្រូវបានប្រកាសឡើងតាំងពីច្រើនឆ្នាំមុនមកម្ល៉េះ ដោយគ្រាន់តែក្នុងពេលនេះក្រុមហ៊ុនធ្វើការប្រកាសជាថ្មី និងបានបញ្ជាក់ថាសំណង់ព្រលានយន្តហោះនឹងចេញឈានដល់គម្រោងស្ថាបនាហើយ។ យោងតាមការទម្លាយគម្រោងព្រលានយន្តហោះ នឹងត្រូវចាប់ផ្ដើមសាងសង់មិនយូរទៀតទេ បន្ទាប់ពីរមណីយដ្ឋាន«តំបន់វិស្សមកាលទេសចរណ៍ តារាសាគរកម្ពុជា» បើកទទួលភ្ញៀវទេសចរណ៍ ហើយមានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនចេញចូលមកលេងតំបន់មួយនេះ និងខេត្តកោះកុងទំាងមូល។ ថវិការរហូតដល់ច្រើនលានដុល្លារនឹងត្រូវកំណត់លើការសាងសង់ព្រលានយន្តហោះនៅក្នុងបរិវេណជិតរមណីយដ្ឋានតារាសាគរ ខណៈដែលផ្ទៃដីដែលក្រុមហ៊ុន Union Group ទទួលបានសិទ្ធិវិនិយោគគឺមានរហូតដល់៤៥០០០ហិកតារ គ្របដណ្ដប់លើស្រុកបុទុមសាគរ និងស្រុកគីរីសាគរក្នុងខេត្តកោះកុង។ តំណាងក្រុមហ៊ុនអះអាងថា បន្ទាប់ពីរមណីយដ្ឋានតារាសាគរទទួលបានភាពទាក់ទាញ ព្រលានយន្តហោះដែលស្ថិតនៅក្នុងគម្រោងរបស់ក្រុមហ៊ុន ត្រូវតែពន្លឿនការសាងសង់ដើម្បីអោយក្នុងពេលខាងមុខ គឺអាចទាក់ទាញអ្នកដំណើរអោយឡើងចុះមកលេងខេត្តកោះកុង មកកម្សាន្តនៅតំបន់កែច្នៃរបស់ក្រុមហ៊ុន និងនៅព្រំដែនកោះកុងប្រទេសថៃទំាងមូលកើនឡើង។ ព្រលានយន្តហោះថ្មីនេះ នឹងមានទំហ៊ំធំទូលាយ ហើយអមដោយសណ្ឋាគារលំដាប់ផ្កាយ៥ ផ្ទះសំណាក់ ផ្សារទំនើប ទីលានវាយកូនហ្គោល និងទីលំហែកាយលំដាប់ថ្នាក់ពិភពលោក ដើម្បីកែប្រែទឹកដីខេត្តកោះកុងជាពិសេសគឺផ្ទៃដីសម្បទានរបស់ក្រុមហ៊ុន Union Group អោយក្លាយជាឋានសួគ៌ និងក្លាយជាប៉ូលទេសចរណ៍កម្រិតអន្តរជាតិ។ តំណាងក្រុមហ៊ុនបានបញ្ជាក់អោយដឹងថាព្រលានយន្តដែលគ្រោងសាងសង់ នឹងអាចទទួលប្រភេទយន្តហោះ Boing 380 ដែលជាយន្តហោះយក្សរបស់ពិភពលោក និងអាចចុះចតយន្តហោះបានចំនួនច្រើនគ្រឿងក្នុងពេលតែមួយ។ ក្រុមហ៊ុនក៏នឹងប្រតិបត្តិការណ៍ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនហោះហើរផ្សេងៗនៅលើពិភពលោកអោយចាប់អារម្មណ៍ចុះចតយន្តហោះនៅលើទឹកដីខេត្តកោះកុង ដើម្បីអោយតំបន់ទាំងមូលមានចរន្តវិនិយោគកើនឡើងដូចគ្នានឹងនៅខេត្តព្រះសីហនុជាដើម។ មានការប៉ាន់ស្មានថាអ្នកទេចរណ៍រហូតដល់១០លាននាក់ នឹងធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះខេត្តកោះកុង បន្ទាប់ពីគម្រោងទាំងស្រុងត្រូវបានរួចរាល់។ ក្នុងនោះតំបន់ភ្នំជាប់មាត់សមុទ្រមួយនេះ ក៏ច្បាស់ជាកែប្រែមុខមាត់ថ្មីជាមួយវត្តមានព្រលានយន្តហោះដែលទម្លាប់មានមួយនេះផងដែរ។ យ៉ាងណាក៏ដោយមន្ត្រីរបស់ក្រុមហ៊ុនហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការពន្លឿនគម្រោងនៅពេលសំឡេងឃើញពីផលប៉ះពាល់ក្រោយការប៉ះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដែលអ្នកណាក៏មើលឃើញថានឹងមានវិបត្តិនយោបាយមួយប្រាវមិនខុសពីការបោះឆ្នោតរួចរាល់ម្ដង។ មានការបញ្ជាក់ថាក្រុមហ៊ុនទទួលបានដៃគូពីបណ្ដាប្រទសធំមួយចំនួនក្នុងការសាងសង់ព្រលានយន្តហោះ ប៉ុន្តែដោយសារតែហេតុផលស្ថានភាពនយោបាយទើបធ្វើអោយក្រុមហ៊ុនជាដៃស្ទាក់ស្ទើរ។ យ៉ាងណាមិញ តម្រុយដែលបានដាក់ចេញពីសំណាក់ក្រុមហ៊ុនគឺគម្រោងសាងសង់ព្រលានយន្តហោះនឹងដល់ការលេចឡើង ដើម្បីអោយតំបន់តារាសារគរមានភាពទាក់ទាញទ្វេរដង។
លោកស៊ីវ ឃាង តំណាងក្រុមហ៊ុនUnion Group ដែលជាម្ចាស់គម្រោងសាងសង់តំបន់លំហែកាយដ៏ធំមួយនេះបានទទួលស្គាល់ថាគម្រោងសាងសង់ព្រលានយន្តហោះ គឺជាគម្រោងមេមួយរបស់ក្រុមហ៊ុន បន្ទាប់ពីទីលម្ហែកាយតារាសារគរបើកទទួលភ្ញៀវហើយមានភាពទាក់ទាញ។ លោកមានប្រសាសន៍ថា «ដោយសារភាគរយក្នុងការសាងសង់លើគម្រោងស្ថាបនាទីលម្ហែកាយយើងចាប់ផ្ដើមលេចចេញផ្លែផ្កា ចឹងគម្រោងសាងសង់ព្រលានយន្តហោះគួរតែចាប់ផ្ដើមហើយ ដោយសារតែគម្រោងធំៗរបស់ក្រុមហ៊ុនយើងគឺត្រូវតែមានព្រលានយន្តហោះនេះហើយ!»។ លោកថាតារាសាគរកម្ពុជា នឹងក្លាយជាតំបន់កម្សាន្តដែលមានភាពទាក់ទាញគ្មានពីរបើព្រលានយន្តអន្តរជាតិថ្មីមួយត្រូវបានលេចឡេងផ្លូវការ។ ម្យ៉ាងក្នុងរយៈពេលនេះ ទឹកដីកោះកុងកាន់តែមានកំណើនវិនិយោគល្អប្រសើរនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងនោះផង ទើបការសាងសង់ព្រលានយន្តហោះនៅលើទឹកដីបុទមសាគរ និងស្រុកគីរីសាគរ គឺជារឿងដែលមិនអាចខ្វះបាន។ លោកថាគម្រោងទាំងមូលគម្រោងអភិវឌ្ឍន៍នៅរមណីដ្ឋានតារាសាគរកម្ពុជាមានភាពអំណោយផលដោយសារតែទីតាំងដែលបានទទួលសិទ្ធិវិនិយោគស្ថិតនៅចន្លោះមាត់ច្រកឆ្ពោះទៅកាន់ខេត្តកោះកុង និងក្រុងព្រះសីហនុ ហើយគ្របដណ្ដប់ដោយព្រៃកោងកាងធំលំដាប់ទី២នៅលើពិភពលោក។ ទីតាំងទំាងមូលរួមមាន ផ្ទះលំហែកាយ ទីលានវាយកូនហ្គោលដែលហ៊ុមព័ទ្ធដោយសមុទ្រ និងភ្នំ សណ្ឋាគារលំដាប់ថ្នាក់ពិភពលោក រមណីដ្ឋានលំហែកាយ ក្លិបកម្សាន្ត មណ្ឌលកម្សាន្តលើទឹក និងព្រលានយន្តហោះនេះផ្ទាល់តែម្ដង ដើម្បីកែប្រែមុខមាត់ខេត្តកោះកុងអោយក្លាយជាប៉ូលទេសចរណ៍ធំមួយនៅកម្ពុជា។ គម្រោងសាងសង់ព្រលានយន្តហោះ លោកថាមិនបង្កអោយមានការប៉ះពាល់ដល់ព្រៃកោងកាង ភ្នំ និងជម្រកសត្វសមុទ្រនៅក្នុងផ្ទៃដីសម្បទាននោះទេ ដោយសារតែគោលការណ៍របស់ក្រុមហ៊ុនដ្បិតថាបានស្ថាបនាគម្រោងធំដុំ ប៉ុន្តែក៏បានរក្សាការអភិរក្សធម្មជាតិដើម្បីទាក់ទាញអ្នកទេសចរណ៍ផងដែរ។
គួបញ្ជាក់ថាតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះ ស្ថិតនៅផ្លូវជាតិលេខ៤៨ឆ្ពោះទៅទីរួមខេត្តកោះកុង ដោយបត់ធ្វេងចុះពីផ្លូវជាតិលេខ៤៨ត្រង់ស្រុកបុទមសាគរប្រមាណជាង៦០គីឡូម៉ែត្រឆ្ពោះទៅកាន់ឆ្នេរសមុទ្រ។ គម្រោងទី១ផ្ដោតលើសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ដែលជាប្រភេទរមណីដ្ឋានក្នុងតំបន់ត្រូពិចទំនើប កន្លែងសមាធិ និងភោជនីដ្ឋាន អោយប្រណីតដូចនៅខេត្តព្រះសីហនុ។ មកដល់ពេលនេះ ផ្ទៃដីចំនួន៦៨០០ហិកតារត្រូវបានស្ថាបនា សណ្ឋាគារ វីឡាប្រណីត ទីលានវាយកូនហ្គោល១៨ឡូតិ៍ កសិដ្ឋានសួនដំណាំ និងហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ ដោយគម្រោងបន្ទាប់គឺព្រលានយន្តហោះដែលបានប្រកាសឡើងនេះហើយ៕
ប៉េងលី